Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ឱ្យកែលម្អខែលអាកាស​បន្ទាន់ ក្រោយដ្រូន​អ៊ុយក្រែនអាច​បុកទម្លុះ ដល់ក្រុង St. Petersburg

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខទទួលស្គាល់ជាសាធារណៈថា ដ្រូនវាយប្រហាររបស់អ៊ុយក្រែន ពិតជាអាចហោះកាត់របាំងការពារ ហើយបានចូលមកបំផ្លិចបំផ្លាញដល់ទឹកដីរុស្ស៊ីពិតមែន។

លោក ពូទីន (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន NPR នា​ថ្ងៃ​សុក្រ ទី​៥ ខែ​មិថុនា ឆ្នាំ​២០២៦ ការទទួលស្គាល់នេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយជាមួយប្រមុខទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ដែលរៀបចំឡើងនៅស្រុកកំណើតរបស់លោក គឺទីក្រុង St. Petersburg ចំពេលដែលទីក្រុងមួយនេះទើបតែត្រូវដ្រូនអ៊ុយក្រែន បើកការវាយប្រហារលើបណ្តុំប្រេង និងមូលដ្ឋានទ័ពជើងទឹក កាលពីថ្ងៃពុធ បង្កជាផ្សែងខ្មៅហុយទ្រលោមពេញមេឃ និងធ្វើឱ្យប៉ះពាល់ដល់មុខមាត់នៃវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំរបស់លោកយ៉ាងខ្លាំង។

នៅក្នុងជំនួបនោះ លោក ពូទីន បានថ្លែងថា រុស្ស៊ីមានប្រព័ន្ធការពារអាកាស ប៉ុន្តែលោកពិតជាមានការសោកស្តាយ ដែលដ្រូនខ្លះនៅតែអាចទម្លុះចូលបាន ដូច្នេះរុស្ស៊ីត្រូវតែធ្វើការកែលម្អ និងពង្រឹងប្រព័ន្ធនេះបន្ថែមទៀត ហើយរុស្ស៊ីនឹងធ្វើវាឱ្យទាល់តែបាន។ ទាក់ទិននឹងលិខិតចំហរបស់ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលបបួលចរចាទល់មុខនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រកាសថា លោក ពូទីន មិនទាន់បានឃើញលិខិតនោះនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ជំហរដដែលថា បើលោក ហ្សេលេនស្គី ចង់ចរចា គឺត្រូវតែមកទីក្រុងមូស្គូ ឬមួយក៏រង់ចាំទាល់តែមានកិច្ចព្រមព្រៀងច្បាស់លាស់ ទើបអាចជួបគ្នានៅប្រទេសទីបីបាន។ លោក ពូទីន ក៏បានទាត់ចោលគំនិត ដែលថាឱ្យបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបធ្វើជាអ្នកសម្របសម្រួលផងដែរ ដោយលោកចោទសួរត្រឡប់ទៅវិញថា ពួកអឺរ៉ុបដែលតែងតែនិយាយពីការចង់ឱ្យរុស្ស៊ីចាញ់សង្គ្រាម តើមានភាពអព្យាក្រឹតមកពីណា ហើយរុស្ស៊ីអាចទុកចិត្តបានដោយរបៀបណា?

ការ​វាយប្រហារ​ដោយដ្រូន​អ៊ុយក្រែន​នៅ​ទីក្រុង St. Petersburg (រូបថត៖ បណ្ដាញ​សង្គម)

ងាកមកមើលស្ថានភាពសមរភូមិវិញ មេដឹកនាំរុស្ស៊ីរូបនេះ បានបង្ហើបឱ្យដឹងពីការសាកល្បងគ្រាប់មីស៊ីលបាលិស្ទិកជំនាន់ថ្មីហៅថា Oreshnik ដោយលោកពន្យល់ថា រុស្ស៊ីបានបាញ់សាកល្បងចំតំបន់ដែលងាយស្រួលមើលឃើញលទ្ធផល ដើម្បីពិនិត្យមើលពីភាពត្រឹមត្រូវ និងសមត្ថភាពរបស់វា មុននឹងសម្រេចចិត្តយកទៅប្រើប្រាស់ពេញទំហឹងលើគោលដៅ។ លោក ពូទីន បានសង្កត់ធ្ងន់ថា គោលដៅធំរបស់លោក គឺការគ្រប់គ្រងតំបន់ Donetsk ទាំងមូល ខណៈបច្ចុប្បន្ន អ៊ុយក្រែន គ្រប់គ្រងទឹកដីទីនោះតែប្រហែល ១៥ភាគរយប៉ុណ្ណោះ ហើយលោកជឿជាក់ថា មនសិការស្នេហាជាតិរបស់ប្រជាជនរុស្ស៊ី នឹងធ្វើឱ្យកងទ័ពរុស្ស៊ីសម្រេចជោគជ័យ ព្រោះពេលនេះ កងទ័ពរបស់លោក កំពុងតែវាយសម្រុកទៅមុខនៅគ្រប់ខ្សែត្រៀមជួរមុខទាំងអស់។

យ៉ាងណាមិញ លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីមិនបានបិទទ្វារចរចានោះទេ ដោយលោកត្រៀមខ្លួនទទួលយកការសម្របសម្រួល ដែលធ្លាប់បានជជែកគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋអាឡាស្កា ដើម្បីយកធ្វើជាមូលដ្ឋានគ្រឹះ ក្នុងការបញ្ចប់សង្គ្រាមដែលបានអូសបន្លាយចូលឆ្នាំទីប្រាំនេះ។ ប៉ុន្តែលោកបានព្រមានថា រុស្ស៊ីចង់បានការដោះស្រាយសង្គ្រាមជាស្ថាពរ មិនមែនគ្រាន់តែជាការឈប់បាញ់បណ្តោះអាសន្ននោះទេ ហើយរុស្ស៊ីក៏នឹងមិនព្រមផ្អាកការវាយសម្រុករបស់កងទ័ពនៅលើដីគោក ដើម្បីគ្រាន់តែបើកផ្លូវឱ្យមានការចរចានោះឡើយ ពោលគឺការចរចាអាចធ្វើទៅបាន តែទាហានរុស្ស៊ីនៅតែបន្តវាយទៅមុខដដែល។

ជាចុងក្រោយ លោក ពូទីន ក៏បានច្រានចោលការចោទប្រកាន់ពីខាងលោកខាងលិច ដែលថា ទីក្រុងមូស្គូនៅពីក្រោយខ្នងនៃសកម្មភាពវាយប្រហារតាមអ៊ីនធឺណិត និងការលួចធ្វើឃាតផ្សេងៗនៅអឺរ៉ុប ដោយលោកឆ្លើយតបថា គ្មានភស្តុតាងអ្វីច្បាស់លាស់ឡើយ ក្រៅតែពីការបង្កើតរឿង ដើម្បីវាយប្រហាររុស្ស៊ី។ ចំពោះរឿងសេដ្ឋកិច្ចជាតិដែលកំពុងរងសម្ពាធ លោក ពូទីន បានទទួលស្គាល់ថា សេដ្ឋកិច្ចមានបញ្ហាអតិផរណាពិតមែន ប៉ុន្តែធនាគារកណ្តាល បានដំឡើងអត្រាការប្រាក់រហូតដល់ ១៤,៥ភាគរយ រួចរាល់ហើយ ដើម្បីទប់ស្កាត់កុំឱ្យសេដ្ឋកិច្ចធ្លាក់ក្នុងស្ថានភាពដុនដាបខ្លាំង ដូចបណ្តាប្រទេសមួយចំនួនទៀតឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម