Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ ឱ វណ្ណឌីន៖ បើសិន​ជំងឺ​កូវីដ១៩ ​ផ្ទុះឡើងថ្មីទៀត អាចនឹងមានគ្រោះថ្នាក់ខ្លាំងជាងពេលនេះ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបា នៅថ្ងៃទី២៥  ខែមេសា  ឆ្នាំ២០២១ បានផ្ញើសារជូនសាធារណៈជនថា ទាំងអស់គ្នាអាចគេងលក់ស្រួលបាន  ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា  អាចត្រូវបានការពារ  និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩ ហើយបើការផ្ទុះឡើងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត អាចនឹងមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត។

លោកស្រី  ឱ  វណ្ណឌីន  រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល  និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ក្នុងក្របខណ្ឌទូទាំងប្រទេស  (គ.វ.ក-១៩) លើកឡើងថា នៅផ្ទះ គឺជាជម្រើសដ៏ល្អមួយ សម្រាប់ការពារការចម្លងជំងឺកូវីដ-១៩។ វិធានការបិទខ្ទប់  គឺជាវិធានការបណ្តោះអាសន្ន ប៉ុណ្ណោះដែលមានពេលកំណត់មិនមែនជាការចាក់សោរជារៀង​រហូតដែលមនុស្សមិនអាចធ្វើអ្វីបាននោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី មានប្រសាសន៍ថា៖ “វាជាការចាំបាច់ណាស់ ដែលយើងត្រូវរៀបចំទុកជាមុន  មុននឹងពេលដើរចេញពីវិធានការបិទខ្ទប់។ បើមិនដូច្នោះទេ  ការផ្ទុះឡើងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត នឹងអាចកើតឡើង  ហើយអាចមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត ព្រោះនៅពេលនោះ មនុស្សគ្រប់គ្នាទាំងអ្នកចាត់ចែងដាក់វិធានការ និងអ្នកដែលត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លង ជំងឺដ៏កាចសាហាវនេះ មានការហត់នឿយ និងអស់ថាមពលទៅហើយ ចុះទម្រាំមានការផ្ទុះចេញសារជាថ្មីទៀតនោះ នៅពេលដែលកម្លាំងយើងមិនទាំងទាន់បានស្រាកស្រាន្តផងនោះ ឬអាចនិយាយបានថា អស់ថ្ម  តែថ្មនោះមិនទាន់ទាំងបានសាកបញ្ចូលពេញវិញផង តើនឹងក្លាយទៅជាយ៉ាងណា?”

លោកស្រីបន្តថា៖ “ធនធានប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការចម្លងដែលជានិន្នាការចម្លងមួយដែលអាចកើតមានជាបន្តបន្ទាប់ ប្រសិនបើបុគ្គលម្នាក់ៗ និងសហគមន៍ មិនធ្វើសកម្មភាពជាមួយគ្នា ជួយគ្នា ដើម្បីការពារការផ្ទុះឡើងនូវការឆ្លងវីរុសកូវីដ-១៩ សារជាថ្មីឡើងវិញ បន្ទាប់ពីការដើរចេញពីវិធានការបិទខ្ទប់នាពេលខាងមុខ (ទោះជាការដើរចេញនូវវិធានការបិទខ្ទប់អាចកើតមានក្នុងពេលឆាប់ ឬយូរក៏ដោយ)។ ខ្ញុំសឹងតែមិនហ៊ានគិតដល់ចំណុចនោះទេ តែខ្ញុំត្រូវតែបង្ហាញជាមុន ដើម្បីជូនដល់លោកអ្នកមានការប្រុងប្រយ័ត្នលើចំណុច នេះទាំងអស់គ្នា”។

លោកស្រី បញ្ជាក់ថា បុគ្គលគ្រប់រូប អាចមានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ បាន ប្រសិនបើមនុស្សគ្រប់គ្នា អាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួនបានទាន់ពេល និងបានលឿនជាងការវាយលុករបស់វីរុសកូវីដ-១៩ ដោយសម្របខ្លួនឱ្យបានជាមួយនឹងជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី។ រាល់ទីតាំងដែលបិទជិត  ឬជាកន្លែងប្រមូលផ្តុំមនុស្សច្រើន ដូចជាហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន រោងកុន ទីផ្សារ និងរោងចក្រ-សហគ្រាដស ជាដើម ម្ចាស់ទីតាំង និងអតិថិជន ត្រូវតែគោរព និងអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការណ៍បង្ការជំងឺ ដែលណែនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ លាងដៃឱ្យបានត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១,៥ ម៉ែត្រឡើងជាដើម។  

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្ថែមថា៖ “ប្រសិនបើយើងមិនចង់វិលត្រឡប់ទៅរកស្ថានភាពបិទខ្ទប់វិញទេនោះ បុគ្គលម្នាក់ៗ ត្រូវរៀនសូត្រសម្រាប់ការផ្លាស់ប្តូររបៀបរស់នៅរបស់លោកអ្នកទៅរកស្ថានភាពធម្មតាតែមានការប្រុងប្រយ័ត្នការពារដូចបានរៀបរាប់ខាងលើ”។

លោកស្រីសូមជូនពរបងប្អូនទាំងអស់ សូមមានសុខភាពល្អ  និងមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  ដែលបានចូលរួមសហការគ្នាដើម្បីប្រយុទ្ធជាមួយសត្រូវអត់សម្រោលកូវីដ-១៩នេះ៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម