ព័ត៌មានជាតិ
សម្តេចធិបតីរំលឹកដល់នាយករដ្ឋមន្រ្តីថៃឱ្យឆាប់ដោះលែងទាហានទាំង១៨រូប តាមការសន្យាក្នុងកិច្ចព្រមព្រៀងសន្តិភាព
ជំនួបពីទីក្រុងគូឡាឡាំពួ នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានរំលឹកទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ឱ្យឆាប់ដោះលែងទាហានកម្ពុជាទាំង១៨រូប តាមការសន្យាក្នុងកិច្ចព្រមព្រៀងសន្តិភាព។

ការរំលឹករបស់នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយលោក អានុទីន ឆានវីរៈគុល នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃទី២៨ ខែតុលានេះ ក្នុងប្រទេសម៉ាឡេស៊ី ពោលគឺ២ថ្ងៃបន្ទាប់ពីការចុះហត្ថលេខារវាងមេដឹកនាំទាំងពីរលើសេចក្ដីថ្លែងការណ៍រួមមួយដែលជាកិច្ចព្រមព្រៀងសន្តិភាពក្នុងដំណោះស្រាយនៃបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ នៅចំពោះមុខសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃទី២៦ ខែតុលា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំឭកជាថ្មីនូវការអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជាចំនួន១៨រូបឱ្យបានឆាប់ ដោយឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ។
ជុំវិញការអំពាវនាវរបស់កម្ពុជានេះ ក៏ស្របទៅនឹងការប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលអះអាងថា ក្រោមកិច្ចព្រមព្រៀងសន្តិភាព ទាហានកម្ពុជា១៨រូប នឹងត្រូវដោះលែងមកឱ្យកម្ពុជាវិញ។

សម្រាប់ក្នុងកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃនេះ មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរព និងប្រកាន់ខ្ជាប់ចំពោះសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួដែលបានផ្តល់ក្របខ័ណ្ឌមួយសម្រាប់ប្រទេសទាំងពីរក្នុងការធ្វើការជាមួយគ្នាឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការចុះហត្ថលេខានេះឆ្លុះបញ្ចាំងវឌ្ឍនភាពបន្ថែមទៀត ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលរហូតមកដល់ពេលនេះ បានជួយរក្សានូវភាពស្ងប់ស្ងាត់ និងស្ថិរភាព នៅតាមបណ្តោយព្រំដែន។ សម្តេចធិបតីបានលើកឡើងថា កិច្ចការបន្ទាន់សម្រាប់ភាគីទាំងពីរ គឺត្រូវធ្វើការជិតស្និទ្ធជាមួយគ្នាដើម្បីធានានូវការអនុវត្តសេចក្តីថ្លែងការណ៍នេះឱ្យបានពេញលេញ និងប្រកបដោយភាពស្មោះត្រង់។

គួរឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយនឹងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រទាំងពីរ នៅប្រទេសម៉ាឡេស៊ី។
ក្នុងពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីលោក ដូណាល់ ត្រាំ (Donald J. Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន។

ក្នុងកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ ចំណុចទី៥ បានបញ្ជាក់ថា ការដោះលែងទាហានខ្មែរទាំង១៨នាក់មកកម្ពុជាវិញគឺជាការបង្ហាញពីបំណងប្រាថ្នារបស់ថៃក្នុងការលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាជាមួយកម្ពុជាឡើងវិញ «ប្រទេសថៃនឹងដោះលែងឈ្លើយសឹកដោយគ្មានបង្អែបង្អង់»៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


