ព័ត៌មានជាតិ
សមិទ្ធផលដ៏ធំធេងថ្មីមួយទៀត! វត្ថុបុរាណខ្មែរចំនួន៧៤រូបត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា វត្ថុបុរាណខ្មែរចំនួន៧៤រូប ដែលទាមទារបានពីការកាន់កាប់របស់លោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford) ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយអនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០។
សេចក្តីជូនដំណឹងក្រសួងវប្បធម៌ នៅថ្ងៃទី២៧ ខែកុម្ភៈនេះ បានបញ្ជាក់ថា ៖«ការបញ្ជូនត្រឡប់មកវិញនូវមរតកវប្បធម៌ខ្មែរដែលមានចំនួនដ៏ច្រើននេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មី មួយទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការបញ្ជូនវត្ថុបុរាណខ្មែរសំខាន់ៗមួយចំនួនពីគ្រួសារ លោក ឡាច់ហ្វដ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ដើម្បីប្រមូលមកវិញ ថែរក្សា និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ»។

វត្ថុសិល្បៈទាំងនេះមានអាយុកាលតាំងពីសម័យមុនអង្គរ រហូតដល់សម័យរុងរឿងនៃចក្រភពអង្គរ មាន ជាអាទិ៍ បដិមាដ៏ល្អឯកសាងពីថ្មភក់ និងលោហធាតុ ព្រមទាំងវត្ថុប្រើប្រាស់ក្នុងកិច្ចពិធីផ្សេងៗ។ ក្នុងចំណោមវត្ថុ សំខាន់ៗទាំងនេះ មានបដិមាដ៏ពិចិត្រចំនួន២ សាងពីថ្មភក់នាដើមសម័យអង្គរស្ថិតក្នុងរវាង៥០ឆ្នាំដំបូងនៃសតវត្ស ទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដែលលោក ឡាចហ្វដ បានអះអាងថាមានប្រភពដើមមកពីភ្នំគូលែន។ បដិមាទេពប្រុសនិងទេពស្រីទាំង២នេះ ត្រូវបានចាត់ទុកជាស្នាដៃសិល្បៈគំរូមួយ ដែលត្រូវបានសាងក្នុងដំណាក់កាលដំបូងនៃការបង្កើតចក្រភពអង្គរ ហើយជាញឹកញាប់ត្រូវបានគេហៅថា “បដិមាមួយគូ”។
ជាមួយគ្នានេះ ផ្អែកតាមភស្តុតាងនានាបញ្ជាក់ថា បដិមាទេពស្រី ជាវត្ថុបុរាណដ៏កម្រមួយនៃរចនាបថគូលែន។ ក្រៅពីនេះ មាន ព្រះសិរ្សព្រះព្រហ្ម សាងពីថ្មភក់ និងបដិមាយក្ស (រាក្ស័ស) មកពីតំបន់ប្រាសាទកោះកេរ។ ព្រះសិរ្សព្រះព្រហ្ម ដែលមានទម្រង់ព្រះភក្ត្រស្ងប់ និងពោរពេញដោយអំណាច ដើមឡើយជាប់ជាមួយនឹងដងខ្លួនស្ថិតក្នុងប្រាសាទធំមួយ ដែលបង្ហាញពីទស្សនៈលោកធាតុ និងភាពប្រណិតនៃរចនាបថកោះកេរ។ វត្ថុពិចិត្រមួយទៀតនោះគឺ បដិមាសំរិទ្ធរចនាបថបាខែង ដែលជាស្នាដៃឯកបង្ហាញពីការវិវត្តផ្នែកបដិមាសាស្ត្រនាដើមសម័យអង្គរ។
វត្ថុទាំង៧៤នេះ ពុំមែនគ្រាន់តែជាស្នាដៃសិល្បៈទេ តែជាសាក្សីរស់នៃបញ្ញាញាណនិងទេពកោសល្យ របស់បុព្វបុរស និងដួងព្រលឹងនៃអារ្យធម៌ខ្មែរ។ អស់ជាច្រើនទសវត្សរ៍កន្លងមក រតនវត្ថុជាច្រើនបានឃ្លាត ចាកឆ្ងាយពីមាតុភូមិក្នុងអំឡុងពេលសង្គ្រាម និងចលាចលក្នុងប្រទេស។ ការវិលត្រឡប់មកវិញនៃរតនវត្ថុទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរកយុត្តិធម៌សម្រាប់មរតកវប្បធម៌របស់ខ្លួន និងបញ្ជូនសារយ៉ាងច្បាស់ទៅកាន់សកលលោកថា ប្រជាជនកម្ពុជាបន្តរួមគ្នាជាធ្លុងមួយក្នុងការការពារថែរក្សាសម្បត្តិវប្បធម៌ជាតិ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួន ក្នុងការថែរក្សាការពារ និងលើកស្ទួយបេតិកភណ្ឌវប្បធម៌បុរាណសម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់មនុស្សជាតិទាំងមូល។

ការបញ្ជូនមកវិញនូវវត្ថុដ៏ច្រើនកាន់កាប់ដោយលោក ឡាចហ្វដ នាពេលនេះ សបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជាដោយការព្យាយាម និងទំនួលខុសត្រូវ។ កម្ពុជាសូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ធ្វើការដោយភាពស្មោះត្រង់ជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន ស្ថាប័ន និងរដ្ឋាភិបាលនានាជុំវិញពិភពលោក ដើម្បីធានាថា មរតកវប្បធម៌ខ្មែរជាទីសក្ការៈត្រូវបានវិលត្រឡប់មកកាន់ប្រទេសដើមវិញ។ រាល់ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ជាតិ គឺមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងការព្យាបាលរបួសផ្លូវចិត្ត និងការស្តារឡើងវិញនូវ វប្បធម៌ជាតិ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


