Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ គ្រប់រចនាសម្ព័ន្ធត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនគណបក្សតាមអនុសាសន៍ថ្នាក់ដឹកនាំ ដើម្បីបម្រើពលរដ្ឋជាកត្តាចម្បង

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សមាជិក សមាជិកាគ្រប់រចនាសម្ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនគណបក្សតាមអនុសាសន៍ថ្នាក់ដឹកនាំបក្សសម្រាប់ការងារឆមាសបន្ទាប់ជូនដល់សមាជិក សមាជិកា អគ្គលេខាធិការដ្ឋាន និង គ្រប់រចនាសម្ព័ន្ធទាំងអស់បន្តអនុវត្ត ដើម្បីធានាប្រសិទ្ធភាពខ្ពស់ដើម្បីបម្រើពលរដ្ឋជាកត្តាចម្បង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ ឆ្នាំ ២០២៦ និង ទិសដៅការងារបន្តរបស់គណៈចលនាមហាជន កាលពីរសៀលថ្ងៃចន្ទ ៧ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា អគ្គលេខាធិការ អគ្គលេខាធិការរង និង មន្រ្តីគណបក្ស សរុបប្រមាណ ៤៥ រូប។

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន និង លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរង បានធ្វើរបាយការណ៍សង្ខេបអំពីសកម្មភាពការងារក្នុងឆមាសទី ១ ឆ្នាំ ២០២៦ កន្លងមក ដែលរួមមានវឌ្ឍនភាពការងារពីគ្រប់គណៈចលនាជំនាញ អគ្គលេខាធិការដ្ឋាន រចនាសម្ព័ន្ធចលនាមហាជនទូទាំងប្រទេស និង ការងារតាមដានសភាពការណ៍ និង សតិអារម្មណ៍មហាជន ព្រមទាំងទិសដៅការងារបន្ទាប់ជូនអង្គប្រជុំ។

មានមតិដឹកនាំទៅកាន់អង្គប្រជុំ សម្តេចកិត្តិសង្គហបណ្ឌិត ប្រធានគណៈចលនាមហាជន បានធ្វើការថ្លែងអំណរគុណជូនដល់សមាជិក សមាជិកាគ្រប់រចនាសម្ព័ន្ធដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនគណបក្សកន្លងមក។ សម្តេច ក៏បានដាក់ចេញនូវអនុសាសន៍ដឹកនាំសម្រាប់ការងារឆមាសបន្ទាប់ជូនដល់សមាជិក សមាជិកា អគ្គលេខាធិការដ្ឋាន និងគ្រប់រចនាសម្ព័ន្ធទាំងអស់បន្តអនុវត្ត ដើម្បីធានាប្រសិទ្ធភាព និងទទួលបានជោគជ័យជូនគណបក្សលើការបោះឆ្នោតនាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំក៏ទទួលបានការចូលរួមមតិយោបល់លើរបាយការណ៍វឌ្ឍនភាព ក៏ដូចជាការសង្កេតសភាពការណ៍សតិអារម្មណ៍មហាជន ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលជាច្រើនរូបផ្សងទៀតផងដែរ៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម