Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ សម័យទំនើបពលរដ្ឋខ្មែររួបរួមសាមគ្គី មិនចាញ់ល្បិចសត្រូវធ្លាក់ចូលអន្ទាក់សង្គ្រាមចិត្តសាស្រ្ត

បានផុស

នៅ

ក្នុងសង្គ្រាមអស់រយៈពេលជាច្រើនថ្ងៃមកនេះ កងទ័ពថៃបានទម្លាក់គ្រាប់បែកមកលើទីតាំងស៊ីវិលដោយមិនរើសមុខ មិនរើសទីកន្លែង ដែលធ្វើឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះជាច្រើន និងបន្តកើនឡើងជាលំដាប់ ខណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏រងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងសង្គ្រាមប្រដាប់អាវុធដ៏សាហាវព្រៃផ្សៃមកលើប្រទេសកម្ពុជា និងពលរដ្ឋស្លូតត្រង់ មេដឹកនាំថៃក៏បានប្រើប្រាស់សង្គ្រាមចិត្តសាស្រ្តតាមរយៈការប្រើប្រាស់បណ្តាញព័ត៌មានផ្លូវការ និងមិនផ្លូវការនានា ឱ្យផ្សព្វផ្សាយនូវព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃ ក្នុងគោលដៅភូតកុហកប្រជាពលរដ្ឋរបស់ខ្លួនដើម្បីទាក់ទាញប្រជាប្រិយភាពនយោបាយផង និងក៏ដើម្បីវាយបំបាក់ទឹកចិត្តប្រជាពលរដ្ឋខ្មែរ និងបំបែកបំបាក់សាមគ្គីភាព​រវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំយើងផង។
ប៉ុន្តែការផ្សព្វផ្សាយញុះញង់ដើម្បីឱ្យពលរដ្ឋខ្មែរបែកបាក់កម្លាំងសាមគ្គីនោះមិនទទួលបានជោគជ័យឡើយ ផ្ទុយទៅវិញប្រជាពលរដ្ឋខ្មែរ ទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកាន់តែកៀកស្មាគ្នាប្រយុទ្ធ រួបរួមគ្នា ប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ។

ពាក់ព័ន្ធសង្គ្រាមចិត្តសាស្រ្តនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ក្នុងសម័យទំនើបនេះ ប្រជាពលរដ្ឋខ្មែរមិនបានធ្លាក់ចូលក្នុងអន្ទាក់នៃសង្គ្រាមចិត្តសាស្រ្តនេះទេ ផ្ទុយទៅវិញប្រជាពលរដ្ឋ រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ រឹតតែកៀកស្មាគ្នា កាន់តែរឹងមាំដើម្បីការពារទឹកដី ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរ នេះគឺជាខឿនការពារជាតិដ៏រឹងមាំ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមកោតសរសើរ ប្រកបដោយមោទនភាពយ៉ាងក្រៃលែងចំពោះកម្លាំងមហាសាមគ្គីរបស់ប្រជាជនខ្មែរ និងសូមស្ងប់ស្ងែងចំពោះវីរកងទ័ព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តស៊ូវយ៉ាងស្វិតស្វាញក្រាញននៀល ប្រឆាំងជាមួយនឹងសត្រូវឈ្លានពានដើម្បីការពារបូរណភាពទឹកដី ដោយផ្តល់ទំនុកចិត្តទាំងស្រុងទៅលើរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោក ប៉ែន បូណា លើកទឹកចិត្តដល់ជនរួមជាតិបន្តថែរក្សាពង្រឹងស្មារតីសាមគ្គីភាពនេះ ឱ្យបានគង់វង្សជានិច្ច ពីព្រោះនេះគឺជាកម្លាំងស្នូលដ៏រឹងមាំរបស់ជាតិខ្មែរ ដើម្បីការពារបូរណភាពទឹកដី។

ទោះបីជាបទឈប់បាញ់ត្រូវបានកម្ពុជា-ថៃ ឯកភាពចុះហត្ថលេខា កាលពីថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ ២០២៥ ប៉ុន្តែក្រឡេកមើលសារព័ត៌មានក្នុងស្រុកថៃ បានបញ្ចេញវីដេអូ និងរូបភាពជាច្រើនក្នុងជម្លោះព្រំដែន ជាពិសេសបង្ហាញរូបភាពទីតាំងឈរជើង និងរូបភាពទាហានកម្ពុជាបាត់បង់ជីវិត ដើម្បីបញ្ឆេះកំហឹងពលរដ្ឋកម្ពុជា។ បើផ្អែកតាមប្រវត្តិសាស្រ្ត ភាគីថៃតែងតែប្រើសង្គ្រាមចិត្តសាស្រ្តញុះញង់ឱ្យពលរដ្ឋខ្មែរបែកបាក់សាមគ្គី ដូចជាក្នុងសម័យលង្វែកជាដើម។

អ្នកជំនាញទស្សនវិជ្ជាលោក ឈត ប៊ុនថង ក៏សង្កេតឃើញថា ក្នុងសង្គ្រាមដ៏ក្តៅគគុកនេះ​ភាគីថៃបានវាយប្រហារទាំងនៅលើសមរភូមិ និងប្រើសង្គ្រាមចិត្តសាស្ត្រ ដូចជាការប្រមាថមើលងាយនិងការបំភិតបំភ័យបំបាក់ទឹកចិត្តពលរដ្ឋកម្ពុជា។ ប៉ុន្តែសង្គ្រាមចិត្តសាស្រ្តនេះ មិនបានធ្វើឱ្យពលរដ្ឋខ្មែរបែកបាក់គ្នានោះទេ ផ្ទុយទៅវិញពលរដ្ឋសស្រាក់ដៃគ្នា និងជួយគ្នាទៅតាមលទ្ធភាពរបស់ពួកគេ។ ក្នុងន័យនេះ លោកបានជំរុញប្រជាពលរដ្ឋខ្មែរបន្តពួតដៃគ្នា សាមគ្គីជាធ្លុង កុំងាយបាក់ទឹកចិត្ត ហើយត្រូវជឿជាក់លើការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម