Connect with us

ព័ត៌មានជាតិ

ធ្វើ​ចត្តាឡីស័ក​ ១០ ថ្ងៃ​ រដ្ឋមន្រ្តី​ការបរទេស ប្រាក់ សុខុន ប្រាប់​ពី​ស្ថានភាព​សុខភាព

បានផុស

នៅ

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស ឯកឧត្តម​ប្រាក់ សុខុន បាន​ប្រាប់​ពី​ស្ថានភាព​សុខភាព នៅពេល​លោក​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រយៈ​ពេល​ ១០ ថ្ងៃ។

ឯកឧត្តម​ប្រាក់ សុខុន ដែល​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅព្រឹត្តិការណ៍ ៣ វិច្ឆិកា បាន​បង្ហោះ​សំណេរ​លើ​បណ្តាញ​សង្គម​ហ្វេសបុក​របស់​លោក ដោយ​ប្រាប់​ពី​កិច្ចការងារ និង​ស្ថានភាព​សុខភាព​របស់​លោ​ក​ក្នុង​រយៈ​ពេល​ចត្តាឡីស័ក​នៅ​ក្នុង​គេហដ្ឋាន។

សូម​អាន​ខ្លឹម​សារ​ទាំងស្រុង ដែល​លោក​បង្ហោះ​ប៉ុន្មាន​នាទី​មុននេះ៖

សួស្តី សហសេវិក សហការីមិត្តភក្តិ បងប្អូនទាំងអស់ ថ្ងៃទី ១២ ខែវិច្ឆិកា នេះគឺចូលដល់ថ្ងៃទី១០ហើយ បើរាប់ពីថ្ងៃដែលខ្ញុំបានទទួលជួបប្រាស្រ័យការងារជាមួយលោករដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារៀងរាល់ថ្ងៃ មានអ្នកសួរសុខទុក្ខខ្ញុំជាហូរហែថា តើខ្ញុំយ៉ាងម៉េចហើយ? មានបញ្ហាអីទេ? មានប្រែប្រួលក្នុងខ្លួនដែរឬអត់? ភាគច្រើនគឺជាមិត្តភ័ក្តិ អ្នកស្រឡាញ់រាប់អានគ្នា បារម្ភពីសុខភាពខ្ញុំ ហើយគេជូនពរឱ្យខ្ញុំចៀសផុតគ្រោះទាំងឡាយ ហើយបានឆាប់ត្រឡប់មកកាន់ជីវភាពធម្មតាឡើងវិញ។

អ្នកខ្លះក៏ភិតភ័យខ្លាចខ្ញុំទទួលការចម្លងមេរោគពីលោករដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលអាចនាំឱ្យរាលដាលដល់អ្នកផ្សេងទៀត ពិសេសក្រោយពេលមន្ត្រីនគរបាលយើងម្នាក់ដែលបំរើការជាអង្គរក្សជូនលោករដ្ឋមន្ត្រី ព្រមទាំងទូតហុងគ្រី និងមន្ត្រីជាន់ខ្ពស់របស់យើង២នាក់ទៀត រកឃើញថាមានមេរោគ Covid-19 ។ តែក៏មានអ្នករាប់អានពីឆ្ងាយៗផ្ញើការសាកសួរសុខទុក្ខ និងជូនពរសុខភាពល្អ និងសុវត្ថិភាព មិនដាច់ដែរ។

ក្រុមគ្រួសារខ្ញុំ អ្នកធ្វើការនៅក្នុងផ្ទះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ និងរូបខ្ញុំផ្ទាល់ បានធ្វើតេស្តចំនួន២ដងហើយ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា ព្រមទាំងមានសុខភាពល្អជាធម្មតា។ តំាងពីថ្ងៃបន្ទាប់ពីទស្សនកិច្ចលោករដ្ឋមន្ត្រីការបរទេសហុងគ្រីមក ខ្ញុំនៅតែរក្សាទំលាប់ប្រចាំថ្ងៃរបស់ខ្ញុំដដែល គឺក្រោកហាត់ប្រាណខ្ទង់ម៉ោង៥ភ្លឺ ទទួលទានអាហារពេលព្រឹកចន្លោះពីម៉ោង ៦:៤៥ ទៅម៉ោង ៧:០០ រួចចូលបន្ទប់ធ្វើការ (ពេលនេះគឺធ្វើការក្នុងផ្ទះ) ដូចកាលមិនទាន់មានករណីព្រឹត្តិការណ៍ ៣ វិច្ឆិកា យ៉ាងដូច្នេះ។

កំដៅក្នុងខ្លួនធម្មតា បាយក៏បាន សម្រាន្តក៏ស្រួល។ ខ្លាចតែឡើងគីឡូទៅវិញទេ!អ្វីដែលប្លែកខុសពីមុន គឺទីមួយ ក្នុងផ្ទះរបស់ខ្ញុំ គឺយើងនាំគ្នាអនុវត្តន៍វិធានការការពារ រិតត្បិតយ៉ាងហ្មត់ចត់ ពាក់ម៉ាស់គ្រប់គ្នា គ្រប់ពេល ពាក់ស្រោមដៃ លាងដៃញឹកញាប់ រក្សាគំលាត និងតាមសង្កេតការប្រែប្រួលយ៉ាងជាប់លាប់។ ទីពីរ ដោយសារតែតម្រូវធ្វើចត្តាឡីស័ក ការជួបភ្ញៀវ ការចូលរួមកម្មវិធីនានាក៏ត្រូវលុប ឬលើកទៅពេលក្រោយ ម្លោះហើយនាំឱ្យខ្ញុំមានពេលទំនេរ យកទៅរៀបចំទុកដាក់ឯកសារឡើងវិញ ពិចារណាពីផែនការការងារតទៅមុខដោយចិត្តត្រជាក់ មិនតក់ក្រហល់ ជំពាក់មុខ ជំពាក់ក្រោយដូចពេលមុន។ ពេលនេះ យើងមើលឃើញអត្ថប្រយោជន៍កាន់តែខ្ពស់នៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយសារតែរាល់ការងារ រាប់ពីការរាយការណ៍ សុំយោបល់និងការសម្រេច ពិគ្រោះពិភាក្សាគ្នា អាចធ្វើឡើងបានដោយងាយតាមរយៈប្រព័ន្ធទំនើបនេះ។

ពេលខ្ញុំសន្ទនាតាមទូរស័ព្ទជាមួយលោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញនោះ លោកបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កឡើងដោយរូបលោក។

លោកបញ្ជាក់អះអាងសារជាថ្មីថា លោកបានធ្វើតេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ។

រូបលោក Péter Szijjártó ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញក្នុងបណ្តាញសង្គមនៅកម្ពុជា។ មានការធ្វើអត្ថាធិប្បាយបែបចំរុះស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ។ យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំលេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌEBA 20% ពីកម្ពុជា។

ឧប្បត្តិហេតុនៃការចម្លងCovid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ។

ខ្ញុំជូនពរឱ្យលោករដ្ឋមន្ត្រីឆាប់ជាសះស្បើយ។ខ្ញុំក៏សូមជូនពរដូចគ្នាដល់មន្ត្រីយើងទាំង០៣រូប ព្រមទាំងលោកឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ឆាប់ជាសះស្បើយ។ ខ្ញុំសូមថ្លែងអំណរគុណ និងជូនពរផងដែរ ដល់សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ដែលបានផ្ញើសារមកជូនពរខ្ញុំក្នុងអំឡុងពេលនេះ ទទួលបានសុខភាពល្អបរិបូណ៌ សិរីសួស្តី ជ័យមង្គល វិបុសុខគ្រប់ប្រការ។ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម