Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងរងឥទ្ធិពលពីព្យុះទី២៥ ដោយសារគន្លងដើររបស់ព្យុះនេះមកក្បែរ

បានផុស

នៅ

កម្ពុជា នឹងរងឥទ្ធិពលពីព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) កម្រិត ៣០% ដោយសារតែកម្ពុជា ស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ។ ព្យុះទី២៥ កាលម៉េហ្គី (Kalmaegi)T2525 បានកើតឡើងដោយសារការវិវត្តពីសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង សមុទ្រអានដាមម៉ែន អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

នេះបើយោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

តាមការប្រកាសរបស់ក្រសួងធនធានទឹក ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងធ្វើឱ្យធាតុអាកាសនៅតំបន់វាលទំនាបមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។

តំបន់ខ្ពង់រាបមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦៥%។

តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុង កម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។ រលកសមុទ្របោក បក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។

យោងលើការព្យាករនេះ ក្រសួងធនធានទឹក អំពាវនាវសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម