Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន​ សែន ណែនាំឱ្យរឹបអូសទ្រព្យសម្បត្តិអ្នកលួចនាំទំនិញពីថៃខុសច្បាប់ និងយកទៅរែកដីធ្វើលេណដ្ឋានទ័ព

បានផុស

នៅ

ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន បានចេញមកព្រមានរឹបអូសទ្រព្យសម្បត្តិឈ្មួញទុច្ចរិត ដែលបន្តលួចនាំចូលទំនិញពីថៃដោយខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជា និងយកឈ្មួញទាំងនេះទៅធ្វើលេណដ្ឋានសម្រាប់កងទ័ព។ សម្ដេច ហ៊ុន សែន ព្រមានខ្លាំងៗទៅកាន់ឈ្មួញខិលខូចដូច្នេះ នាព្រឹកថ្ងៃទី៩ ខែមិថុនា ក្នុងពេលសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ននៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បន្ទាប់ពីកត់សម្គាល់ឃើញថា ថៃបានលើកឡើងថា កម្ពុជាបន្តរត់ពន្ធនាំទំនិញពីថៃចូលមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ហ៊ុន សែន ថ្លែងព្រមានចេញពី ដូច្នេះ៖«មើលតាមទល់ដែន[កម្ពុជា-ថៃ] ទាំងឡាយដាក់ពួកអ្នកនាំទំនិញចូលមកដោយខុសច្បាប់ ដាក់វាមើល រឹបអូសស្អីៗហើយ យកវាទៅរែកដី​ លេងអ៊ីចឹងមើល! »។

សម្ដេច ហ៊ុន សែន បានអះអាងថា បច្ចុប្បន្ន កម្ពុជាអាចផលិតគ្រឿងបរិភោគ ទំនិញ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ គ្មានការខ្វះខាតឡើយ តាំងពីបិទព្រំដែនប្រមាណ១ឆ្នាំមកនេះ ដូច្នេះ មិនចាំបាច់នាំទំនិញពីថៃមកផ្គត់ផ្គង់ទៀតឡើយ។

សម្ដេចតេជោ ក៏បានសម្ដែងការហួសចិត្ត នៅពេលមានឈ្មួញទុច្ចរិត លួចនាំចូលជង្គង់មាន់ ជើងមាន់ ដែលពលរដ្ឋមិនបរិភោគមកលក់ឱ្យពលរដ្ឋខ្មែរ។

គួររម្លឹកថា រាជរដ្ឋាភិបាលធ្លាប់បានប្រកាសថា ក្មេងទំនើងចំនួន៧៩០នាក់ ដែលបញ្ជូនទៅកាន់ពន្ធនាគារខេត្តឧត្ដរមានជ័យ បានចូលរួមយ៉ាងសកម្មក្នុងការងារដាំដុះបន្លែ ចិញ្ចឹមសត្វ ចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យជាតិ។ ការបញ្ជូនក្មេងទំនើងទៅដាំបន្លែ ចិញ្ចឹមសត្វ និងចាក់បេតុង សម្រាប់ធ្វើលេណដ្ឋានជួយការងារកងទ័ព គឺមានគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទាជនជាប់ឃុំ តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង ដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិ។តាមការកត់សម្គាល់ វិធានការរបស់រាជរដ្ឋាភិបាលលើក្មេងទំនើងជាប់ឃុំបែបនេះ ទទួលបានការសាទរ និងគាំទ្រលើសលប់ពីពលរដ្ឋកម្ពុជា៕

ដោយ៖ ង៉ិល ណារ៉ាត់



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម