Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ប្ដេជ្ញាសម្របសម្រួលការអនុវត្តខ្លឹមសារសេចក្ដីថ្លែងការណ៍រួមកម្ពុជា-ថៃ

បានផុស

នៅ

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ​នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួបនេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យលោក​ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្រៅពីថ្លែងអំណរគុណ ក៏​បាន​វាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់កម្ពុជា ក្នុងការសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះអនុវត្តភារកិច្ចរបស់ខ្លួននៅកម្ពុជា នាពេលកន្លងមក។

នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar បានគូសបញ្ជាក់ថា ជីវិតនិងសន្ដិភាព ពិតជាមានតម្លៃណាស់។ ក្នុងន័យនេះ លោក​បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់លោក​ ក្នុងការចូលរួមចំណែកសម្របសម្រួលឱ្យទទួលបាននូវសន្តិភាពនៃប្រទេសទាំងពីរ ក៏ដូចជាការប្ដេជ្ញាចិត្តក្នុងការបំពេញការងារប្រកបដោយអព្យាក្រឹតភាព ក្នុងការសម្របសម្រួលលើកិច្ចការនេះ។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ជាពិសេសតួនាទីដ៏សំខាន់របស់នាយករដ្ឋមន្រ្តី លោក Anwar Ibrahim ដែលបានចូលរួមចំណែកជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង ការឈានទៅសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាអរគុណដល់តួនាទីដ៏សកម្មរបស់អគ្គមេបញ្ជាការ ក្នុងការដឹកនាំ និង​សម្របសម្រួល​ក្រុមអ្នកសង្កេតការណ៍អាស៊ាន ស្របតាម​បទឈប់បាញ់កម្ពុជា-ថៃ,​ ស្មារតីនៃកិច្ចប្រជុំគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ។

ឆ្លៀតក្នុងឱកាសនេះ, សម្ដេចបវរធិបតីបានជម្រាបជូន​អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី អំពីស្ថានភាព និងការវិវត្ត នៃបញ្ហាព្រំដែន កម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ ព្រមទាំងផ្អែកលើច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់។

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជម្រាបជូនសម្ដេចបវរធិបតី អំពីការប្ដេជ្ញាចិត្តក្នុងការខិតខំចូលរួមចំណែកសម្របសម្រួល និងធានាឱ្យបាននូវការអនុវត្តតាមបទឈប់បាញ់កម្ពុជា-ថៃ,​ ស្មារតីនៃកិច្ចប្រជុំគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម