ព័ត៌មានជាតិ
នៅមុខមេដឹកនាំអាស៊ាន សម្ដេច ហ៊ុន ម៉ាណែតថា បើថៃស្មោះត្រង់ គួរតែចាប់ផ្ដើមវាស់វែង បោះបង្គោលព្រំដែនជាមួយកម្ពុជាឡើងវិញ
នៅចំពោះមុខមេដឹកនាំអាស៊ាន សម្ដេច ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាមិនទទួលសា្គល់ដាច់ខាតចំពោះការកែប្រែខ្សែបន្ទាត់ព្រំដែន និងអធិបតេយ្យភាព ដោយការប្រើកម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង។ ទន្ទឹមនេះ បទឈប់បាញ់រវាងកម្ពុជា-ថៃ កំពុងស្ថិតក្នុងស្ថានការណ៍ផុយស្រួយ។ សម្ដេចក៏បានសង្កត់ធ្ងន់ថា ប្រសិនបើថៃមានភាពស្មោះត្រង់ គោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ ថៃគួរចាប់ផ្ដើមវាស់វែង និងបោះបង្គោលព្រំដែនជាមួយកម្ពុជាបន្ទាន់ អនុលោមតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ សម្ដេច ថ្លែងដូច្នេះនៅចំពោះមុខនាយករដ្ឋមន្ត្រីថៃ អនុទីន ក្នុងវេទិកាអនាគតអាស៊ាន នារសៀលថ្ងៃទី៩ ខែមិថុនា។

សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា៖«ទាំងកម្ពុជា និងថៃបានបង្ហាញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តចំពោះការដោះស្រាយបញ្ហាដោយសន្តិវិធី និងការប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ទៅជាសន្តិភាពអចិន្ត្រៃយ៍។ ជាក់ស្ដែងភាគីទាំងពីរបន្តបង្ហាញការប្រកាន់ខ្ជាប់នូវសេចក្ដីថ្លែងការរួមចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។ ហេតុដូច្នេះ ភាគីទាំងពីរចាំបាច់ត្រូវអនុវត្តសេចក្ដីថ្លែងការណ៍រួមនេះទាំងស្រុងឲ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់។ ជាពិសេសគឺចំណុចទី៣ ដែលអំពាវនាវឲ្យមានការចាប់ផ្ដើមឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមាព្រំដែនឡើងវិញ ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។»។

គួរកត់សម្គាល់ថា ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជាធ្វើឡើង ស្របពេលភាគីថៃយកលេសជាបន្តបន្ទាប់ មិនចូលប្រជុំ និងអនុញ្ញាតឱ្យមានការវាស់វែង និងបោះបង្គោលព្រំដែនពីសំណាក់គណៈកម្មការចម្រុះព្រំដែន ប៉ុន្តែកងទ័ពថៃវិញបានបន្តបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (Faits accomplis)ឥតឈប់ឈរ។ ស្របពេលថ្មីៗនេះ ថៃបានបន្តមិនបញ្ជូនអ្នកជំនាញមកប្រជុំ និងមិនវាស់វែង បោះបង្គោលព្រំដែនឡើងវិញ ក្រោមលេស កម្ពុជាបញ្ជូន វិវាទដែនសមុទ្រត្រួតស៊ីគ្នា ទៅដោះស្រាយក្រោមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ។

ទោះបីជាយ៉ាងណា សម្ដេច ហ៊ុន ម៉ាណែត អះអាងថា កម្ពុជា នៅតែបន្តផ្ដល់សារៈសំខាន់ខ្លាំងចំពោះទំនាក់ទំនង ជាមួយថៃ ដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ជាមួយនឹងការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ាន។ នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ថា ការប្រកាន់ខ្ជាប់ម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាកិច្ចសន្ទនា ស្មារតីសុចរិតភាព និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះ និងជាកត្តាចាំបាច់ ក្នុងការធានាថាអធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ដែលឈានទៅស្ដារឡើងវិញនូវទំនុកចិត្ត ការធានាបាននូវសន្តិភាពយូរអង្វែង និងការអនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់កម្ពុជា ដែលបានភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងវិញប្រកបដោយសុវត្ថិភាព និងសេចកីថ្លៃថ្នូរ ព្រមទាំងអាចស្ដារជីវភាពរស់នៅជាប្រក្រតីភាពឡើងវិញ។
ចំពោះវិវាទដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា សេចក្ដីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជាក្នុងការផ្ដួចផ្ដើមយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ បានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌និងយូរអង្វែងដែលផ្អែកលើមូលដ្ឋានរឹងមាំនៃច្បាប់អន្តរជាតិ។
នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ប្រទេសថៃក្នុងការចូលរួមកិច្ចសម្របសម្រួលក្រោមៗខណ្ឌ UNCLOS នេះ គឺជាជំហានគួរឲ្យស្វាគមន៍មួយឆ្ពោះទៅរកការដោះស្រាយដោយសន្តិវិធីលើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ទៅកាន់មេដឹកនាំអាស៊ានថា ៖«ដំណោះស្រាយនេះ គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងស្មារតីនេះកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទន្ទឹងរង់ចាំការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងបណ្ដាប្រទេសជាសមាជិកអាស៊ានចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃស្របតាមច្បាប់អន្តរជាតិព្រមទាំងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។កម្ពុជាទន្ទឹងរង់ចាំនូវការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់។»៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


