Connect with us

ព័ត៌មានជាតិ

ថៃស្នើលើកពេលកិច្ចប្រជុំ JBC ខណៈកម្ពុជាស្នើរៀបចំឡើងវិញនៅសៀមរាបក្នុងសប្ដាហ៍ទី២ ឬទី៣ ខែមករា

បានផុស

នៅ

ភាគីថៃបានស្នើសុំលើកពេលរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា–ថៃ ដែលគ្រោងនឹងរៀបចំឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។ នេះបើតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនឱ្យដឹងនៅថ្ងៃទី៥ ខែមករា បន្ទាប់ពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានស្នើទៅភាគីថៃឱ្យចូលប្រជុំ ដើម្បីពិភាក្សាបញ្ហាព្រំដែនដែលនៅមានការមិនឯកភាពរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មាន ឆ្លើយតបនឹងការស្នើសុំលើកពេលពីភាគីថៃ ភាគីកម្ពុជាបានស្នើជាថ្មី តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឱ្យរៀបចំកិច្ចប្រជុំពិសេស JBC កម្ពុជា–ថៃ ឡើងវិញ នៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាសំខាន់ៗជាច្រើន។

តាមការបញ្ជាក់ កិច្ចប្រជុំនេះ នឹងផ្តោតលើការពិភាក្សាការងារវាស់វែង និងខណ្ឌសីមាព្រំដែន ព្រមទាំងដោះស្រាយបញ្ហាដែលកម្ពុជាអះអាងថា យោធាថៃបាននិងកំពុងធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ដូចជា ការរាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ការឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងការហាមឃាត់មិនឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅរស់នៅក្នុងលំនៅឋានរបស់ខ្លួនវិញ។

ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានស្នើបន្តចុះអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅតាមកំណាត់ខ្សែព្រំដែនសំខាន់ៗ រួមមាន ចន្លោះបង្គោលព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅតំបន់ព្រំដែនផ្សេងទៀត ដូចជា កំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 33-37 តំបន់បឹងត្រកួន តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា តំបន់អូរភ្លុកដំរី និងតំបន់ព្រំដែនច១ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

បន្ថែមពីនេះ ភាគីកម្ពុជាបានស្នើបញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង នៅតាមកំណាត់ខ្សែព្រំដែនដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយ ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់ JBC កម្ពុជា–ថៃ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ភាគីកម្ពុជាបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា–ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) និងផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ផែនទី និងឯកសារច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

ស្ថាប័ននេះក៏បានអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងក្នុង និងក្រៅប្រទេស ឱ្យជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលបន្តអនុវត្តភារកិច្ចដោយតម្កល់ឧត្តមប្រយោជន៍ជាតិ ការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ជាអាទិភាពខ្ពស់បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម