បញ្ហាដ៏តានតឹងបំផុតរបស់អ្នកលួចស្នេហ៍មិត្តខ្លួន គឺមិនហ៊ាននិយាយឬបង្ហាញប្រាប់គេ ព្រោះខ្លាចគេបដិសេធ ហើយត្រូវបាត់បង់ទាំងស្នេហា រួមទាំងមិត្តភាពទៀត។ យ៉ាងណា ទោះបរាជ័យឬជោគជ័យ យើងគួរហ៊ានប្រឈមមុខបង្ហាញវាចេញ។ ខាងក្រោមនេះជាវិធីខ្លះៗដែលជួយអ្នកដែលស្ថិតក្នុង Friend Zone អាចឈានផុតពីតំបន់នេះ៖
១. កុំប្រញាប់ប្រាប់គេលឿនពេក
យើងពិតជាមិនចង់ក្លាយជាឆ្អឹងទទឹងដល់ទំនាក់ទំនងរបស់គេជាមួយអ្នកដទៃនោះទេ។ ប៉ុន្តែបើសិនទំនាក់ទំនងគូរបស់គេមិនសូវល្អ ឬគេបែកគ្នាជាមួយសង្សារគេ នោះជាឱកាសរបស់យើងហើយ។
ទោះបីយើងមិនអាចបង្ហាញអារម្មណ៍អ្វីបាននៅឡើយទេពេលនេះ តែយើងអាចចូលខ្លួនលួងលោម និងយកចិត្តទុកដាក់ចំពោះគេបាន។ មិនចាំបាច់ប្រាប់គេលឿនពេកទេ ថាយើងចូលចិត្តគេ សូមទុកពេលឲ្យគេមួយរយៈសិន ដោយគ្រាន់តែនៅក្បែរគេនៅពេលគេត្រូវការ ក៏គ្រប់គ្រាន់ហើយ។
២. ឈប់ខ្លាចក្នុងការបង្ហាញពីមនោសញ្ចេតនា
ដំណាក់កាលនេះ យើងអាចបង្ហាញអារម្មណ៍ប្រាប់គេបានហើយ។ ពេលវេលាដែលចំណាយជាមួយគ្នាកន្លងមក វាគួរតែអាចប្រាប់គេពីចេតនារបស់យើងដល់គេ ថាយើងគិតយ៉ាងណាហើយពេលនេះ។ យើងគួរសុំណាត់គេ និងចាប់ផ្ដើមសួរពីអារម្មណ៍របស់គេចំពោះយើង។ សូមកុំខ្មាស់អៀន! ក្នុងការព្យាយាមប្រាប់អារម្មណ៍របស់យើង ដើម្បីឲ្យប្រាកដថា អ្នកទាំងពីរអាចឈានដល់ដំណាក់កាលស្និទ្ធស្នាលជាងនេះឬយ៉ាងណា។
៣. អត់ធ្មត់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន
ត្រូវប្រាកដថា យើងមិនបង្ខំគេឲ្យឆ្លើយនឹងសំណួរយើង និងអត់បង្ខំគេឲ្យធ្វើអ្វីដែលគេមិនចង់។ ទោះបីជាយើងមានអារម្មណ៍ល្អចំពោះគេក៏ដោយ ក៏មិនមានន័យថា គេនឹងឆ្លើយតបមកយើងយ៉ាងឆាប់រហ័សនោះឡើយ។ គេនឹងត្រូវការពេលវេលាខ្លះ ដើម្បីសម្រួលការអារម្មណ៍របស់គេចំពោះយើង ហើយយើងត្រូវគោរពគេ និងផ្តល់ពេលវេលាឱ្យគេ។
៤. បង្ហាញសកម្មភាពថាពិតជាស្រឡាញ់គេ
ស្រឡាញ់មិនមែនគ្រាន់តែនិយាយ តែវាជាសកម្មភាពពិត។ សកម្មភាពនោះហើយដែលមានឥទ្ធិពលជាងសម្ដី។ ព្យាយាមធ្វើអ្វីឲ្យគេសប្បាយចិត្ត ដោយមិនមែនគ្រាន់តែប្រាប់ថាស្រឡាញ់ តែបង្ហាញទង្វើពិតៗ ដោយយកចិត្តទុកដាក់ ខ្វល់ខ្វាយ ជួយទុក្ខធុរៈ ដោយស្មោះត្រង់ពីចិត្តបរិសុទ្ធ។
ឈប់ខ្ជះខ្ជាយពេលវេលាច្រើនពេក! សូមធ្វើអ្វីដែលអ្នកអាចធ្វើបាននៅពេលនេះ ទោះបរាជ័យ ក៏វាប្រសើរជាងមិនធ្វើអ្វីទាល់តែសោះ ដោយគ្រាន់តែសុបិន និងរវើរវាយម្នាក់ឯងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បើស្នេហាមិនល្អ កុំសោកស្តាយព្រោះអាចជាដើមចមនៃជំងឺផ្លូវចិត្ត
ចុចអាន៖ បើ Crush គេខ្លាំង ធ្វើម៉េចអាចឈប់បានទៅ?