ព័ត៌មានជាតិ
វត្ថុបុរាណខ្មែរចំនួនពីរមានអាយុកាលប្រមាណ១ពាន់ឆ្នាំនឹងត្រូវបញ្ជូនពីអាម៉េរិកមកជួបជុំត្រកូលនៅកម្ពុជាវិញ
វត្ថុបុរាណខ្មែរចំនួនពីរ ដែលមានអាយុកាលប្រមាណ១ពាន់ឆ្នាំ នឹងត្រូវបញ្ជូនមកកម្ពុជាវិញដែលជាម្ចាស់កម្មសិទ្ធិដើម បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតាន បានរឹបអូសពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយបញ្ជាក់ទៀតថា ពិធីប្រគល់-ទទួលជាផ្លូវការនូវវត្ថុបុរាណទាំងពីរនេះ ប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ាន់ហាតាន ទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យដឹងថា វត្ថុបុរាណទាំងពីរនេះរួមមាន៖ (១) ផ្តែរធ្វើពីថ្មភក់ មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្ស ទី៧ ឬទី៨ គ.ស. និង (២) បដិមាធ្វើពីថ្មភក់ (អាចសម្គាល់ជារូបអសុរ ហិរណ្យកសិពុ) សម័យអង្គរ សតវត្សទី១០ ដែលមានប្រភពដើមមកពីប្រាសាទចិន ក្នុងតំបន់កោះកេរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គូសបញ្ជាក់ថា អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ នៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាននៃសហរដ្ឋអាម៉េរិក បានផ្តល់ភស្តុតាងទៅ សារមន្ទីរសិល្បៈមេត្រូប៉ូលីតាន ដោយបញ្ជាក់ថា វត្ថុបុរាណទាំងពីរនេះពាក់ព័ន្ធនឹងបណ្តាញជួញដូររបស់អ្នកស្រី Nancy Wiener ដែលត្រូវបានកាត់ទោសពីបទជួញដូរវត្ថុបុរាណដោយខុសច្បាប់ ទើបសារមន្ទីរសិល្បៈពិនិត្យលើឯកសារភស្តុតាង ហើយយល់ព្រមប្រគល់វត្ថុបុរាណទាំងពីរត្រឡប់មកកម្ពុជាវិញ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វាយតម្លៃថា ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន គឺជាដៃគូដ៏ជិតស្និទ្ធជាមួយកម្ពុជា ក្នុងកិច្ចការស្រាវជ្រាវ និងទាមទារបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកវិញ ពោលក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ដំណើរការស៊ើបអង្កេត ស្វែងរកភស្តុតាងរបស់អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ពាក់ព័ន្ធនឹងបណ្តាញរបស់អ្នកស្រី Wiener និងរចនាសម្ព័ន្ធ ជួញដូរទ្រង់ទ្រាយធំ ដែលក្នុងនោះមាន អ្នកស្រី Wiener រួមទាំងលោក Douglas Latchford និងក្រុមហ៊ុន Spink & Son បានឈានដល់ការបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បង្ហាញការដឹងគុណដល់រដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន និងអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ជាពិសេស លោក Matthew Bogdanos ជំនួយការរដ្ឋអាជ្ញា និងក្រុមការងារស៊ើបអង្កេត ចំពោះការបន្តប្តេជ្ញាចិត្តលើគោលការណ៍ដែលថា ការជួញដូរសម្បត្តិវប្បធម៌ដែលត្រូវបានគេលួច មិនត្រឹមតែជាបទឧក្រិដ្ឋប្រឆាំងនឹងប្រទេសដើមនៃវត្ថុទាំងនោះទេ ប៉ុន្តែជាបទឧក្រិដ្ឋក្រោមច្បាប់ នៃរដ្ឋញូវយ៉ក។
គួររម្លឹកថា កាលពីខែធ្នូ ឆ្នាំ២០២៣ សារមន្ទីរសិល្បៈមេគ្រូប៉ូលីតាន បានប្រគល់វត្ថុបុរាណខ្មែរចំនួន១៤រូប ជូនមក កម្ពុជាវិញ បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំមក។

កាលពីឆ្នាំ២០២៤ ក្នុងពិធីទទួលវត្ថុបុរាណដែលបញ្ជូនពីសហរដ្ឋអាម៉េរិកមកកម្ពុជាវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់ថ្លែងថា បើកម្ពុជាគ្មានសង្គ្រាម ក្រុមជនទុច្ចរិតក៏មិនមានឱកាសអាចលួចយកសម្បត្តិវប្បធម៌ដូនតាខ្មែរទៅលក់ឱ្យបរទេស ហើយព្រលឹងដូនតាខ្មែរក៏មិនត្រូវឃ្លាតឆ្ងាយពីប្រទេសកំណើតឡើយ។
សម្ដេចធិបតី វាយតម្លៃថា សន្តិភាព គឺពិតជា មានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ។ បច្ចុប្បន្ននេះ ដោយសារកម្ពុជាមានសន្តិភាព និង ឯកភាពជាតិឡើង កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ និងមានសុវត្ថិភាពសម្រាប់ការវិលត្រឡប់នៃអាទិទេព ដែលជានិមិត្តរូប នៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ។
សម្តេច ហ៊ុន ម៉ាណែត ធ្លាប់អំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរនៅបរទេសទាំងអស់ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ។ សម្ដេច ក៏អះអាងថា វត្ថុបុរាណដែលបរទេសប្រគល់ជូនមកកម្ពុជាវិញ ជាមរតកវប្បធម៌ជាតិ ដែលមានតម្លៃពុំអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


