Connect with us

ព័ត៌មានជាតិ

លែងផ្ទុះអាវុធ១ខែ ប៉ុន្តែពលរដ្ឋខ្មែរ​ជាង១១ម៉ឺននាក់នៅតែមិនទាន់អាចទៅផ្ទះបាន ព្រោះទង្វើយោធាថៃ

បានផុស

នៅ

ទោះបីជាបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមាន លែងមានការផ្ទុះអាវុធដាក់ រយៈពេល១ខែទៅហើយក្ដី ក៏ពលរដ្ឋខ្មែរស្លូតត្រង់ជាង១១ម៉ឺននាក់នៅតែមិនទាន់អាចត្រឡប់ទៅរស់នៅក្នុងផ្ទះសម្បែងវិញបានឡើយ ព្រោះតែសកម្មភាពមួយចំនួនរបស់យោធាថៃរារាំង ឈូសឆាយកម្ទេចផ្ទះពលរដ្ឋខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងមហាផ្ទៃកម្ពុជា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានាចំនួន ១១២.១៦៤នាក់ទៀត ក្នុងនោះស្ត្រីមាន៥៨.៧៣៨នាក់ និងកុមារ៣៦.៦៨៦នាក់ មិនទាន់អាចវិលទៅផ្ទះវិញបានឡើយ។

សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥  កម្ពុជា-ថៃ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិល ត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។

ប៉ុន្តែចាប់តាំងពីថ្ងៃនោះមកដល់ថ្ងៃទី២៨ ខែ មករា នេះ គឺមានតែពលរដ្ឋខ្មែរភៀសសឹកប្រមាណជាង៥៣ម៉ឺននាក់ទេ ដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន។នេះបើតាមក្រសួងមហាផ្ទៃកម្ពុជា។

ក្រសួងមហាផ្ទៃ បញ្ជាក់នៅថ្ងៃទី២៨ ខែមករា នេះ ថា បទឈប់បាញ់រវាងកម្ពុជានិងថៃ អនុវត្តបាន១ខែ ភាគីទាំងសងខាង ពុំបានផ្ទុះអាវុធដាក់គ្នាក៏ពិតមែន ប៉ុន្តែកម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់ នូវសកម្មភាពមិនស្មោះត្រង់មួយ ចំនួនរបស់ភាគីថៃ។ ចំណែកផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន របស់ភាគីថៃនោះ ក៏នៅតែជាបន្ទុកដែលត្រូវដោះស្រាយយ៉ាងអាទិភាពជាបន្តបន្ទាប់ដែរ។

ក្រោយពីបទឈប់បាញ់បានចូលជាធរមាន យោធាថៃបានធ្វើសកម្មភាពឈូសឆាយផ្ទះពលរដ្ឋខ្មែរ រាយបន្លាលួស ដាក់ទូរកុងតឺន័រ ចូលជ្រៅមកក្នុងទឹកដីកម្ពុជា ក្នុងតំបន់ចំនួន១៤ នៅខេត្តចំនួន៤ដូចជាពោធិ៍សាត់, បន្ទាយមានជ័យ, ឧត្ដរមានជ័យ និងព្រះវិហារ។  

រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញដំណោះស្រាយបន្ទាន់ជូនពលរដ្ឋខ្មែរដែលមិនទាន់វិលត្រឡប់ទៅផ្ទះវិញបានតាមរយៈការសង់ជម្រកបណ្តោះអាសន្នជូន ដោយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ  និងអភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹកដោយគិតគូរទៅលើទីតាំងរស់នៅល្អប្រសើរ មានសុវត្ថិភាព អនាម័យ និងសុខភាពល្អ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម