ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌ៧មករា បន្តរឹតបន្តឹងការបង្ក្រាបបទល្មើសOnline scam ខណៈក្រុមជនសង្ស័យបំបែកខ្លួនមកសម្ងំតាមបន្ទប់ជួល
រដ្ឋបាលខណ្ឌ៧មករា ក្រោមការដឹកនាំលោក ថេង សុថុល បានបើកកិច្ចប្រជុំដាក់ផែនការ និងពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងមូលដ្ឋានខណ្ឌ បន្ទាប់ពីអាជ្ញាធរបានចុះប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ នៅតាមទីតាំងជាច្រើន និងរកឃើញជនពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ជាច្រើនករណី កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនោះ លោក ថេង សុថុល បានធ្វើការវាយតម្លៃលទ្ធផលការងារកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ថែម ដោយផ្តោតសំខាន់លើការរឹតបន្តឹងវិធានការត្រួតពិនិត្យ ការស្រាវជ្រាវ និងការបង្ការ ទប់ស្កាត់សកម្មភាពបទល្មើសអនឡាញស្គេមឱ្យកាន់តែមានប្រសិទ្ធភាពនៅទូទាំងមូលដ្ឋានខណ្ឌ។


លោកបានបញ្ជាក់ថា ក្រោយពីមានការបង្ក្រាបជាបន្តបន្ទាប់ ក្រុមជនសង្ស័យបានផ្លាស់ប្តូររបៀបប្រតិបត្តិការ ដោយបំបែកការប្រមូលផ្តុំធំៗដែលធ្លាប់មានមនុស្សច្រើន ទៅជាការស្នាក់នៅ និងប្រមូលផ្តុំជាក្រុមតូចៗ ចាប់ពី៣នាក់ ទៅ៥នាក់ ឬក្រោម ១០នាក់ ក្នុងទីតាំងផ្សេងៗ ដើម្បីគេចវេះពីការត្រួតពិនិត្យរបស់សមត្ថកិច្ច។


ជាមួយគ្នានេះ លោកអភិបាលខណ្ឌបានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់សង្កាត់ និងកម្លាំងពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់លើការត្រួតពិនិត្យទីតាំងស្នាក់នៅ ជាពិសេសផ្ទះជួល បន្ទប់ជួល អគារស្នាក់នៅ និងទីតាំងដែលមានការស្នាក់នៅជាក្រុម ដើម្បីស្វែងរកព័ត៌មាន និងទប់ស្កាត់សកម្មភាពល្មើសច្បាប់ឱ្យបានទាន់ពេលវេលា។

លោក ណុប ផា អភិបាលរងខណ្ឌនៃគណៈអភិបាលខណ្ឌ៧មករា
ក្នុងឱកាសនោះដែរ លោក ណុប ផា អភិបាលរងខណ្ឌ និងជាអ្នកទទួលបន្ទុកការងារនេះ បានឡើងធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការបង្ក្រាប បទល្មើសអនឡាញស្គេមក្នុងមូលដ្ឋានខណ្ឌ។ លោកបានបង្ហាញពីលទ្ធផលនៃការចុះត្រួតពិនិត្យ ការស្រាវជ្រាវ និងការបង្ក្រាបករណីពាក់ព័ន្ធដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងវិធានការបន្តសម្រាប់អនុវត្តនៅពេលខាងមុខ។


អភិបាលរងខណ្ឌរូបនេះ ក៏បានជំរុញឱ្យបន្តផ្សព្វផ្សាយគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញស្គេម ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យមានការចូលរួមផ្តល់ព័ត៌មានដល់អាជ្ញាធរ នៅពេលសង្កេតឃើញសកម្មភាពគួរឱ្យសង្ស័យ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានស្នើឱ្យមានការបន្តត្រួតពិនិត្យអគារខ្ពស់ៗ និង ទីតាំងដែលអាចប្រើប្រាស់ជាកន្លែងប្រមូលផ្តុំ ដោយសារ ទីតាំងទាំងនេះអាចត្រូវបានក្រុមជនសង្ស័យយកទៅប្រើប្រាស់សម្រាប់ធ្វើសកម្មភាពខុសច្បាប់៕ អត្ថបទ៖សំណាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


