Connect with us

ព័ត៌មានជាតិ

យុវជន១ក្រុមបង្កើតមូលនិធិបេះដូងតែមួយដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក

បានផុស

នៅ

យុវជនមួយក្រុមបានលះបង់ពេលវេលាផ្ទាល់ខ្លួនងាកមកខ្វល់ខ្វាយរឿងប្រទេសជាតិដោយបង្កើត “មូលនិធិបេះដូងតែមួយ One Heart Team (OHT) ” ដើម្បីទទួលរៀបចំជំនួយសប្បុរសធម៌របស់មហាជនខ្មែពីគ្រប់ទិសទី ដែលមានទឹកចិត្ត និងស្មារតីគោរពស្រឡាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅដល់វីរកងទ័ព ក៏ដូចជាស្មារតីអាណិតស្រឡាញ់ ចំពោះជនភៀសសឹកកំពុងតែជួបកាលំបាកដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី ហេង វឌ្ឍនា ស្ថាបនិកមូលនិធិបេះដូងតែមួយ បានប្រាប់ថា មានកត្តាធំៗ២ ដែលជំរុញឱ្យយុវតីមានការឈឺចាប់ក្នុងចិត្តអត់ទ្រាំមិនបាន ក៏សម្រេចចិត្តបង្កើតជាមូលនិធិបេះដូងតែមួយនេះឡើងក្នុងស្មារតីខ្មែរតែមួយ ដើម្បីប្រមូលគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់គ្រប់យ៉ាង ព្រមទាំងថវិកា យកទៅជួយដល់ជនភៀសសឹក និងវីរកងទ័ព នោះគឺ នៅពេលយុវតីបានឃើញវីរកងទ័ពលះបង់ជីវិតដើម្បីជាតិ ហើយជនរួមជាតិខ្មែរត្រូវរត់ចេញពីផ្ទះសម្បែងរងទុក្ខលំបាកវេទនា។

យុវតី ហេង វឌ្ឍនា និយាយថា «កត្តាធំ២គឺជនភៀសសឹក ហើយនិងកងទ័ព ជាពិសេស គឺពេលឃើញពួកគាត់ត្រូវរត់ចេញពីផ្ទះ ហើយកងទ័ពយើងត្រូវលះបងជីវិតដើម្បីជាតិរបស់យើង ឃើញអ៊ីចឹងពិតជាឈឺក្នុងចិត្ត ចឹងបានវាជំរុញឱ្យខ្ញុំចាប់ផ្តើមបង្កើតមូលនិធិបេះដូងតែមួយ ដើម្បីឱ្យពួកគាត់បានឃើញជំនួយ ហើយគិតថាពួកយើងមិនរត់ចោលគាត់ទេ ពួកយើងនៅតែចាំជួយគាត់រហូត»។

បើតាមយុវតី ហេង វឌ្ឍនា គិតត្រឹមថ្ងៃទី១៧ ខែធ្នូនេះ មូលនិធិទើបចាប់ផ្តើមទទួលជំនួយបានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេល៣ថ្ងៃកន្លងមក ក្រុមការងារយុវជនខ្មែរតែមួយ បេះដូងតែមួយ ប្រមូលបានសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចំនួន ៧រថយន្តធំៗ ដោយវេចខ្ចប់បានរាប់ពាន់ឃីតដឹកយកទៅជួយដល់បងប្អូនជនភៀសសឹក និងបងប្អូនវីរកងទ័ព។

លោកស្រី ហៀក ច័ន្ទណារី គ្រូបង្រៀននៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តដើម្បីជួយរៀបចំសម្ភារៈប្រើប្រាស់ ដែលទទួលបានពីសប្បុរសជន សម្រាប់យកទៅឧបត្ថម្ភជូនដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ តាមរយៈមូលនិធិបេះដូងតែមួយ។ ជាមួយគ្នានោះ លោកស្រីក៏បានអំពាវនាវដល់យុវជន និងបងប្អូនជនរួមជាតិទំាងអស់សូមឆ្លៀតពេលវេលាមកចូលរួមជួយរៀបចំសម្ភារៈ ឬអាចចូលរួមផ្តល់គ្រឿងសម្ភារៈប្រើប្រាស់តាមដែលអាចធ្វើទៅបាន។

អ្នកស្រីថ្លែងថា «ក្នុងគ្រាអាសន្ននេះ កម្លាំងពលកម្ម ឬក៏កម្លាំងថវិកា និងសម្ភារៈទាំងអស់ គឺមានសារៈសំខាន់ណាស់ សម្រាប់ជួយដល់បងប្អូនខ្មែរយើងទាំងអស់គ្នា សូមកុំប្រកាន់បក្ខពួក ខាងនេះខាងនោះអី គឺយើងជាខ្មែរតែមួយ បេះដូងតែមួយ មានកម្លាំងជួយកម្លាំង មានសម្ភារៈជួយសម្ភារ មានថវិកាជួយថវិកា»។

លោក ប៉ិច សុខហេង យុវជនស្ម័គ្រចិត្តដែលបានចូលរួមជួយការងារនេះ បានបង្ហាញពីការពេញចិត្តក្នុងការជួយរៀបចំសម្ភារៈប្រើប្រាស់សម្រាប់បងប្អូនជនភៀសសឹក និងវីរកងទ័ព។ លោកជឿជាក់ថា សកម្មភាពនេះគឺកម្លាំងចិត្តសម្រាប់បងប្អូនកងទ័ព និងជាការជួយសម្រាល់ទុក្ខដល់បងប្អូនជនភៀសសឹកដែលកំពុងរងការលំបាក។

សុខហេង និយាយថា «សម្រាប់បងប្អូនវីរកងទ័ពគឺគាត់មានការលំបាកជាងយើងគុណនឹង១០០ដង ចឹងទោះជាសម្ភារៈឬឥវ៉ាន់យើងច្រើនប៉ុណ្ណាក៏ដោយ ក៏យើងធ្វើការអត់ហត់ដែរ គឺយើងធ្វើចេញពីចិត្ត ចេញពីបេះដូងពិត»។

សូមបញ្ជាក់ថា ក្រុមការងារមូលនិធិបេះដូងតែមួយ One Heart Team នៅតែបន្តទទួលជំនួយសម្ភារៈ និងថវិកាពីសាធារណជន ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក-៨យប់ នៅទីតាំងទទួលជំនួយផ្ទាល់គឺ អគារអង្គរវត្ត ក្នុងបរិវេណ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ខាងក្រោយវត្តទឹកថ្លា តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ឬ បងប្អូនអាចទំនាក់ទំនងតាមរយៈ ទូរសព្ទលេខ 017 985 877 / 066 203 689 / 097 373 8233 ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម