ព័ត៌មានជាតិ
មេឃុំដារបង្ហាញពីផែនការអភិវឌ្ឍន៍ក្នុងឃុំ ខណៈពលរដ្ឋរិះគន់ពីផ្លូវខូចពិបាកធ្វើដំណើរ
ស្ថានភាពផ្លូវក្រួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិជួរជ្រៃ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ មានការខូចខាត និងលេចចេញជាក្រឡុកដុំៗ ធ្វើឲ្យពលរដ្ឋពិបាកដល់ការធ្វើដំណើរម្តងៗ នៅពេលភ្លៀងធ្លាក់ និងរងការរិះគន់ពីពលរដ្ឋនៅលើបណ្ដាញសង្គមហ្វេសបុកផងដែរ។
ដើម្បីឆ្លើយតប និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញការបង្ហោះរិះគន់អំពីស្ថានភាពផ្លូវធ្វើដំណើរមានការខូចខាតនៅក្នុងមូលដ្ឋានខាងលើ លោក ឈាង វត មេឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បានប្រាប់ឲ្យដឹងថា លោកពិតជាទទួលស្គាល់ថា ស្ថានភាពផ្លូវនៅក្នុងភូមិជួរជ្រៃ ឃុំដារ ពិតជាមានការខូចខាត លេចចេញជាក្រឡុកដុំៗពិតប្រាកដមែន។

ទោះជាយ៉ាងណាក៏ដោយ លោកបានស្នើសុំការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងបានពន្យល់ពីហេតុផល ក៏ដូចជាកម្រិតថវិការបស់ឃុំ។
លោកមេឃុំ បានបញ្ជាក់ថា នៅក្នុងឃុំដា មានភូមិរដ្ឋបាលរហូតដល់ទៅ ១០ ភូមិ ហើយផ្លូវលំទាំងអស់មានប្រវែងសរុបជាង ៦០,០០០ គីឡូម៉ែត្រ។ ថវិកាអភិវឌ្ឍន៍របស់ឃុំក្នុងមួយឆ្នាំៗ គឺអាចធ្វើបានតែម្តងមួយភូមិៗប៉ុណ្ណោះ ដោយផ្អែកលើផែនការវិនិយោគ ៣ ឆ្នាំរំកិល និងការវាយតម្លៃជ្រើសរើសយកភូមិណាដែលរងការខូចខាតខ្លាំងជាងគេមុន។
លោកមេឃុំ បានបន្តថា នៅក្នុងអាណត្តិទី៥ នេះ ឃុំបានសម្រេចការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានចំនួន ៤ ទៅ ៦ ភូមិរួចមកហើយ។ ដោយឡែកក្នុងឆ្នាំ២០២៦ ឃុំបានកំពុងផ្តោតលើការជួសជុលផ្លូវនៅភូមិតងួន ដែលជាភូមិជាប់គ្នា និងធ្លាប់រងការខូចខាតខ្លាំងជាងភូមិជួរជ្រៃ។


នៅឆ្នាំ ២០២៧ ខាងមុខ ឃុំមានផែនការច្បាស់លាស់រួចរាល់ក្នុងការបន្តទៅអភិវឌ្ឍ ភូមិជួរជ្រៃ (ដែលជាភូមិចុងក្រោយក្នុងផែនការនៃអាណត្តិ) ដោយគ្រោងធ្វើជា ផ្លូវបេតុង តែម្តង។
លោកបញ្ជាក់បន្ថែមថា ផ្លូវក្នុងភូមិជួរជ្រៃនេះមានប្រវែងសរុប ៤,០៣០ ម៉ែត្រ ហើយចំណុចដែលរងការខូចខាតខ្លាំង ដូចក្នុងវីដេអូបង្ហោះនោះ គឺមានប្រវែងប្រហែល ៧៥០ ម៉ែត្រប៉ុណ្ណោះ ហើយជាផ្លូវខ្នងប្រឡាយ។ ចំពោះរូបភាពផ្លូវដែលរងការខូចខាតបែកភក់ខ្លាំង លោកមេឃុំបានពន្យល់ថា នោះមិនមែនជាផ្លូវលំស្ថិតក្រោមការគ្រប់គ្រងរបស់ឃុំឡើយ ប៉ុន្តែវាជាផ្លូវខ្នងប្រឡាយ ស្ថិតក្នុងគម្រោងរបស់ មន្ទីរធនធានទឹក។
ដោយសារតែរដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោកជាំ បូករួមផ្សំនឹងការធ្វើដំណើរដឹកជញ្ជូនកសិផលធ្ងន់ៗ (ដូចជាដំឡូងមី ស្រូវ អង្ករ) របស់ប្រជាកសិករផងនោះ ទើបធ្វើឱ្យផ្លូវខ្នងប្រឡាយនេះរងការខូចខាត។
មន្ទីរធនធានទឹក ក៏មានទិសដៅអភិវឌ្ឍ និងជួសជុលផ្លូវខ្នងប្រឡាយនេះឱ្យបានល្អប្រសើរ នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះផងដែរ។
ឃុំដារ មានភូមិចំនួន ៤ភូមិ ក្នុងចំណោមភូមិទាំង ១០ គឺភូមិម្រ៉ើម តាងួន ជួរជ្រៃ និងភូមិខ្នងពស់ ជាភូមិនៅជាប់ព្រែតតេ ហើយក៏ជាភូមិដែលរងគ្រោះដោយទឹកជំនន់រាល់ឆ្នាំផងដែរ នារដូវវស្សា។
ជាចុងក្រោយ លោកមេឃុំដារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយថែទាំផ្លូវនៅតាមមុខផ្ទះរៀងៗខ្លួន ដោយជួយលុប ឬកៀរក្រឡុកតូចៗជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើរក្នុងរដូវវស្សានេះ និងសូមឲ្យមានការទុកចិត្តលើថ្នាក់ដឹកនាំមូលដ្ឋាន ដែលតែងតែយកចិត្តទុកដាក់ និងមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ទៅតាមជំហាននីមួយៗ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


