Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ មិន​អនុញ្ញាត​ឲ្យ​​អ៊ីស្រាអែល​កាត់​បញ្ចូល​តំបន់ West Bank ជា​ឧបសម្ព័ន្ធ​ទេ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញារារាំងអ៊ីស្រាអែល ពីការបញ្ចូលផ្នែកខ្លះនៃតំបន់ West Bank ដោយច្រានចោលការជំរុញរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ដើម្បីពង្រីកសង្រ្គាមជាមួយក្រុមហាម៉ាស ហួសពីតំបន់ហ្គាហ្សា ខណៈដែលសន្ទុះអន្តរជាតិកើនឡើងសម្រាប់ភាពជារដ្ឋប៉ាឡេស្ទីន។

លោក ដូណាល់ ត្រាំ (រូបថត៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យរាង​ពង​ក្រពើ​កាលពីថ្ងៃព្រហស្បតិ៍​ទី​២៥​កញ្ញា​ថា លោកបាននិយាយជាមួយលោក ណេតាន់យ៉ាហ៊ូ នៅមុននេះ​ថា «ខ្ញុំនឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែលបញ្ចូលតំបន់ West Bank នោះទេ។ វាមិនកើតឡើងទេ វាគ្រប់គ្រាន់ហើយ វាដល់ពេលដែលត្រូវបញ្ឈប់ឥឡូវនេះ»។

ការអត្ថាធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពីលោក ណេតាន់យ៉ាហ៊ូ និងសម្ព័ន្ធមិត្តរបស់គាត់ បានបង្ហាញពីចេតនារបស់ពួកគេ ក្នុងការបញ្ចូលឧបសម្ព័ន្ធ​នៃ​តំបន់ West Bank ដែលបង្ក​ឲ្យ​មានការជជែកពិភាក្សាគ្នាក្នុងប្រទេសអ៊ីស្រាអែល។ ភាពចម្រូងចម្រាសនេះ កើតឡើងបន្ទាប់ពីរលកនៃការទទួលស្គាល់ការទូតនៃរដ្ឋប៉ាឡេស្ទីនដោយមានកាណាដា ចក្រភពអង់គ្លេស បារាំង និងអូស្ត្រាលីចូលរួមជាមួយប្រទេសជាង១៤០ នៅអង្គការសហប្រជាជាតិក្នុងការទទួលស្គាល់ជាផ្លូវការ​នូវ​តំបន់ West Bank និង​ហ្គាហ្សា ជារដ្ឋ​របស់​ប៉ាឡេស្ទីន។

លោក ណេតាន់យ៉ាហ៊ូ បានរិះគន់ទង្វើបែបនេះ ដោយលើកហេតុផលថា ពួកគេផ្តល់រង្វាន់ដល់ក្រុមហាម៉ាស សម្រាប់ការវាយប្រហារកាលពីថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣លើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សជាង ១ ២០០​នាក់ និងនាំ​ឲ្យ​មានការចាប់ពង្រត់​​មនុស្ស ២៥១​នាក់ផ្សេងទៀត។

តំបន់ West Bank ដែលជាទឹកដីដែលមានប្រជាជនប្រហែល ៣​លាននាក់ ត្រូវបានអ៊ីស្រាអែលគ្រប់គ្រង​បានក្នុងកំឡុងសង្គ្រាម​៦​ថ្ងៃឆ្នាំ​១៩៦៧ បន្ទាប់ពីធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ្ស៊កដានី។ ចាប់តាំងពីពេលនោះមក ការតាំងទីលំនៅរបស់អ៊ីស្រាអែលបានពង្រីកនៅទូទាំងទឹកដី ទោះបីជាត្រូវបានចាត់ទុកថាខុសច្បាប់ក្រោមច្បាប់អន្តរជាតិក៏ដោយ។ ប៉ាឡេស្ទីនអនុវត្តការគ្រប់គ្រងខ្លួនឯងមានកម្រិតតាមរយៈអាជ្ញាធរប៉ាឡេស្ទីន ប៉ុន្តែនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល។

លោក ត្រាំ មិនបានបញ្ជាក់ពីជំហានណាដែលរដ្ឋបាលរបស់លោកនឹងចាត់វិធានការដើម្បីការពារការ​កាត់​បញ្ចូលនេះទេ ប៉ុន្តែបានរំលឹកឡើងវិញនូវការអំពាវនាវដ៏យូរអង្វែងរបស់លោកសម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ សហរដ្ឋអាមេរិកនៅតែជាអ្នកគាំទ្រដ៏មានឥទ្ធិពលបំផុតរបស់អ៊ីស្រាអែលនៅលើឆាកពិភពលោក ទោះបីជាភាពតានតឹងកើនឡើងចំពោះអនាគតនៃទឹកដីដែលកាន់កាប់ដោយ​អ៊ីស្រាអែល​ក៏ដោយ៕

តំបន់ West Bank (រូបថត៖​ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម