Connect with us

ព័ត៌មានជាតិ

លោក ស សុខា លើកទឹកចិត្តកម្មករជាង៧ពាន់នាក់ក្នុងខេត្តព្រៃវែង ត្រូវរក្សារោងចក្រទាំង២០៩កន្លែងឱ្យបានជោគជ័យ

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការអបអរសាទរចំពោះវឌ្ឍនភាពវិស័យការងារក្នុងខេត្តព្រៃវែង ដែលមកដល់បច្ចុប្បន្ន មានរោងចក្រ-សហគ្រាសសរុប២០៩កន្លែង បានកំពុងផ្ដល់ឱកាសការងារដល់កម្មករនិយោជិតចំនួន៧ ៥៥៤នាក់។ លោកបានលើកទឹកចិត្តកម្មករនិយោជិតទាំងអស់ ខិតខំបំពេញការងារឱ្យបានល្អ ក្នុងន័យចូលរួមជួយជ្រោមជ្រែងថែរក្សារោងចក្រសហគ្រាសឱ្យមានភាពរីកចម្រើនទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអបអរសាទរ និងលើកទឹកចិត្តដូច្នេះ បានធ្វើឡើងក្នុងពេលដែលលោក បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកម្មករនិយោជិតរោងចក្រ-សហគ្រាស ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ឆ្នាំ២០២៦ នៅក្រុមហ៊ុន អរិន មេនុហ្វេកធឺរីង(ខ្មែរ) ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកឧបនាយករដ្ឋមន្រ្តី ស​ សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ មិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការទាក់ទាញវិនិយោគ ដើម្បីជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ និងការបង្កើនឱកាសការងារជូនពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាខ្ពស់ក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ចមួយ ដែលមានស្ថិរភាពយូរអង្វែង និងបង្កើតការងារសមរម្យប្រកបដោយបរិយាបន្ន ដើម្បីនាំមកនូវសេចក្តីសុខក្សេមក្សាន្ត និងវិបុលភាពជូនពលរដ្ឋគ្រប់រូបថែមទៀតផង។

លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ កែលម្អនូវលក្ខខណ្ឌការងារ និងធានាបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ក្រោមបាវចនា «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។ ជាក់ស្តែងក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីគម្រោងវិនិយោគផ្ទាល់ពីបរទេសសរុប១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោក ស សុខា ក៏បានផ្ដល់អនុសាសន៍មដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ផ្តោតលើការពង្រឹងសុខដុមនីយកម្មនៅកន្លែងការងារ ដោយជំរុញឱ្យនិយោជក និងកម្មករ សហការគ្នាបង្កើតបរិយាកាស ដូចគ្រួសារ មានការយោគយល់ និងសន្តិសុខល្អ ដោយភាគីទាំងអស់ត្រូវគោរពច្បាប់ការងារ និងដោះស្រាយវិវាទតាមយន្តការផ្សះផ្សាដោយសន្តិវិធី ដើម្បីរក្សាស្ថិរភាពផលិតកម្ម កម្មករត្រូវអភិវឌ្ឍជំនាញ និងទទួលយកបច្ចេកវិទ្យាថ្មីៗ ខណៈនិយោជក និងរដ្ឋបន្តលើកកម្ពស់ប្រព័ន្ធឌីជីថល។

ក្រៅពីនេះ លោក ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើសុខុមាលភាព សុវត្ថិភាព ដោយបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង ព្រមទាំងលើកកម្ពស់សុខភាពកម្មករ។ ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះជាប់ជាប្រចាំតាមមូលដ្ឋាន ស្តាប់ និងដោះស្រាយបញ្ហាពលរដ្ឋ ខណៈកម្មករវិញត្រូវប្រុងប្រយ័ត្នចំពោះក្រុមជ្រុលនិយមអូសទាញឱ្យចូលរួមក្នុងចលនាផ្សេង និងប្រុងប្រយត្នខ្ពស់អំពើការឆបោក និងសកម្មភាពខុសច្បាប់នានា។ ក្នុងករណីសង្ស័យ ត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម