ព័ត៌មានជាតិ
ស្រុកសំបូរក្នុងខេត្តក្រចេះ មានក្រុមហ៊ុនធំៗកំពុងវិនិយោគសាងសង់រោងចក្រផលិតស៊ីម៉ង់ រោងចក្រស្ករស តម្លៃទុនរយលានដុល្លារ
ស្រុកសំបូរ គឺជាស្រុកយុទ្ធសាស្ត្រមួយក្នុងចំណោមក្រុងស្រុកទាំង ៧ នៃខេត្តក្រចេះដែលមានចម្ងាយពីទីរួមស្រុក ទៅកាន់ទីរួមខេត្តប្រមាណជា ៣៦ គីឡូមែត្រ។
ស្រុកជាប់ដងទន្លេមួយនេះមានភូមិសាស្រ្តរដ្ឋបាលចែកចេញជា ៦ ឃុំ និង ៣៤ ភូមិ មានប្រជាជនរស់នៅប្រហែល ៥ ម៉ឺននាក់ ស្មើនឹង ១ ម៉ឺនគ្រួសារ។ ពលរដ្ឋភាគច្រើនប្រកបមុខរបរកសិកម្មប្រហែល ៨០%។ នេះបើតាមការឲ្យដឹងពីលោក គង់ មេត្តា អភិបាលស្រុកសំបូរនាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦។

សក្ដានុពលដ៏សំខាន់នៃស្រុកសំបូរ គឺមានតំបន់អេកូទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញតាមដងទន្លេមេគង្គជាមួយដីដ៏មានជីជាតិ សំបូរធនធានធម្មជាតិទាំងនៅលើដីនិងក្នុងទឹក ក្នុងនោះតំបន់ការពារធនធានធម្មជាតិមានសរុប ៤ តំបន់ មានដែនព្រៃឡង់ , ដែនក្ដាន់, ដែនសត្វព្រៃសំបូរ និងដែនអភិរក្សផ្សោត។
អភិបាលស្រុកសំបូរបានឲ្យដឹងថា ស្រុកសំបូរមានទន្លេមេគង្គហូរកាត់ប្រវែងជាង ៦០ គីឡូម៉ែត្រ មានកោះសរុប ១២៥ និងអន្លង់សរុបចំនួន ១៣៧។ បច្ចុប្បន្ន ក្នុងមូលដ្ឋានស្រុកមានក្រុមហ៊ុនធំៗកំពុងវិនិយោគលើវិស័យកសិកម្មរួមមាន ដំណាំអំពៅ, កៅស៊ូ, ដំឡូង, ប្រេងខ្យល់ តាមរយៈដីសប្បទានសេដ្ឋកិច្ចចំនួន ៥ ក្រុមហ៊ុន។



ក្រៅពីនេះក្រុមហ៊ុនផលិតស្ករសរ និង រោងចក្រស៊ីម៉ង កំពុងដំណើរការសាងសង់។ ក្នុងមូលដ្ឋានស្រុកក៏មានរោងចក្រថ្មកំបោរ, ថ្មម៉ាបចំនួន ២ កន្លែង, ក្រុមហ៊ុនរ៉ែមាសកំពុងសាងសង់ និងក្រុមហ៊ុនរុករករ៉ែចំនូន ២ ក្រុមហ៊ុន។
បើតាមលោកអភិបាលស្រុក ស្រុកសំបូរបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍វិនិយោគិនលើវិស័យសំខាន់ៗចំនួន ៣ គឺវិស័យទេសចរណ៍ វិស័យរ៉ែ និងវិស័យកសិ-ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម។
១. សក្ដានុពលវិនិយោគ
-មានទីតាំងបុរាណដ្ឋានអតីតក្រុងសម្ភុបុរៈ, វត្តសសរ ១០០ និងប្រព័ន្ធទេសចរណ៍តាមដងទន្លេមេគង្គ ការទស្សនាផ្សោត និងសហគមន៍អេកូទេសចរណ៍ កោះ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ជាឱកាសសម្រាប់ការវិនិយោគបង្កើតតំបន់អេកូទេសចរណ៍, ផ្ទះសំណាក់បែបធម្មជាតិ (Eco-Resort), កន្លែងកម្សាន្តសម្រាប់ក្រុមគ្រួសារ និងការរៀបចំសេវាដឹកជញ្ជូនទេសចរ។
-សក្ដានុពលវិស័យកសិ-ឧស្សាហកម្ម ដែលដីមានជីជាតិ និងប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ សម្រាប់ការវិនិយោគបង្កើតកសិដ្ឋាន ចំការស្ដង់ដារ, ការបង្កើតរោងចក្រកែច្នៃកសិផល ដូចជា ដំណាំស្រូវ ស្វាយចន្ទី ឬផលិតផលកសិកម្មក្នុងស្រុក ដើម្បីបន្ថែមតម្លៃមុនពេលនាំចេញ។ វិនិយោគិនមិនមែនមកដាំដុះតែមួយមុខទេ តែពួកគេមកដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្ម។
២.ការគាំទ្រពីរដ្ឋបាលដែលនេះគឺជាផ្នែកសំខាន់បំផុតដើម្បីឱ្យវិនិយោគិនមានទំនុកចិត្ត៖
-ក្រោមយន្តការ “ច្រកចេញចូលតែមួយ” ថ្នាក់ខេត្ត ថ្នាក់ជាតិ ក្នុងការជួយសម្របសម្រួលឯកសារច្បាប់ ពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្ម និងការស្នើសុំអាជ្ញាប័ណ្ណផ្សេងៗ។
-ការធានានូវបរិយាកាសសុវត្ថិភាពសម្រាប់ការធ្វើអាជីវកម្ម និងស្ថិរភាពសង្គមក្នុងមូលដ្ឋាន។
-ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវជាតិលេខ ៧ ឆ្លងកាត់, មានផ្លូវកៅស៊ូ AC និង DBST គ្រប់បណ្ដាផ្លូវសំខាន់ៗ រួមទាំងបណ្ដាញផ្លូវផ្សេងទៀតងាយស្រួល លឿនរហ័ស៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


