Connect with us

ព័ត៌មានជាតិ

ខ្សែភាពយន្តប្រវត្តិសាស្ត្រ «សោកនាដកម្មភ្នំខ្មោច» ដែលរំលេចពីយោធាថៃធ្វើបាបភៀសសឹកខ្មែរ ត្រៀមចាក់បញ្ចាំងនៅចុងឆ្នាំនេះ

បានផុស

នៅ

ផលិតកម្ម LD Pictures កំពុងសម្ងំផលិតខ្សែភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ដែលសាច់រឿងនឹងលាតត្រដាងពីទង្វើព្រៃផ្សៃរបស់យោធាថៃ មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលជាជនភៀសសឹកកាលពីអតីតកាល ហើយត្រូវបានយោធាថៃសម្លាប់រង្គាលរាប់ម៉ឺននាក់ និងបង្ខំឱ្យដើរឆ្លងកាត់ចម្ការមីន។

គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ការថតសាច់រឿងត្រូវបានបញ្ចប់រួចរាល់ហើយ ខណៈក្រុមការងារកំពុងមមាញឹកក្នុងដំណាក់កាលកាត់ត និងធ្វើ Post-Production ដែលជារួមសម្រេចបានប្រមាណ ៧០%។ ខ្សែភាពយន្តនេះ គ្រោងនឹងដាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងស្រុក អំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់លោក លៀក លីដា ម្ចាស់ផលិតកម្ម LD Pictures ក្នុងបទសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី១២ ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងចេញពីបន្ទប់កាត់ត លោក លៀក លីដា បានឱ្យដឹងថា ក្រុមការងារកំពុងបន្តធ្វើ Post-Production ដំណាក់កាលទី១ ហើយមានគោលដៅបញ្ចប់ឱ្យបានមុនខែកក្កដា ដើម្បីដាក់ស្នើខ្សែភាពយន្តបែបប្រវត្តិសាស្រ្តនេះទៅកាន់មហោស្រពភាពយន្តអន្តរជាតិធំៗ (Film Festival )ជុំវិញពិភពលោក។ លោកបញ្ជាក់ថា មហោស្រពភាពយន្ត នឹងបិទទទួលពាក្យនៅក្នុងខែកក្កដានេះ ដូច្នេះក្រុមការងារកំពុងពន្លឿនការរៀបចំឯកសារនិង File ឱ្យរួចរាល់ទាន់ពេល។

លោក លៀក លីដា (ពាក់វែនតា)

លោកបានបន្ថែមថា គោលបំណងសំខាន់ដែលស្នើទៅ Film Festival គឺចង់ឱ្យខ្សែភាពយន្តប្រវត្តិសាស្ត្រមួយនេះ ទៅដល់ទស្សនិកជនអន្តរជាតិឱ្យបានទូលំទូលាយ តាមរយៈការចូលរួមក្នុង Film Festival នានា ទោះបីជាការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ មិនមែនជារឿងងាយស្រួលក៏ដោយ។ ដំបូងឡើយ ខ្សែភាពយន្តនេះគ្រោងនឹងចាក់បញ្ចាំងនៅខែកក្កដា ឆ្នាំ២០២៦ ប៉ុន្តែដោយសារមានផែនការដាក់ស្នើទៅកាន់មហោស្រពភាពយន្តអន្តរជាតិ ទើបកាលបរិច្ឆេទចាក់បញ្ចាំងក្នុងស្រុក ត្រូវបានពន្យារទៅចុងឆ្នាំវិញ។

សម្រាប់ការចាក់បញ្ចាំង «សោកនាដកម្មភ្នំខ្មោច» លោក លៀក លីដា អះអាងថា មានគោលបំណងសំខាន់ៗដូចជា ដើម្បី បង្ហាញការពិតអំពីសោកនាដកម្មដែលបានកើតឡើងលើជនភៀសសឹកខ្មែរ ព្រមទាំងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដោយបង្ហាញថា អ្នកណាជាអ្នកសម្លាប់ និងអ្នកណាជាអ្នកបង្ខំឱ្យពលរដ្ឋខ្មែរស្លាប់ដើរនៅលើចម្ការមីន។

លោកសង្កត់ធ្ងន់ថា៖«សម្រាប់ការផលិតរឿងនេះ ដើម្បីចង់ជម្រាបទៅដល់យុវជនខ្មែរយើងឱ្យស្គាល់ច្បាស់ពីប្រវត្តិសាស្រ្តភ្នំខ្មោច ឱ្យគាត់ច្បាស់ពីប្រវត្តិសាស្រ្តដែលនៅភៀសសឹកដែលត្រូវបានគេធ្វើបាប។ ហើយឥឡូវនេះខ្មែរយើងត្រូវបានថៃលាបពណ៌ថា ពួកគេជាអ្នកមានគុណ ព្រោះខ្ញុំបានឃើញឯកសារមួយចំនួនដែលបានសរសេរដោយថៃ គេថាគេជាអ្នកមានគុណលើយើង គេឱ្យដីនៅហើយ គេឱ្យជម្រកនៅហើយបែរជាអត់ចង់ចេញពីដីគេ ចង់យកទឹកដីគេ»។

ត្រង់ចំណុចនេះ ដែលជាការបំផុសគំនិតដល់ផលិតករដ៏ល្បីល្បាញលោក លៀក លីដា ផលិតចេញសាច់រឿង “សោកនាដកម្មភ្នំខ្មោច” នេះឡើង ដើម្បីឱ្យយុវជនខ្មែរ ជាពិសេសក្មេងៗជំនាន់ក្រោយ Gen Z បានដឹងពីប្រវត្តិសាស្រ្តចៀសវាងចាញ់បោកការបំភាន់ប្រវត្តិសាស្រ្តពីខ្មាំងសត្រូវ។ មួយវិញទៀត ការផលិតសាច់រឿងនេះ គឺជាយុទ្ធនាការ បណ្តុះមនសិការស្នេហាជាតិរបស់យុវជនខ្មែរឱ្យចេះស្រឡាញ់ជាតិ និងបញ្ជ្រាបការយល់ដឹងថា អ្នកជិតខាងយើងមានចរិកបែបណាមកលើខ្មែរយើងព្រោះវាជារឿងសំខាន់។

លោកបន្ទោរទៀតថា សាច់រឿងនេះនឹងបង្ហាញពីទង្វើព្រៃផ្សៃរបស់យោធាថៃ ដែលបានធ្វើបានមកលើជនភៀសសឹកដែលរត់ទៅជ្រកកោននៅប្រទេសណាមួយដើម្បីស្វែងរកជំនួយ ផ្ទុយទៅវិញពលរដ្ឋខ្មែរស្លូតត្រង់ត្រូវបានស្លាប់រង្គាលរាប់ម៉ឺននាក់ ដែលមានន័យថា នេះជាអំពើប្រល័យពូជសាសន៍ខុសទៅនឹងច្បាប់អន្តរជាតិ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោកសង្កត់ធ្ងន់ថា៖«មួយវិញទៀត ឆ្លុះបញ្ចាំងពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរនៅពេលដែលយោធាថៃបង្ខំពួកគាត់ឱ្យចុះជ្រោះ ដើរកាត់ចម្ការមីន។ នៅក្នុងសាច់រឿងនេះក៏នឹងរំលេចផងដែរនូវការសង្គ្រោះរបស់កងរំដោះរណសិរ្សសាមគ្គី សង្គ្រោះជាតិ ៧ មករា»។

យ៉ាងណាមិញ ផលិតករ លៀក លីដា អះអាងថា៖«ការផលិតរឿងនេះ មិនមែនជាការញុះញង់ ប៉ុន្តែជាការចង់ចាំ ព្រោះនៅក្នុងប្រទេសជុំវិញពិភពលោកអ្នកផលិតរឿង (Film maker) មានសិទ្ធិក្នុងការផលិត រឿងបែបប្រវត្តិសាស្រ្តពិតដែលបានកើតឡើងនៅក្នុងប្រទេសរៀងៗខ្លន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម