Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញអ្នកប្រើប្រាស់យានយន្តគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍មាននិន្នាការកើនឡើង ក្រោយការផ្អាកការផាកពិន័យលើការល្មើសច្បាប់ចរាចរណ៍។ ការអំពាវនាវនេះធ្វើឡើងក្នុងគោលបំណងរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតនៅលើដងផ្លូវឱ្យស្ថិតក្នុងកម្រិតទាបបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលរៀបចំធ្វើឡើងនៅក្នុងក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១៥មិថុនា លោក ស សុខា បានលើកឡើងថា ទោះបីក្រសួងមហាផ្ទៃបានផ្អាកការផាកពិន័យការល្មើសច្បាប់ចរាចរណ៍ជាបណ្តោះអាសន្ន និងជំនួសដោយការអប់រំណែនាំក៏ដោយ ប៉ុន្តែវិធានការសំខាន់ៗមួយចំនួននៅតែបន្តអនុវត្ត ដូចជាការត្រួតពិនិត្យជាតិអាល់កុល និងអាវុធជាតិផ្ទុះជាដើម។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា ការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍នាពេលថ្មីៗនេះ គឺជាសញ្ញាបង្ហាញថា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពសំខាន់ៗ រួមមាន មិនបើកបរលើសល្បឿនកំណត់ មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀន ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់សុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ។

លោក ស សុខា ក៏បានជំរុញឱ្យអ្នកចូលរួមទាំងអស់បន្តផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ទៅកាន់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ ដើម្បីរួមចំណែកកែប្រែឥរិយាបថអ្នកប្រើប្រាស់ផ្លូវ និងលើកកម្ពស់វប្បធម៌គោរពច្បាប់ចរាចរណ៍នៅក្នុងសង្គម។

សូមបញ្ជាក់ថា ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋប្រមាណ ១,៥០០នាក់៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម