ព័ត៌មានជាតិ
នៅចំពោះមុខអគ្គនាយកអង្គការយូណេស្កូ រដ្ឋមន្រ្តីក្រសួងវប្បធម៌ប្តេជ្ញាការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌
នៅចំពោះមុខអគ្គនាយកអង្គការយូណេស្កូ រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការការពារ ថែរក្សា និងអភិរក្ស បេតិកភណ្ឌវប្បធម៌របស់កម្ពុជា ទាំងរូបី និងអរូបី។
ការប្តេជ្ញានេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា និងលោក Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ ក្នុងឱកាសបានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ២០០៣ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» ដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

នេះជាជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការយូណេស្កូ។ ក្នុងជំនួបដ៏កម្រនេះ ភាគីកម្ពុជាបញ្ជាក់ថាជាថ្មីនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ទាំងរូបី និងអរូបី។
ជាការឆ្លើយតប លោក Khaled El-Enany បានបង្ហាញពីតួនាទីនិងការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូការក្នុងការប្រើប្រាស់វប្បធម៌ និងបេតិកភណ្ឌវប្បធម៌ជាស្ពានសម្រាប់កិច្ចសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងការលើកកម្ពស់សន្តិភាព ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ និងភាពតានតឹងនៅតំបន់ជាច្រើន។
កិច្ចពិភាក្សា ក៏បានផ្តោតជាសំខាន់លើការអនុវត្តកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ស្របតាមគោលការណ៍នៃអនុសញ្ញាឆ្នាំ២០០៣។ ក្នុងនោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីការរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិករបស់ព្រះរាជាណាចក្រកម្ពុជាក្នុងអង្គការយូណេស្កូ ព្រមទាំងផែនការដំណើរទស្សនកិច្ចរបស់លោក Khaled El-Enany មកកាន់កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងជាឱកាសដ៏សំខាន់ក្នុងការរំលេចសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងយូណេស្កូ ក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍កន្លងមក។

គួរជម្រាបថា ក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ ដែលកំពុងប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាល អង្គការយូណេស្កូ នៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ ហើយមានការចូលរួមពីរដ្ឋភាគីចំនួន១៨៥ប្រទេស កម្ពុជាត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រជាប់ ជាសមាជិកគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០។
គណៈប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងសម័យប្រជុំនេះដឹកនាំដោយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា ព្រមទាំងមានការចូលរួមដោយលោក ឡុង កុសល ឯកអគ្គរាជទូតប្រតិភូអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការយូណេស្កូ និងក្រុមការងារអន្តរក្រសួងអញ្ជើញមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងគណៈកម្មកាជាតិយូណេស្កូកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


