Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ ចុះពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅផ្ទះ

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ អមដំណើរដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹក ដែលមិនទាន់អាចចូលទៅលំនៅដ្ឋានរបស់ខ្លួនវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអញ្ជើញចុះពិនិត្យមានការចូលរួមពីប្រតិភូក្រសួងស្ថាប័នពាក់ព័ន្ធ, លោកប្រធានមន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុក និងឃុំ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ ការសាងសង់ជម្រកបណ្តោះអាសន្ននេះ ដោយយោងតាមការពិនិត្យជាក់ស្តែងឃើញពីផលលំបាករបស់បងប្អូនជនភៀសសឹក ជាពិសេសជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន។ ក្នុងនោះ ក្រុមការងារ បានដាក់សំណើទៅអន្តរក្រសួង ដើម្បីពិនិត្យពីលទ្ធភាពកសាងជម្រកបណ្តោះអាសន្នជូនបងប្អូនជនភៀសសឹក សំដៅជួយលើកកម្ពស់សុខុមាលភាពដល់ជនភៀសសឹក។ ការរៀបចំជម្រកបណ្តោះអាសន្ននេះ គឺបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីជួយឱ្យជនភៀសសឹកមានទីតាំងរស់នៅល្អប្រសើរ មានសុវត្ថិភាព អនាម័យ និងសុខភាពល្អ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក៏បានដាក់ពាក្យប្ដឹងទៅកាន់លោកស្រី Paula Gaviria Betancur អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសសឹកក្នុងប្រទេស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចំពោះករណីរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរ ពីសំណាក់យោធាថៃ។ ទង្វើរបស់យោធាថៃ បានធ្វើឱ្យជនភៀសសឹកកម្ពុជា ក្លាយជាជនគ្មានផ្ទះសម្បែង និងជាជនរងគ្រោះ ចំពោះការបណ្តេញចេញតាមទំនើងចិត្ត ដែលជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់។

គ.ស.ម.ក សង្កត់ធ្ងន់ថា ទោះបីជាមានសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ (កិច្ចព្រមព្រៀងបទឈប់បាញ់) យ៉ាងណាក៏ដោយ ក៏ជនភៀសសឹកកម្ពុជា ច្រើនជាង ១១៥ ០០០ នាក់ នៅតែមិនអាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញបាន ដោយសុវត្ថិភាព និងតាមការស្ម័គ្រចិត្តនៅឡើយទេ បើគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដោយសារ សកម្មភាពខុច្បាប់របស់យោធាថៃ រួមមានការកម្ទេចផ្ទះរបស់ប្រជាជនស៊ីវិលកម្ពុជា ក្នុងតំបន់ដែលយោធាថៃ បានឈ្លានពាននិងកាន់កាប់ដោយខុសច្បាប់ ក៏ដូចជាការដាក់ពង្រាយបន្លាលួស និងទូកុងតឺន័រ។

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៧​ខែមករា មានពលរដ្ឋភៀសសឹក៩៩២នាក់បន្ថែមទៀត បានបន្តវិល​ត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬជាង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានាចំនួន១១៣.០៤០នាក់ទៀត ក្នុងនោះស្រី្តមាន៥៩.១៥៩នាក់ និងកុមារ៣៧.០៨៨នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម