KPT+
ប្រវត្តិនយោបាយ និងជីវិតឯកជនរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe (មានវីដេអូ)
នៅថ្ងៃសុក្រទី ០៨ខែកក្កដា លោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ អំឡុងពេលលោក ថ្លែងសុន្ទរកថាក្នុងយុទ្ធនាការនយោបាយមួយ នៅទីក្រុង Nara ភាគខាងត្បូងប្រទេស ជប៉ុន។

លោកត្រូវបានប្រកាសថា ទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ ថ្វីបើក្រុមវេជ្ជបណ្ឌិតព្យាយាមជួយសង្គ្រោះជីវិតលោក យ៉ាងណាក្តី។
តើអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ មានប្រវត្តិបែបណា?
លោក Shinzo Abe គឺជានាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីខែកញ្ញា ឆ្នាំ២០០៦ រហូតដល់ការលាលែងពីដំណែងភ្លាមៗនៅខែកញ្ញា ឆ្នាំ២០០៧ ហើយបន្ទាប់មក ក៏ឡើងកាន់អំណាចម្តងទៀតក្នុងឆ្នាំ ២០១២។
កើតក្នុងទីក្រុងតូក្យូ នៅថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ១៩៥៤, លោក Shinzo Abe បាន ចាប់កំណើតក្នុងត្រកូលអ្នកនយោបាយ។ ឪពុក និងជីតាខាងឪពុក សុទ្ធតែជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ហើយជីតាខាងម្តាយរបស់គាត់គឺឈ្មោះ Nobusuki Kishi ដែលជានាយករដ្ឋមន្ត្រីជប៉ុនពីឆ្នាំ ១៩៥៧ ដល់ ១៩៦០។

លោក Abe បានសិក្សាផ្នែកនយោបាយនៅសាកលវិទ្យាល័យ Seikei និងសាកលវិទ្យាល័យ Southern California ហើយបានទៅធ្វើការឲ្យក្រុមហ៊ុន Kobe Steel ក្នុងឆ្នាំ ១៩៧៩។
មិនយូរប៉ុន្មាន លោក Abe បានចូលបម្រើការងារក្នុងរដ្ឋាភិបាល ដោយទទួលបានការជ្រោមជ្រែងពីឪពុករបស់គាត់ គឺលោក Shintaro Abe។
លោក Abe បានរៀបការជាមួយ DJ វិទ្យុលោកស្រី Akie Matsuzaki ក្នុងឆ្នាំ១៩៨៧។ ភរិយារបស់លោក Abe ក៏ជាកូនស្រីប្រធានក្រុមហ៊ុនផលិតស្ករសូកូឡា Morinaga ផងដែរ។ ប្តីប្រពន្ធមួយគូនេះ មិនមានកូនទេ។ ពួកគេបានឆ្លងកាត់ការព្យាបាលជំងឺគ្មានកូនមិនជោគជ័យមុនពេលរៀបអាពាហ៍ពិពាហ៍។

នៅឆ្នាំ១៩៩៣ លោក Abe បានជាប់ឆ្នោតជាតំណាងរាស្រ្តលើកដំបូង ក្នុងចំណោមការបោះឆ្នោតប្រាំដង ហើយចាប់ផ្តើមឡើងឋានៈក្នុងគណបក្ស។ លោកបានបម្រើការជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី Yoshiro Mori និង Junichiro Koizumi ពីឆ្នាំ ២០០០ ដល់ ២០០៣ហើយបានបង្កភាពល្បីល្បាញ នៅពេលគាត់ក្រោកឈរឡើងប្រឆាំងលោក គីម ជុងអ៊ីល របស់កូរ៉េខាងជើង ជុំវិញការចាប់ពង្រត់ជនជាតិជប៉ុន ដោយកូរ៉េខាងជើង។
នៅឆ្នាំ ២០០៣ គាត់បានក្លាយជាអគ្គលេខាធិការគណបក្ស LDP ដែលជាគណបក្សកាន់អំណាចនៅក្នុងប្រទេសជប៉ុនអស់រយៈពេល ៥០ ឆ្នាំ។ លោក Shinzo Abe បានឡើងស្នងតំណែងពីលោក Koizumi ជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០០៦។ លោក Abe បានតស៊ូមតិលើការការពារជាតិដ៏រឹងមាំ និងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការគំរាមកំហែងនាពេលអនាគតពីប្រទេសចិន និងកូរ៉េខាងជើង។

ទោះបីជាយ៉ាងណាក៏ដោយ អំណាចរបស់លោកត្រូវចុះខ្សោយ ដោយសារភាពមិនច្បាស់លាស់ រឿងអាស្រូវហិរញ្ញវត្ថុ និងការចោទប្រកាន់បក្សពួកនិយម ហើយបានធ្វើសេចក្តីប្រកាសលាលែងពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើល នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០០៧ ពោលគឺមិនដល់មួយឆ្នាំផង ក្រោយកាន់អំណាច។
តំណែងជានាយករដ្ឋមន្ត្រី បានធ្លាក់ទៅសមាជិកគណបក្ស LDP ម្នាក់ទៀតគឺលោក Yasuo Fukuda។ នៅឆ្នាំ២០១០ គណបក្សប្រជាធិបតេយ្យជប៉ុន (DPJ) បានឡើងកាន់អំណាច ហើយក្នុងឆ្នាំ២០១២ លោក Abe និងគណបក្ស LDP បានត្រលប់មកវិញ ដោយបានឈ្នះការគាំទ្រដោយសារតែគោលនយោបាយបង្កើនការចំណាយរបស់សហព័ន្ធ និងកំណែទម្រង់សារពើពន្ធ ឬគេហៅថា Abenomics និងអាកប្បកិរិយាកាន់តែម៉ឺងម៉ាត់ចំពោះប្រទេសចិន។

លោក Shinzo Abe ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីជាផ្លូវការដោយសភាជាន់ទាប នៅថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១២ ជំនួសលោក Yoshihiko Noda។
ក្នុងឆ្នាំ ២០១៧ និង ២០១៨ រដ្ឋបាលរបស់គាត់ ត្រូវរង្គោះរង្គើដោយរឿងអាស្រូវបក្សពួកនិយម ហើយប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះ នៅពេលដែលអ្នករិះគន់បានអំពាវនាវឲ្យគាត់លាលែងពីតំណែង។
យ៉ាងណាក្តី ក្នុងខែសីហាឆ្នាំ ២០២០ លោក Abe បានប្រកាសពីផែនការរបស់គាត់ក្នុងការលាលែងពីតំណែងមុនអាណត្តិ ដោយលើកឡើងពីជំងឺដែលគំរាមកំហែងដល់អាយុជីវិតរបស់គាត់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ វីដេអូនៅកន្លែងកើតហេតុ ក្រោយលោក Abe ត្រូវគេបាញ់ប្រហារ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


