ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងតម្លៃសង្គ្រាមដ៏ថ្លៃហួសប្រមាណ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦
សង្គ្រាមដ៏រ៉ាំរ៉ៃរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយចូលមកដល់ពាក់កណ្ដាលឆ្នាំ២០២៦ នេះហើយ។ ទោះបីជាមានការអះអាងពីភាពរឹងមាំ និងការវាយលុកយ៉ាងខ្លាំងក្លាពីសំណាក់ទីក្រុងមូស្គូយ៉ាងណាក្ដី ក៏ទិន្នន័យចុងក្រោយ ដែលប្រមូលបានដោយស្ថាប័នស្រាវជ្រាវ និងប្រភពយោធាអន្តរជាតិ បានបង្ហាញថា បន្ទុកនៃការខូចខាតទាំងផ្នែកជីវិតមនុស្ស គ្រឿងយុទ្ធោបករណ៍ និងសេដ្ឋកិច្ច ដែលរុស្ស៊ីកំពុងតែលីសែង កំពុងតែកើនឡើងដល់កម្រិតខ្ពស់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលត្រឹមតែ ៦ខែដំបូងនៃឆ្នាំ២០២៦ នេះ។

ការបាត់បង់កម្លាំងទ័ព និងជីវិតមនុស្សយ៉ាងគំហុក
ការខូចខាតដ៏ធំបំផុត និងមិនអាចកាត់ថ្លៃបានសម្រាប់វិមានក្រឹមឡាំង គឺកម្លាំងមនុស្ស។ របាយការណ៍វិភាគរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិហៅកាត់ថា CSIS បានគូសបញ្ជាក់ថា ចាប់តាំងពីសង្គ្រាម បានផ្ទុះឡើងរហូតមកដល់ពាក់កណ្ដាលឆ្នាំ២០២៦ នេះ ចំនួនទាហានរុស្ស៊ី ដែលរងរបួស និងស្លាប់ បានហក់ឡើងដល់ជិត ១,២លាននាក់ទៅហើយ ដែលនេះជាអត្រាខូចខាតកម្លាំងទ័ពដ៏ខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់មហាអំណាចណាមួយ គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។ ដោយឡែក បើផ្អែកលើការប៉ាន់ប្រមាណនាពេលថ្មីៗនេះពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាហូឡង់ ផ្ដល់ព័ត៌មានដោយគេហទំព័រ Russia Matters ក្នុងចំណោមការបាត់បង់ជិត ១,២លាននាក់នោះ មានទាហានរុស្ស៊ីជាង ៥០០ ០០០នាក់បានបាត់បង់ជីវិតនៅលើសមរភូមិរួចទៅហើយ។ សន្ទុះនៃការបាត់បង់ជីវិតនេះ បានបន្តកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ ដោយសារតែយុទ្ធសាស្ត្រវាយលុកផ្ទាល់ដី ដើម្បីដណ្ដើមទឹកដីតិចតួច។
ការបំផ្លិចបំផ្លាញគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់
នៅលើសមរភូមិដីគោក និងដែនអាកាស ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី បានទទួលរងការខូចខាតយ៉ាងដំណំ។ យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងការពារជាតិអ៊ុយក្រែន ដែលបានផ្សព្វផ្សាយតាមរយៈ Ministry of Defence of Ukraine គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៦ ការខូចខាតគ្រឿងយុទ្ធោបករណ៍សរុបរបស់រុស្ស៊ី មានចំនួនច្រើនលើសលប់ រួមមាន រថក្រោះប្រយុទ្ធប្រមាណ ១១ ៩៧៨គ្រឿង រថពាសដែក ២៤ ៦៧៦គ្រឿង និងប្រព័ន្ធកាំភ្លើងធំទំនើបៗរហូតដល់ទៅជាង ៤៣ ២៤៧គ្រឿង។ ក្រៅពីនេះ ប្រព័ន្ធការពារដែនអាកាស និងយន្តហោះចម្បាំងជាច្រើនគ្រឿង ក៏ត្រូវបានបាញ់ទម្លាក់ជាបន្តបន្ទាប់នៅក្នុងយុទ្ធនាការ នាឆមាសទីមួយនេះផងដែរ ដែលធ្វើឱ្យសមត្ថភាពគ្រប់គ្រងដែនអាកាសរបស់រុស្ស៊ី មានការធ្លាក់ចុះ និងជួបផលវិបាកក្នុងកិច្ចការពារក្បួនទ័ពរបស់ខ្លួន។
វិបត្តិសេដ្ឋកិច្ចសង្គ្រាម និងការធ្លាក់ចុះខាងបច្ចេកវិទ្យា
ផលប៉ះពាល់មិនមែនកើតឡើងតែនៅលើសមរភូមិជួរមុខនោះទេ ប៉ុន្តែវាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងសេដ្ឋកិច្ចផ្ទៃក្នុងរបស់រុស្ស៊ី។ យោងតាមការចុះផ្សាយរបស់ CSIS សេដ្ឋកិច្ចសម័យសង្គ្រាមរបស់រុស្ស៊ី កំពុងស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ។ ទោះបីជាមានការជំរុញការផលិតអាវុធក្នុងស្រុក ប៉ុន្តែខ្សែសង្វាក់ផលិតកម្មស៊ីវិលដទៃទៀត បានដួលរលំ ហើយកំណើនសេដ្ឋកិច្ចជាតិ បានធ្លាក់ចុះមកនៅត្រឹមតែ ០,៦ ភាគរយប៉ុណ្ណោះ។ អ្វីដែលជាការខូចខាតយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់រុស្ស៊ី គឺការបាត់បង់ធនធានមនុស្សផ្នែកបច្ចេកវិទ្យា និងការគ្មានក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដើម្បីជួយជំរុញផលិតភាពជាតិ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្ដាប្រទេសលោកខាងលិច និងការភៀសខ្លួនរបស់យុវជនមានចំណេះដឹងខ្ពស់ចេញពីប្រទេស។
ជារួម ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ ដ្បិតរុស្ស៊ីនៅតែព្យាយាមបង្ហាញពិភពលោកថា ខ្លួនកំពុងមានប្រៀបក្នុងសង្គ្រាម ក៏តួលេខនៃការបាត់បង់ពិតប្រាកដទាំងផ្នែកកម្លាំងទ័ព អាវុធយុទ្ធោបករណ៍ និងស្ថិរភាពសេដ្ឋកិច្ច បានបង្ហាញយ៉ាងច្បាស់ថា រុស្ស៊ីកំពុងតែបង់ថ្លៃសង្គ្រាមនេះក្នុងតម្លៃមួយខ្ពស់បំផុត ដែលអាចធ្វើឱ្យប្រទេសមហាអំណាចមួយនេះធ្លាក់ចុះឥទ្ធិពល និងចុះខ្សោយទៅៗជាលំដាប់ក្នុងពេលអនាគត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


