Connect with us

ព័ត៌មានជាតិ

អភិបាលស្រុកបាទី ជំរុញរៀបចំបរិស្ថាន និងដាំដើមឈើនៅរមណីយដ្ឋានទន្លេបាទី និងប្រាសាទតាព្រហ្ម ដើម្បីទាក់ទាញទេសចរ

បានផុស

នៅ

លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី ខេត្តតាកែវ បានជំរុញដល់សហគមន៍ទន្លេបាទី រៀបចំបរិស្ថាន និងការដាំដើមឈើរមណីយដ្ឋានទន្លេបាទី និងប្រាសាទតាព្រហ្ម ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកលេងកម្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញណែនាំនេះ​ ធ្វើឡើងនៅពេលលោកអភិបាលស្រុក រួមជាមួយលោកអភិបាលរងស្រុក មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានទន្លេបាទី និងតំបន់ប្រាសាទតាព្រហ្ម ស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ដើម្បីតាមដានការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន ក្នុងតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយនេះ។

ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលស្រុក បានណែនាំ និងជំរុញដល់សហគមន៍ទន្លេបាទី បន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព អនាម័យ និងបរិស្ថាននៅក្នុងបរិវេណរមណីយដ្ឋានទន្លេបាទីទាំងមូលឱ្យកាន់តែល្អប្រសើរ សំដៅបង្កើនភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកលេងកម្សាន្ត។

លោក សាយ វណ្ណៈ ក៏បានបង្ហាញពីគម្រោងដាំដើមឈើផ្កាសងខាងផ្លូវ ចាប់ពីផ្លូវជាតិលេខ២ រហូតដល់រមណីយដ្ឋានទន្លេបាទី ដើម្បីលើកសោភ័ណភាព បង្កើនបរិស្ថានបៃតង និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះ លោកអភិបាលស្រុក បានកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធ ដែលបានខិតខំរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន នៅក្នុងតំបន់រមណីយដ្ឋានបានល្អប្រសើរ ធ្វើឱ្យទីតាំងទេសចរណ៍មានភាពស្អាត និងមានរបៀបរៀបរយ។

ក្រៅពីនេះ លោកអភិបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនអាជីវករ និងអ្នកលក់ដូរប្រចាំថ្ងៃក្នុងតំបន់ទេសចរណ៍ ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ទាំងតម្លៃ និងគុណភាពម្ហូបអាហារ ដើម្បីធានាបាននូវសេវាកម្មល្អ បង្កើនទំនុកចិត្ត និងភាពពេញចិត្តជូនអតិថិជន ភ្ញៀវទេសចរជាតិ និង​ភ្ញៀវ​ទេសចរ​បរទេស​ដែលមកកម្សាន្ត៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម