ព័ត៌មានជាតិ
ប្រទេសនៅតំបន់អាស៊ានបន្តបន្ទាប់ ប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ទិន្នន័យ Verify របស់កម្ពុជា
លោក ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានថ្លែងថា ថ្នាល Verify.gov.kh កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា រួមទាំងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។
«យើងឃើញថា មហាវិទ្យាល័យរដ្ឋទាំងអស់ក្នុងប្រទេសកម្ពុជាបានប្រើប្រាស់រួចហើយ ខណៈវិស័យឯកជនមានប្រហែលជា ៧០%។ ដោយឡែកស្ថាប័នរដ្ឋាភិបាល មាន ២៤ ក្រសួង ក្នុងចំណោម ២៦ ក្រសួង ដែលបានប្រើប្រាស់ថ្នាលមួយនេះ»។

លោកបន្តថា បច្ចុប្បន្នមានឯកសារជាង ៤ លាន ត្រូវបានដាក់នៅលើថ្នាល Verify។ ឯកសារទាំងអស់នេះអាចប្រើប្រាស់បានទាំងក្នុងទម្រង់ក្រដាស និងទម្រង់ឌីជីថល (digital) ដោយមិនចាំបាច់ត្រូវការវាយត្រាម្តងទៀតទេ។
ថ្នាល Verify កម្ពុជាមិនត្រឹមកំពុងប្រើប្រាស់ក្នុងប្រទេសអាស៊ានមួយចំនួន ក៏កំពុងដំណើរការក្នុងកម្រិតអន្តរជាតិផងដែរ។ ថ្នាលនេះអាចប្រើប្រាស់នៅប្រទេសដទៃដែលបានចុះអនុស្សារណៈនៃការយោគយល់ដូចជានៅ៖ សាធារណរដ្ឋកូរ៉េ ប្រទេសថៃ សហរដ្ឋអាមេរិក សិង្ហបុរី និងប្រទេសដទៃមួយចំនួនទៀត។
សម្រាប់កម្រិតអាស៊ាន ប្រទេសឡាវកំពុងតែអនុម័ត (adopt) ថ្នាល Verify និងប្រទេសទីម័រលេស្តេក៏បានដាក់ឲ្យប្រើប្រាស់ថ្នាលរបស់កម្ពុជានេះដែរ ហើយប្រទេសហ្វីលីពីនបានដាក់ប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់។

លើសពីនេះ កម្ពុជាក៏ទទួលបានសំណើផ្លូវការពីការចែករំលែកនិងប្រើប្រាស់ថ្នាល Verify ជូនដល់សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។ នេះបើតាមលោក ជា សេរីវឌ្ឍ។
គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលចាត់ទុកថ្នាល Verify មិនមែនគ្រាន់តែជាការចាប់ផ្តើមទេ ប៉ុន្តែជាថ្នាលធំដែលអាចប្រមូលផ្តុំឯកសារទាំងអស់ពីគ្រប់ប្រទេសមកកន្លែងតែមួយ។
កម្ពុជាបានជួបពិភាក្សាជាមួយប្រតិភូមកពីប្រទេសកាហ្សាក់ស្ថាន និងអាហ្សាបៃហ្សង់ ដើម្បីចែករំលែកថ្នាលដែលអាចប្រើប្រាស់បម្រើជាប្រយោជន៍ប្រទេសនីមួយៗ។
បច្ចុប្បន្ន កម្ពុជាកំពុងរៀបចំជាក្របខ័ណ្ឌមួយដែលគេហៅថា G2G Solution (Government-to-Government Solution) ដែលអនុញ្ញាតឱ្យប្រទេសដែលចង់ចែករំលែកថ្នាល អាចដាក់ចូលហើយប្រទេសផ្សេងទៀតអាចរួមគ្នាប្រើប្រាស់ទាំងអស់គ្នា។
តាមរយៈកិច្ចសហការគ្នា ថ្នាល verify របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលហ្វីលីពីនយកទៅប្រើប្រាស់លើអត្តសញ្ញាណឌីជីថលជូនប្រជាជនជាង ៩០ លាននាក់។
ថ្លែងក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល កាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គូសបញ្ជាក់ថា ក្រៅពីជោគជ័យក្នុងប្រទេស ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់កម្ពុជា verify បានក្លាយជាឧត្តមានុវត្តន៍ដែលត្រូវបានប្រទេសជាមិត្តក្នុងតំបន់ដកពិសោធន៍។
បើតាមលោករដ្ឋមន្រ្តី ហ្វីលីពីនបានដាក់ឱ្យប្រើនិម្មាបនកម្មរបស់ថ្នាល verify លើអត្តសញ្ញាណឌីជីថល ជូនប្រជាជនជាង ៩០ លាននាក់ និងមានប្រតិបត្តិការជាង ១៦៤ លានដង ក្នុងរយៈពេលដ៏ខ្លី ដែលបង្ហាញពីសក្តានុពលយ៉ាងធំសម្បើមនៃបច្ចេកវិទ្យារបស់កម្ពុជា។

ដោយឡែកក្នុងសន្នីសីទពិសេសមួយកាលពីរសៀលម្សិលមិញនេះឆ្លើយតបសំនួររបស់កម្ពុជាថ្មី លោក David L. Almirol Jr. អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វីលីពីនបានបញ្ជាក់ថា កម្ពុជានិងហ្វីលីពីន បានធ្វើកិច្ចសហការគ្នាក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមក ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសទាំងពីរ។
តាមរយៈកិច្ចសហការគ្នានេះ ថ្នាល verify.gov របស់កម្ពុជា ត្រូវបានដាក់ឲ្យប្រើប្រាស់លើឯកសារអត្តសញ្ញាណបណ្ណពលរដ្ឋហ្វីលីពីន។ ដោយឡែកហ្វីលីពីនក៏បានចែករំលែកពីការប្រើប្រាស់ថ្នាល SuperApp ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្មវិធី SuperApp របស់កម្ពុជា។
លោកថា ការផ្ទេរបច្ចេកវិទ្យា និងបទពិសោធគ្នាទៅវិញទៅមកនេះ បានជួយជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលរបស់ប្រទេសទាំងពីរផ្អែកបទពិសោធដែលប្រទេសទាំងពីរបានជួបប្រទះ ដើម្បីជំរុញអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលមានសន្ទុះទៅមុខ។
ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្ពាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការ ប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំង ជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។
ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដារ ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាព ខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដារនេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


