Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ជួបចៃដន្យជាមួយកុមារជាង ១០០ នាក់ នៃអង្គការផ្ទះបាយកុមារ ហើយបានផ្តល់ក្តីអាណិតស្រឡាញ់ដ៏សែនកក់ក្តៅ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជួបដោយចៃដន្យជាមួយក្មេងៗ ជាង ១០០ នាក់ នៃអង្គការផ្ទះបាយកុមារ ហើយបានផ្តល់នូវក្តីអាណិតស្រឡាញ់ដ៏សែនកក់ក្តៅ កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបដោយចៃដន្យនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ជូនដល់ចៅៗ និង ក្មួយៗ នាពេលនេះ ដោយក្តីនឹករលឹក និង ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុត។ ជាមួយគ្នានេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏តែងតែផ្សារភ្ជាប់នូវក្តីស្រឡាញ់ដល់ចៅៗ នៅគ្រប់ទីកន្លែង។

ក្នុងជំនួបចៃដន្យនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ចៅៗ ដើម្បីជាទុនគំនិត និងជាត្រីវិស័យបង្ហាញផ្លូវ រួមមាន ៖ ១.ត្រូវខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ទាំងចំណេះដឹងទូទៅ និង ជំនាញវិជ្ជាជីវៈ ទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ព្រោះមានតែការសិក្សាប៉ុណ្ណោះ ទើបអាចកែប្រែវាសនា និង អនាគតរបស់ខ្លួនឯង និង គ្រួសារបាន។ ២.ត្រូវយកចិត្តទុកដាក់លើការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និង រក្សាអនាម័យខ្លួនប្រាណឱ្យបានល្អជាប្រចាំ ដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ ដែលធ្វើឱ្យខាតបង់ទាំងពេលវេលាសិក្សា និង ថវិកា។ ៣.ជៀសឆ្ងាយពីគ្រឿងញៀន និង អំពើអបាយមុខ ដាច់ខាតកុំប៉ះពាល់ ឬ សាកល្បងគ្រឿងញៀន ល្បែងស៊ីសង និង ការសេពគប់មិត្តភក្តិមិនល្អ ដែលនាំឱ្យខូចអនាគត និង បង្កភាពវឹកវរដល់សង្គមជាតិ។ ៤.ធ្វើជាកូនល្អ សិស្សល្អ និង ពលរដ្ឋល្អ ត្រូវមានសីលធម៌ រស់នៅមានគុណធម៌ ចេះគោរពចាស់ទុំ ស្តាប់បង្គាប់លោកគ្រូអ្នកគ្រូ អាណាព្យាបាល និង អ្នកមានគុណដែលបានជួយជ្រោមជ្រែង។ ៥.រក្សាស្មារតីតស៊ូ និង ក្ដីសង្ឃឹម ដោយមិនត្រូវបោះបង់ក្តីសង្ឃឹមក្នុងជីវិតឡើយ ត្រូវមានការអត់ធ្មត់ ភាពជឿជាក់លើខ្លួនឯង និង តស៊ូជម្នះរាល់ឧបសគ្គ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ។

គួររំលឹកផងដែរថា អង្គការផ្ទះបាយកុមារ គឺជាទីកន្លែងដ៏មានសារៈសំខាន់មួយ ដែលបាននិងកំពុងផ្តល់អាហារដោយឥតគិតថ្លៃជូនដល់កុមារប្រមាណពី ២០០ ទៅ ២៥០ នាក់ ជាប្រចាំរៀងរាល់ថ្ងៃ។ កុមារដែលទទួលបានការឧបត្ថម្ភទាំងនោះ ភាគច្រើនគឺជាកុមាររស់នៅតាមសួនសាធារណៈ កុមារគ្មានផ្ទះសម្បែង កុមារត្រូវរ៉ាប់រងបន្ទុករកស៊ីចិញ្ចឹមគ្រួសារ កុមារមិនមានការយកចិត្តទុកដាក់ថែរក្សាពីអាណាព្យាបាល និង កុមារអនាថារស់នៅក្នុងតំបន់អនាធិបតេយ្យនានាក្នុងរាជធានីភ្នំពេញ។

ទន្ទឹមនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភដល់ លោកគ្រូ-អ្នកគ្រូ ចំនួន ១៥ នាក់ ក្នុង ១ នាក់ ថវិកា ៣ ម៉ឺនរៀល និង ចំពោះក្មេងៗ ជាង ១០០ នាក់ ក្នុងម្នាក់ៗ ថវិកា ១ ម៉ឺនរៀល៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម