Connect with us

ព័ត៌មានជាតិ

អភិបាលស្រុកបាទី ចុះអន្តរាគមន៍បញ្ចប់វិវាទបង្ហូរ​ទឹកស្អុយចូលស្រែដោយសន្តិវិធី

បានផុស

នៅ

ដោយការយកចិត្តទុកដាក់លើសុខទុក្ខ និងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី បានដឹកនាំក្រុមការងារចុះសម្របសម្រួលបញ្ចប់វិវាទដ៏រ៉ាំរ៉ៃ រវាងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបង្ហូរទឹកស្អុយចូលក្នុងផ្ទៃដីស្រែ ដោយទទួលបានលទ្ធផលជោគជ័យ និងបញ្ចប់ដោយសន្តិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះអន្តរាគមន៍នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ និងអាជ្ញាធរឃុំត្រពាំងក្រសាំង ចុះពិនិត្យ និងសម្របសម្រួលដោយផ្ទាល់ដល់ទីតាំងកើតហេតុ។

ប្រភពបានឱ្យដឹងថា វិវាទនេះកើតឡើងរវាងភាគីម្ចាស់ផ្ទះឈ្មោះ ខន ស្រីអូន និងភាគីម្ចាស់ស្រែឈ្មោះ ស៊ូ សម្បត្តិ បន្ទាប់ពីមានការបង្ហូរទឹកស្អុយចូលក្នុងដីស្រែ ដែលបង្កឱ្យមានការមិនពេញចិត្តរវាងភាគីទាំងពីរកន្លងមក។
ក្នុងឱកាសចុះពិនិត្យជាក់ស្តែង លោក សាយ វណ្ណៈ បានប្រើប្រាស់វិធីសាស្ត្រដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្អែកលើគោលការណ៍សម្រុះសម្រួល ការយោគយល់គ្នា និងការអធ្យាស្រ័យ ក្នុងនាមជាបងប្អូនរស់នៅក្នុងភូមិជាមួយគ្នា។ ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានធ្វើការណែនាំអំពីផលប៉ះពាល់នៃទឹកស្អុយទៅលើបរិស្ថាន សុខភាពប្រជាពលរដ្ឋ និងជីវភាពកសិកម្មផងដែរ។

បន្ទាប់ពីមានការពិភាក្សា និងសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរ ភាគីទាំងពីរបានព្រមព្រៀងទទួលយកដំណោះស្រាយ និងឯកភាពបញ្ចប់វិវាទដោយសន្តិវិធី ក្រោមការអធ្យាស្រ័យខ្ពស់។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសម្តែងការកោតសរសើរចំពោះការដឹកនាំ និងការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុកបាទី ដែលតែងតែចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព សំដៅរក្សាបាននូវសុខសន្តិភាព សាមគ្គីភាព និងការរស់នៅដោយសុខដុមរមនាក្នុងសហគមន៍៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម