ព័ត៌មានជាតិ
កម្ពុជា-ថៃ ឯកភាពបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅតំបន់តានតឹងភូមិជោគជ័យនិងព្រៃចាន់តាមផែនទីដែលបារាំងគូស
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានឯកភាពគ្នាបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅតំបន់តានតឹងដែលថៃបង្កបញ្ហា បង្កការឈឺចាប់មកលើពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យក្នុងឃុំអូរបីជាន់ ចន្លោះបង្គោលព្រំដែនលេខ ៤២ និង ៤៧ ដោយប្រើប្រាស់ប្រាស់ផែនទីមាត្រដ្ឋាន១/២០០.០០០ របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។ នេះជាការបញ្ជាក់បន្ថែមដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោយកិច្ចប្រជុំ JBC រយៈពេលពីរថ្ងៃពេញ ចាប់ពីថ្ងៃទី២១ និងទី២២ តុលា បានបញ្ចប់នៅរំលងអាធ្រាតចូលថ្ងៃ ២៣ តុលា ២០២៥ នេះ។

ក្រោយកិច្ចប្រជុំ JBC បញ្ចប់ទៅដោយការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយដោយតម្លាភាព និងត្រឹមត្រូវតាមគោលការណ៍ដែលបានឯកភាពគ្នា ក្នុងបំណងឈានទៅដោះស្រាយបញ្ចប់ជម្លោះនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ សម្ដេចធិបតី ហ៊ុន ម៉ាណែត សរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ៖«ដើម្បីស្វែងរកដំណោះស្រាយនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោល បណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។ លទ្ធផលដែលទទួលបាន នឹងផ្ទៀងផ្ទាត់ជាមួយការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់ធ្វើការដោះស្រាយបន្ត។ »។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បន្ថែមថា៖«មានតែវិធីសាស្ត្រនេះទេ ទើបភាគីទាំងពីរអាចឈានទៅរកដំណោះស្រាយមួយ ដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដែលកើតមាននៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។»។

គួរឱ្យដឹងថា បញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលចាប់ផ្ដើមឡើងពីការប្រើប្រាស់លួសបន្លានិងកង់ឡានរបស់យោធាថៃ ធ្វើការហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលមួយចំនួនរបស់ប្រជាពលរដ្ឋនៅទីនោះ ចាប់ពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ជាបន្តបន្ទាប់។ ចាប់ពីពេលនោះមកដល់ខែចុងខែតុលានេះ គឺមានរយៈពេលជាង ២ខែមកហើយ ដែលថៃបានបង្កនូវការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែលកំពុងរស់នៅក្នុងភូមិទាំងពីរ។ បញ្ហានេះក៏បានបង្កនូវភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដែលតាមដានបញ្ហានេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត អះអាងថា គោលដៅរបស់រាជរដ្ឋាភិបាលតាំងពីដំបូង គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលកើតមាននេះ កុំឱ្យរីករាលដាល ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើននិងកាន់តែមានកម្រិតធ្ងន់ធំធ្ងរ ក៏ដូចជារកគ្រប់វិធីដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឱ្យបានឆាប់ជាទីបំផុត ហើយដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានប្រកាន់យកនូវអភិក្រម ក្នុងការខិតខំការដោះស្រាយដោយភាពអត់ធ្មត់ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី ក្នុងការស្វែងរកដំណោះស្រាយ ព្រោះការប្រើប្រាស់មធ្យោបាយហិង្សាណាមួយ មិនត្រឹមតែមិនអាចរកដំណោះស្រាយបាននោះទេ ប៉ុន្តែអាចនាំដល់ការពង្រីកភូមិសាស្ត្រនៃជម្លោះ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ក៏ដូចជាបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់បញ្ហាឱ្យបានឆាប់។

សម្ដេច ហ៊ុន ម៉ាណែត អះអាងថា សម្ដេចយល់ពីអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ដោយសារវិធីសាស្ត្រត្រជាក់ដែលរាជរដ្ឋាភិបាលបានប្រកាន់យកនៅពេលកន្លងមក ពេលខ្លះមិនអាចទទួលបាននូវលទ្ធផលដែលចង់បានភ្លាមៗ។ ខណ:ដែល ការស្វែងរកដំណោះស្រាយហាក់ដូចជាគ្មានលទ្ធផល ហើយសកម្មភាពជាក់ស្តែងនៅទីនោះកាន់តែធ្ងន់ធ្ងរទៅៗ ដែលធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនអាចមានអារម្មណ៍អស់សង្ឃឹម និង គិតថានឹងគ្មានដំណោះស្រាយណាមួយនោះទេ។ បន្ថែមលើនេះ សកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការរាវមីន ការបែងចែកដីឱ្យប្រជាពលរដ្ឋថៃ ឬការបំផ្លាញអគារ នៅក្នុងកន្លែងដែលកងទ័ពថៃបានហ៊ុមព័ទ្ធរួចទៅហើយ បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ថាប្រហែលជានឹងគ្មានដំណោះស្រាយ ហើយអ្នកខ្លះរហូតដល់មានការយល់ច្រឡំថារាជរដ្ឋាភិបាលកម្ពុជាបានលួចឯកភាពកាត់ដីខ្មែរអោយគេដើម្បីប្ដូរយកបទឈប់បាញ់ឬ កិច្ចព្រមព្រៀងសន្តិភាព។
សម្ដេច ហ៊ុន ម៉ាណែត បន្ដអះអាងម្ដងហើយម្ដងទៀតថា៖« គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជាណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ឬការចរចាសន្តិភាពនោះទេ។ កម្ពុជាមិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។»។

សម្ដេចនាយករដ្ឋមន្ត្រីពន្យល់ពលរដ្ឋកម្ពុជា ថាបញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលទាមទារឱ្យរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសកម្ពុជា-ថៃអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ប៉ុន្តែការដោះស្រាយណាមួយដែលអាចទទួលយកបាន គឺត្រូវផ្អែកលើគោលការណ៍តម្លាភាព មានការឯកភាពគ្នា ដោយគ្មានការបង្ខិតបង្ខំរវាងភាគីទាំងពីរ និងដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នា ព្រមទងផ្អែកលើមូលដ្ឋានសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


