Connect with us

ព័ត៌មានជាតិ

នគរបាលស័ក្ដិ ៥ ម្នាក់ យកទូកុងតឺន័រដាក់ឃាំងមុខឃ្លាំង ១ កន្លែង នៅខណ្ឌកំបូល មិនឲ្យម្ចាស់ដីចេញចូលបាន ស្នើអភិបាលខណ្ឌជួយដោះស្រាយផង

បានផុស

នៅ

មន្ត្រី​នគរបាល​ម្នាក់ រង​ការ​ចោទ​ប្រកាន់​ថា បាន​យក​ទូ​កុងតឺន័រ និង​ដាំ​បង្គោល​របង​ថ្ម មក​ដាក់​ឃាំង​បាំង​ផ្លូវ​មិន​ឲ្យ​ម្ចាស់​ដី​​​ចេញ​ចូល​កាន់​​ឃ្លាំង​របស់​ខ្លួន​​បាន​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​​​ដាក់​ទូ​កុងតឺន័រ​ឃាំង​ផ្លូវ​នេះ​តាំងពី​ខែ​មករា ឆ្នាំ ២០២៦ មក​ម្ល៉េះ ដោយ​ម្ចាស់​ឃ្លាំង​អះអាង​ថា នគរបាល​ខាងលើ​ក៏​បាន​រំលោភ​យក​ដី​ចំណី​ផ្លូវ​សាធារណៈ និង​ប្រឡាយ​របស់​រដ្ឋ​ផង​ដែរ។

លោក សឿ មួយហេង ជា​ម្ចាស់​ដី​ខាង​លើ បាន​ប្រាប់​ថា លោក ហួន លន់ ដែល​ជា​មន្ត្រី​នគរបាល​ពាក់ស័ក្ដិ ៥ មាន​ដី​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃកី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល។ ពេល​រដ្ឋ​កសាង​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ហៅ «មហាវិថី ស៊ី ជីនពីង» លោក ហួន លន់ បាន​លក់​ដី​របស់​គាត់​នៅ​ទីនោះ ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ អស់ហើយ។

លោក​បាន​បន្ត​ថា ក្រោយ​លក់​ដី​របស់​ខ្លួន​អស់ ស្រាប់តែ​ឃើញ​ដី​តំបន់​នោះ​មាន​តម្លៃ លោក ហួន លន់ បាន​ចាក់​ដី​លុប​រំលោភ​យក​ដី​ប្រឡាយ និង​ដី​ចំណី​ផ្លូវ ព្រមទាំង​យក​ទូ​កុងតឺន័រ និង​ដាំ​របង​ថ្ម​បាំង​ឃ្លាំង​របស់​គាត់​មិន​ឲ្យ​ចេញ​ចូល​តែម្ដង។

លោក​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​មន្ត្រី​នគរបាល​រូប​នេះ ប្រើប្រាស់​ទូ​កុងតឺន័រ និង​ជីក​របង​ថ្ម​បាំង​ឃ្លាំង មិន​ឲ្យ​ចេញ​ចូល​បែបនេះ លោក​ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​កំបូល ជួយ​ដោះស្រាយ​ដក​ទូ​កុងតឺន័រ និង​របង​ថ្ម​ចេញ​ដែរ ប៉ុន្តែ​ការ​ដោះស្រាយ ៣ ទៅ ៤ លើក​មក​ហើយ តែ​ដោះ​​ស្រាយ​មិន​ចេញ​សោះ។

លោក សឿ មួយហេង បាន​ទទូច​ស្នើ​ដល់ លោក ឃឹម ស៊ុនសូដា អភិបាល​ខណ្ឌ​កំបូល សូម​ជួយ​អន្តរាគមន៍​ជូន​លោក​ផង ដោយ​ធ្វើ​យ៉ាងណា​ឲ្យ លោក ហួន លន់ ដក​ទូ​កុងតឺន័រ និង​ដក​របង​ថ្ម​ចេញ ដើម្បី​លោក​មាន​ផ្លូវ​ចេញចូល​ឃ្លាំង​ផង​ដែរ។ សកម្មភាព​​ដាក់​ទូ​កុងតឺន័រ​បិទបាំង​ និង​រំលោភ​យក​​ដី​​ធ្វើ​កម្មសិទ្ធិ​បែបនេះ ធ្វើ​ឲ្យ​ពលរដ្ឋ​​ខ្មែរ​ទូទាំង​ប្រទេស​នឹក​​ឃើញ​ និង​ឈឺចាប់​បំផុត​ដល់​សកម្មភាព​ចោរ​ឈ្លាន​ពាន​សៀម​រំលោភ​បូរណភាព​​តាម​បណ្តោយ​បន្ទាត់ព្រំដែន​ តែមិន​នឹក​​ស្មានថា រូបភាព​នេះ​អាច​លេច​ឡើង​ជា​ថ្មីនៅទឹក​ដីជាយក្រុង​ភ្នំពេញ​បែបនេះ​ទាល់តែ​សោះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សឿ មួយហេង។

លោក​បន្ថែម​ថា លោក​ធ្លាប់​តែ​ឃើញ​យុទ្ធសាស្ត្រ​ទាហាន​ថៃ​យក​ទូ​កុងតឺន័រ​មក​ឡោមព័ទ្ធ​យក​ដី​ខ្មែរ និង​ផ្ទះ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន តែ​ពេលនេះ​លោក​បាន​ជួប​ផ្ទាល់​ហើយ​ដែល​មាន​គេ​យក​ទូ​កុងតឺន័រ​មក​ដាក់​ឃាំង​បែបនេះ​។

ពាក់ព័ន្ធ​បញ្ហា​នេះ នៅ​ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ ២០២៦ នេះ កម្ពុជា​ថ្មី មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក ហួន លន់ ដែល​ជា​មន្ត្រី​នគរបាល​ពាក់ស័ក្ដិ ៥ បាន​ទេ ចំពោះ​ករណី​ខាង​លើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម