ព័ត៌មានជាតិ
តើសួនឌីជីថលកម្ពុជា នឹងលេចរូបរាងឆាប់ៗនេះមានអ្វីខ្លះ?
រដ្ឋាភិបាលគ្រោងបង្កើតសួនឌីជីថល (Digital Garden) គោលបំណងដើម្បីជំរុញឲ្យប្រទេសកម្ពុជាវិវត្តទៅរកឌីជីថល។ សួនបច្ចេកវិទ្យានេះនឹងក្លាយជាមជ្ឈមណ្ឌលប្រព័ន្ធអេកូឡូស៊ី ប្រមូលផ្ដុំឌីជីថលនៅក្នុងទីតាំងតែមួយ។
លោក ឃឹម ឌីណារ៉ុង មន្រ្តីក្រុមការងារសួនឌីជីថលបានលើកឡើងពីមុខងារសំខាន់ៗក្នុងសួនឌីជីថលរួមមាន៖
1. មជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center)
2. ភណ្ឌាគាគយមានដែនកំណត់ (Bonded Warehouse)
3. សាលពិព័រណ៍ និងសាលតាំងបង្ហាញ
4. សាលសន្និសីទ
5. មជ្ឈមណ្ឌលបណ្ដុះបណ្ដាល
6. បណ្ដុំសាកលវិទ្យាល័យ
7. បណ្តុំក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល
8. បណ្តុំធុរកិច្ចថ្មីឌីជីថល

លោក ឃឹម ឌីណារ៉ុង ក្រុមការងារសួនឌីជីថល
ពាក់ព័ន្ធការរៀបចំសួនឌីជីថលនេះ លោក ឃឹម ឌីណារ៉ុង បានគូសបញ្ជាក់ថា ជំហានទីមួយគឺការសិក្សារៀបចំមជ្ឈមណ្ឌលទិន្នន័យជាតិ (Data National Center) និងពាក់ព័ន្ធភណ្ឌាគាគយមានដែនកំណត់ (Bonded Warehouse)។
លោករំពឹងថា មជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center) នឹងកើតឡើងនៅឆ្នាំ ២០២៧។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍអាចនឹងកាន់តែលឿនបន្ថែមទៀត បើសិនជាមានអ្នកវិនិយោគដែលមានបំណងចង់វិនិយោគឲ្យបានលឿន។
នៅប្រទេសជិតខាងដូចជាប្រទេសម៉ាឡេស៊ីមានសួនឌីជីថលរួចហើយ។ រដ្ឋាភិបាលកម្ពុជាព្យាយាមស្វែងរកកិច្ចសហការទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដើម្បីមកវិនិយោគនិងជំរុញឲ្យប្រទេសកម្ពុជាឆ្ពោះទៅមុខដូចប្រទេសជិតខាង។


លោក ឃឹម ឌីណារ៉ុងបានលើកឡើងពីដំណើរការបង្កើតសួនឌីជីថល មន្រ្តីជំនាញបានចុះទៅសិក្សាស្វែងយល់ពីប្រទេសមួយចំនួនដូចជាប្រទេសសិង្ហបុរី កូរ៉េ និងប្រទេសជប៉ុន រួមទាំងប្រទេសចិន។
ពាក់ព័ន្ធភណ្ឌាគាគយមានដែនកំណត់ (Bonded Warehouse) សព្វថ្ងៃនេះ មិនទាន់មានភណ្ឌាគាគយមានដែនកំណត់សម្រាប់ថ្នាក់ជាតិនៅឡើយទេ គឺមានតែជាថ្នាក់ឯកជន ដូចជា DHL ឬ FedEx។ ឃើញចំណុចខ្វះខាតនេះ ទើបរដ្ឋាភិបាលជំរុញប្រឹងបង្កើតភណ្ឌាគាគយមានដែនកំណត់ (Bonded Warehouse) នេះឡើង។ នេះបើតាមលោក ឃឹម ឌីណារ៉ុង។
យ៉ាងណាមិញ ការប៉ាន់ស្មានថវិកាដំណើរការគម្រោងទាំងមូលមិនទាន់បានសិក្សាលម្អិតនៅឡើយទេ។ លោក ឃឹម ឌីណារ៉ុង បន្ថែម។

ថ្លែងនៅក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងពីចក្ខុវិស័យរបស់រដ្ឋាភិបាល គឺការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលពុំនិយមប្រើប្រាស់ក្រដាសបន្តទៀត ដោយឈរលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលប្រជាពលរដ្ឋមានទំនុកចិត្ត ព្រមទាំងអាចលើកតម្កើងតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ។
លោកថា ការរៀបចំ និងអភិវឌ្ឍន៍សួនឌីជីថលជាលើកដំបូង ក្នុងគោលដៅគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលឌីជីថល សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
បើតាមលោករដ្ឋមន្រ្តី តាមរយៈគម្រោងអភិវឌ្ឍសួនឌីជីថល ( Digital Hub) នឹងជួយជំរុញដល់ការធ្វើបរិវត្តកម្ម សហគ្រិនភាព នវានុវត្តន៍ ជាពិសេសការបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយ ដែលផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលជំនាញទៅនឹងឧស្សាហកម្មក្នុងវិស័យឌីជីថល។
ប្រភពពីមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រាប់កម្ពុជាថ្មី សួនឌីជីថលគ្រោងអភិវឌ្ឍនៅលើផ្ទៃដីទំហំ ១០០ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦៕
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


