ព័ត៌មានជាតិ
កម្ពុជា ស្នើឱ្យភាគីថៃផ្អាកផែនការចូលដោះមីននៅតំបន់មានជម្លោះជាបន្ទាន់ រង់ចាំការសម្រេចពីក្រុមការងារបច្ចេកទេស
កម្ពុជាតាមរយៈបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ានៃកងទ័ពទី១ថៃ ផ្អាកសកម្មភាពជាបន្ទាន់ចំពោះផែនការចូលមកដោះមីននៅតំបន់ជម្លោះ ដោយរង់ចាំការសម្រចពីក្រុមការងារដោះមីនមនុស្សធម៌កម្ពុជា-ថៃ ដែលមានដែនសមត្ថកិច្ចកំពុងបន្តនីតិវិធីលើការងារនេះ។

ការស្នើនេះ បន្ទាប់ពីភាគីថៃតាមរយៈលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងកម្លាំងបូព៌ា បានជូនដំណឹងមកកម្ពុជាស្តីពីផែនការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលនឹងធ្វើនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥។ យ៉ាងណាមិញ ភាគីកម្ពុជា ចាត់ទុកសំណើដោះមីននេះ ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
ក្នុងលិខិតមួយច្បាប់ដែលបានផ្ញើជូនភាគីថៃ បញ្ជាក់ថា៖«ដូចនេះ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ា ផ្អាកសកម្មភាពជាបន្ទាន់ដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយរង់ចាំការសម្រេចពីថ្នាក់លើ និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារ JCTF»។

កម្ពុជាថ្មី ពុំទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បាននៅឡើយទេគិតត្រឹមព្រឹកថ្ងៃទី ១០ ខែតុលានេះ។
គួររំលឹកថា តាមរយៈកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាបង្កើតឱ្យមានក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ហើយក្រុមការងារនេះត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីដោះមីនមនុស្សធម៌នៅតំបន់ព្រំដែនជាជំហានៗ។
បន្ទាប់ពីមានក្រុមការងារ JCTF ភាគីទាំងពីរត្រូវពិភាក្សារៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP)។ រហូតមកដល់ពេលនេះ និយាមនីតិវិធីប្រតិបត្តិ (SOP) ត្រូវបានផ្លាស់ប្តូរកែសម្រួលចំនួន២ លើករួចមកហើយ។ នៅព្រឹកថ្ងៃទី៩ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ JCTF បានរៀបចំកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បី ពិភាក្សាកែសម្រួលលើនិយាមនីតិវិធីប្រតិបត្តិ (SOP) ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់សម្គាល់។ ចំណែកចំណុចដែលនៅសេសសល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។

ក្រោយពីមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ក្រុមការងារ JCTF នឹងបន្តពិភាក្សា ដើម្បីឈានដល់ការព្រមព្រៀងគ្នាលើការកំណត់តំបន់អាទិភាព និងទីតាំងសាកល្បងសម្រាប់ការដោះមីនមនុស្សធម៌។ ក្នុងន័យនេះ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ របស់កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ទីបញ្ជាការកងកម្លាំងបូព៌ាថៃ ទទួលបានការឆ្លើយតបនេះ និងផ្តល់កិច្ចសហការបានល្អ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


