Connect with us

ព័ត៌មានជាតិ

បទល្មើសអនឡាញ៖ ជនបរទេសជិត៣ពាន់នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងពេល៩ខែ

បានផុស

នៅ

ជនបរទេសយ៉ាងហោចណាស់ជិត៣ពាន់នាក់ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានក្រសួងមហាផ្ទៃកម្ពុជាអនុវត្តនីតិវិធីបណ្ដេញចេញពីប្រទេសជាបន្តបន្ទាប់។ នេះបើយោងតាមការថ្លែងឱ្យដឹងដោយលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ទូច សុឃៈ ក្នុងប្រតិបត្តិការចុះបង្ក្រាបតាមគោលដៅដែលមានពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Online scam) ចំនួន៤៨លើក ក្នុងភូមិសាស្រ្ត១៥រាជធានីខេត្ត អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់បានមនុស្សចំនួន២ ៩១០នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន១៦៨នាក់ និងអនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាចំនួន២ ៧២២នាក់។

អ្នកនាំពាក្យរង បានបន្ថែមឱ្យដឹងថា សមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏ទទួលបានបណ្ដឹងពាក់ព័ន្ធការឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពវិនិយោគ កម្ចីអនឡាញ ទំនាក់ទំនងស្នេហា ការទិញឥវ៉ាន់ លួចគណនីបណ្ដាញសង្គមជាដើម ដែលសរុបចំនួន១០០១ករណី។ ក្នុងនោះបានដោះស្រាយបញ្ចប់សំណុំរឿងចំនួន៦៣ករណី បញ្ជូនជនសង្ស័យ៣៤នាក់ (ស្រី៨នាក់) ទៅកាន់តុលាការ។ ខណៈករណីនៅសេសសល់កំពុងបន្តស្រាវជ្រាវតាមនីតិវិធី និងជំនាញ។

លទ្ធផលបង្ក្រាបបានខាងលើ គឺគិតត្រឹមរយៈពេល៩ខែ ក្នុងឆ្នាំ២០២៥នេះ ក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលមានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុវត្តតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល។

ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកយុទ្ធនាការបោសសម្អាតបទល្មើសអនឡាញនៅទូទាំងប្រទេស ដោយបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចុះប្រតិបត្តិការបង្ក្រាបគ្រប់ទីតាំងដោយភាពម្ចាស់ការទទួលខុសត្រូវក្នុងភូមិសាស្ត្ររបស់ខ្លួន។

បទបញ្ជានេះ ចំពេលដែលបទល្មើសតាមប្រព័ន្ធអនឡាញ គឺបាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខទាំងក្នុងពិភពលោក និងតំបន់ រួមទាំងការជ្រៀតចូលប្រទេសកម្ពុជាពីសំណាក់ក្រុមឧក្រិដ្ឋជនបរទេស ដើម្បីប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានេះ។

អនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី អាជ្ញាធរមានសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញជាច្រើនកន្លែងនៅទូទាំងប្រទេស ដោយបានឃាត់ខ្លួនជនល្មើសរាប់សិបនាក់ ដែលភាគច្រើនជាជនបរទេស។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសេនាធិការ ត្រូវរៀបចំអនុវត្តនីតិវិធីបណ្ដេញចេញចំពោះជនបរទេសដែលបានជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញខុសច្បាប់នេះផងដែរ៕

អត្ថបទ៖ ធឿន​ វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម