ព័ត៌មានជាតិ
សមាជិកក្រុមប្រឹក្សារាជធានី ស្នើអាជ្ញាធរអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់អគ្គិភ័យ
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដែលបានធ្វើឱ្យបទល្មើសនានា ថយចុះ ជាមួយនឹងការស្នើសុំឱ្យអាជ្ញាធររាជធានី អំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យខ្ពស់ចំពោះគ្រោះថ្នាក់អគ្គិភ័យ ដោយក្នុងខែតុលាកន្លងមកនេះ គ្រោះថ្នាក់អគ្គិភ័យមានការកើនឡើង។

ការថ្លែងពីការកោតសរសើររបស់សមាជិកក្រុមប្រឹក្សារាជធានីបានធ្វើឡើងនាព្រឹកថ្ងៃទី ១២ វិច្ឆិកា នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ១៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៤ ក្រោមអធិបតីភាព លោក ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនេះ បានប្រសាសន៍លើកឡើងពីការកោតសរសើរចំពោះអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដែលបានបង្ក្រាបបទល្មើសបានយ៉ាងល្អនៅក្នុងខែតុលាកន្លងមកនេះ ដោយបានធ្វើឱ្យបទល្មើសមានការថយចុះ ជាមួយនឹងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៣៧ ករណី បង្ក្រាបបទល្មើសគ្រឿងញៀន បាន ៨៦ ករណី បង្ក្រាបក្មេងទំនើងបាន ១៤ ករណី និងបង្ក្រាបបទល្មើស (ONLINE SCAM) បានចំនួន ៧ ទីតាំង ឃាត់ខ្លួនចំនួន ១៣៧ នាក់ / ៦ សញ្ជាតិ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ គឺគ្រោះថ្នាក់អគ្គិភ័យបែរជាកើនឡើងរហូតដល់ ១១ លើក / ៩ លើក។ ចំពោះការកើនឡើងគ្រោះថ្នាក់អគ្គិភ័យនេះ សមាជិកក្រុមប្រឹក្សារាជធានី បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ផ្សព្វផ្សាយ និងអំពាវនាវប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

លោក ជួប ខុន លើកឡើងថា កិច្ចប្រជុំសាមញ្ញលើកទី ១៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៤ នេះ មានរបៀបវារៈចំនួន ៣ ក្នុងនោះរួមមាន ៖ ១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ១៧ របស់ក្រុមប្រឹក្សារាជធានី-ភ្នំពេញ ឆ្នាំទី ២ អាណត្តិទី ៤ កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥។ ២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ ២០២៥ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងទី៣-ស្តាប់របាយការណ៍លទ្ធផលការងារដែលសម្រេចបានរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ។

លោក ជួប ខុន បន្តទៀតថា ចំពោះការគ្រប់គ្រងការដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញឃើញថា មានលក្ខណៈល្អប្រសើរហើយ តែក៏នៅមានបញ្ហាអសកម្មមួយចំនួន ដោយមានប្រជាពលរដ្ឋនៅខណ្ឌដង្កោបានលើកឡើងពីការយឺតយ៉ាវ នៃការប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនប្រមូលសំរាម។

ជុំវិញបញ្ហានេះ លោក ជួប ខុន ស្នើសុំឱ្យអាជ្ញាធរបន្តយកចិត្តទុកដាក់ត្រួតពិនិត្យជាប្រចាំចំពោះក្រុមហ៊ុនប្រមូលសំរាម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញមានសោភណភាព អនាម័យ និងបរិស្ថានល្អ។

លោក ហួត ហៃ លើកឡើងដែរថា ការកោតសរសើររបស់សមាជិកក្រុមប្រឹក្សារាជធានីចំពោះអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញលើការបង្ក្រាបបទល្មើសនានា វាជាការលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពុះពារបន្ថែមទៀត ដើម្បីធ្វើឱ្យរាជធានីភ្នំពេញមានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនឹងការអភិវឌ្ឍរីកចម្រើនមួយកម្រិតបន្ថែមទៀត៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


