Connect with us

ព័ត៌មានជាតិ

ឱកាសការងារជាង ១ម៉ឺនកន្លែងរង់ចាំបងប្អូនអតីតពលករ និងយុវជនរកការងារធ្វើក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

បានផុស

នៅ

កំពង់ឆ្នាំង ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ ជា ពិសេស បងប្អូន អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយនាំមកនូវឱកាសការងារជាង ១ម៉ឺនកន្លែងពីក្រុមហ៊ុន រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចចំនួន ៨ ដើម្បីផ្ដល់ការចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗជូនដល់មូលដ្ឋាន នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជិត ៥០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងវេទិកាការងារក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​គូស​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលក្នុងការទាក់ទាញគម្រោងវិនិយោគ បង្កើតការងារ និង​រៀបចំ​វេទិកាដ៏មានប្រសិទ្ធភាពនេះឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេសតាមរយៈក្រសួងការងារក្នុងទិសដៅនាំយកការងារពីក្រុមហ៊ុន រោងចក្រ សហគ្រាស អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET មកផ្សព្វផ្សាយជូនដល់មូលដ្ឋាន។ យន្តការនេះនាំយកការងារ «មកដល់ផ្ទះ» ដែលជួយកាត់បន្ថយទាំងពេលវេលា និងថវិកាដល់បងប្អូនដែលកំពុងរកការងារធ្វើ ជាពិសេសអតីតពលករ។



នាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា បច្ចុប្បន្ន​នៅ​មាន​ឱកាស​ការងារក្នុងស្រុកសរុបជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែល​ជា​ឱកាស​ដ៏​មាន​តម្លៃសម្រាប់បងប្អូនកសាងជីវភាពនៅក្នុងស្រុក និងរួមចំណែកដោយផ្ទាល់ក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។

លោកជំទាវបានពន្យល់យ៉ាងក្បោះក្បាយពីការងារក្នុងស្រុក និងការងារចំណាកស្រុកនៅប្រទេសថៃ ដោយលោកជំទាវគូសបញ្ជាក់ថា ការងារនៅថៃ ប្រឈមហានិភ័យសុវត្ថិភាព ការរើសអើង ខ្វះការគាំពារសុខភាព និងរស់នៅឆ្ងាយពីគ្រួសារ។ ផ្ទុយទៅវិញ ការងារក្នុងស្រុកគឺជាជម្រើសដ៏ប្រសើរដែលផ្ដល់ទាំងសុភមង្គលក្នុងគ្រួសារ និងអត្ថប្រយោជន៍ដ៏លើសលប់ពីបណ្ណ ប.ស.ស. ជាពិសេស ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។



ទន្ទឹមនេះ បងប្អូន​ក៏​មាន​ឱកាស​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃពីកម្មវិធី TVET ១,៥ លាន ដែល​ជា​ការ​យកចិត្តទុកដាក់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ អតីតពលករដែលមានបទពិសោធ និងជំនាញស្រាប់ តែមិនទាន់មានលិខិតបញ្ជាក់គឺមាន «ផ្លូវកាត់» មួយដែលបងប្អូនអាចដាក់ពាក្យធ្វើតេស្តទទួលស្គាល់សមត្ថភាពពីមុន (RPL) ដោយឥតគិតថ្លៃលើវិស័យសំណង់ចំនួន ៨ មុខ។

នៅពេលទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព បងប្អូនមានឱកាសទទួលបានប្រាក់ខែច្រើនជាងមុន។ ចំពោះបងប្អូនដែលចង់ទៅធ្វើការនៅក្រៅប្រទេស ក្រសួង​ខិតខំស្វែងរកទីផ្សារការងារដែលមានស្ដង់ដាខ្ពស់ លក្ខខណ្ឌការងារល្អ និងប្រាក់ខែខ្ពស់ជាងប្រទេសថៃ។ ប្រសិនបើបងប្អូនមានចម្ងល់ ឬស្វែងរកការងារ សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្គូផ្គងការងារ និង ១២៨៦ សម្រាប់ព័ត៌មាន ប.ស.ស.។

សូម​បញ្ជាក់ថា ឱកាសការងារចំនួន ១១ ៩៧០ កន្លែង ដែលត្រូវបាននាំយកមកផ្សព្វផ្សាយក្នុងវេទិកានេះ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌី, រោងចក្រ មីនេបៀ (ខេមបូឌា) ខេត្តពោធិ៍សាត់, និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) និងក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍, ក្រុមហ៊ុន មង្គលអេចអ ឯ.ក ដែលជ្រើសរើសពលករទៅបំពេញការងារនៅប្រទេសជប៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម