Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីហាមយកឡានពន្លត់អគ្គីភ័យបាញ់ទឹកលេង រាំរែក ប៉ាតម្សៅ ងាកមកលេងល្បែងប្រជាប្រិយខ្មែរវិញ

បានផុស

នៅ

នាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន ម៉ាណែត  ហាមមិនឱ្យយករថយន្តពន្លត់អគ្គីភ័យទៅបាញ់ទឹកលេង ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ និងប្រាក់យុវជនផ្អាកលេងប៉ាតម្សៅ បាញ់ទឹក ដោយត្រូវងាកមកលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីពង្រឹងវប្បធម៌ និងសាមគ្គីភាព។  សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ និងលើកទិដៅការងារឆ្នាំ២០២៦ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ដូច្នេះ៖«សកម្មភាពមួយចំនួនមិនគួរកើតមានទេ អាបាញ់ទឹកបាញ់អីហ្នឹង! អាបាញ់ឡានទឹកអីហ្នឹងទុកទៅ តាមខេត្តនីមួយៗទុកឡានបាញ់ទឹកហ្នឹងពន្លត់អគ្គីភ័យ ហើយមើល…ត្រៀមលក្ខណៈជាពិសេស មិនមែននិយាយលេងសើសទេ រឿងអគ្គីភ័យហ្នឹង គ្រោះថ្នាក់ច្រើនណាស់ ត្រូវយកចិត្តទុកដាក់ បាញ់សាប៊ូ បាញ់ទឹកអីកុំ!»។  

ផ្អែកតាម​ការកត់សម្គាល់ សម្ដេច ហ៊ុន ម៉ាណែត មើលឃើញថា កាលពីប៉ុន្មានឆ្នាំមុន ពលរដ្ឋខ្មែរមិនសូវនិយមលេងបាញ់ទឹកប៉ុន្មានទេ  ដោយកាលណោះពលរដ្ឋខ្មែរនិយមលេងល្បែងប្រជាប្រិយ ល្បែង​ប្រពៃណីខ្មែរ។ ដូច្នេះហើយ សម្ដេចនាយករដ្ឋមន្ត្រីអំពាវនាវឱ្យ ពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុលផុស ផ្អាកលេងប៉ាតម្សៅ បាញ់ទឹកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងចូលមកដល់នារយៈពេលប្រមាណ៤០ថ្ងៃខាងមុខ។  

សម្ដេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា៖« ប៉ាតម្សៅអីៗហ្នឹងទុកសិនទៅ សប្បាយដូចតែគ្នាទេ​ មិនបាច់មានអាកាំភ្លើងបាញ់ទឹកហ្នឹងទេ! បំផុសប្រពៃណីវប្បធម៌ សកម្មភាពជាច្រើនផ្សេងទៀតដែលមាន ដើម្បីឱ្យខេត្តនីមួយៗមានសកម្មភាព។… សកម្មភាពខ្លះគួរមិនបាច់មានទេឆ្នាំនេះ បំផុសរឿងវប្បធម៌សិល្បៈឱ្យច្រើន ការចូលរួមអីផ្សេងៗរឿងប្រពៃណី។»។

សម្ដេច ហ៊ុន ម៉ាណែត ក៏បានឱ្យបំផុសចលនាផ្សេងៗ ដើម្បីពលរដ្ឋខ្មែរបន្តមានសាមគ្គីភាព និងត្រូវតែគ្រប់គ្រងឱ្យបានចំពោះក្រុមក្មេងទំនើង កុំឱ្យបង្កការភ័័យខ្លាច និងប៉ះពាល់អាយុជីវិត សុវត្ថិភាពរបស់ពលរដ្ឋកម្ពុជា។

នៅក្នុងពិធីដដែល សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបន្តរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃនានា និងពិសេសការរៀបចំ «នគរសង្ក្រាន្ត» មិនមែនដើម្បីបង្វែរប្រជាជនឱ្យភ្លេចអំពីទង្វើឈ្លានពាន ការលំបាករបស់វីរកងទ័ព និងជនភៀសសឹកឡើយ ប៉ុន្តែការរៀបចំនេះ គឺដើម្បីសេដ្ឋកិច្ចកម្ពុជា វប្បធម៌ សាសនាឆ្ពោះទៅមុខ មិនដួលរលំ។

សម្ដេចនាយករដ្ឋមន្ត្រី អះអាងថា ការរៀបចំ«នគរសង្ក្រាន្ត» មិនមែនរដ្ឋាភិបាលបោះបង់ចោលកាតព្វកិច្ចគិតគូរអំពីទឹកដី ភ្លេចពីជនភៀសសឹក និងភ្លេចយោធិនឡើយ ប៉ុន្តែការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបង្ហាញពីភាពធន់ សាមគ្គីភាពរបស់កម្ពុជា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម