ព័ត៌មានជាតិ
ឥណ្ឌាបន្តគាំទ្រកម្ពុជាដោយបើកគម្រោងថ្មីចំនួន២ នឹងជួយកសិករ ចិញ្ចឹមឃ្មុំ និងសិស្សក្រីក្រនៅខេត្តក្រចេះ
កម្ពុជា និងឥណ្ឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoUs) ចំនួន២ ដើម្បីអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Projects-QIPs) ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) នៅខេត្តក្រចេះ ដោយផ្តោតលើការជួយកសិករខ្នាតតូចអភិវឌ្ឍការចិញ្ចឹមឃ្មុំឆ្លាតវៃធន់នឹងអាកាសធាតុ និងផ្តល់កង់ដល់សិស្សក្រីក្រចំនួន២០០នាក់ ដើម្បីសម្រួលការធ្វើដំណើរទៅសាលារៀន និងកាត់បន្ថយការបោះបង់ការសិក្សា។

ការចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ រវាងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងក្រសួងព័ត៌មានកម្ពុជា ក្រោមអធិបតីភាពរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម គម្រោងទាំងពីរនេះ មានគោលបំណងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់សហគមន៍ជនបទក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ក្នុងនោះ គម្រោង «វារីវប្បកម្មឃ្មុំឆ្លាតវៃធន់នឹងអាកាសធាតុសម្រាប់កសិករខ្នាតតូច» នឹងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្ភារៈ និងឧបករណ៍បច្ចេកទេស ដល់កសិករខ្នាតតូចចំនួន៣០នាក់ ដោយផ្តល់អាទិភាពដល់ស្ត្រី និងយុវជន។ គម្រោងនេះក៏នឹងបង្កើតកសិដ្ឋានចិញ្ចឹមឃ្មុំគំរូចំនួន១០កន្លែង និងលើកកម្ពស់ការអនុវត្តកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារយ៉ាងហោចណាស់៣០ភាគរយ តាមរយៈការផលិតទឹកឃ្មុំ និងផលិតផលពាក់ព័ន្ធ។
រីឯគម្រោង «គាំទ្រសហគមន៍សម្រាប់ការសិក្សា-វគ្គ២» នឹងផ្តល់កង់ មួកសុវត្ថិភាព និងដបទឹកដែលអាចប្រើប្រាស់ឡើងវិញ ដល់សិស្សថ្នាក់ទី៥ និងទី៦ ដែលមានជីវភាពខ្វះខាតចំនួន២០០នាក់។ គម្រោងនេះ ជាការបន្តពីវគ្គទី១ ក្នុងគោលបំណងលើកកម្ពស់ការចូលរៀន កាត់បន្ថយអត្រាបោះបង់ការសិក្សា បង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរ និងលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន។

សេចក្តីប្រកាសបានបញ្ជាក់ថា កម្ពុជានៅតែជាដៃគូដ៏មានតម្លៃរបស់ឥណ្ឌា ក្រោម «នយោបាយឆ្ពោះទៅទិសខាងកើត» (Act East Policy) និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ ជារៀងរាល់ឆ្នាំ ប្រទេសឥណ្ឌាបានអនុវត្តគម្រោងដែលមានផ្តល់ផលរហ័ស (QIPs) ចំនួន ១០គម្រោង នៅកម្ពុជា លើវិស័យអាទិភាពនានា រួមមាន វិស័យអប់រំ សុខាភិបាល ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី អនាម័យ កសិកម្ម និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

គិតមកទល់ពេលនេះ គម្រោង QIPs សរុបចំនួន ៧២ ត្រូវបានអនុម័ត ក្នុងនោះ ៥៥គម្រោង ត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈដែល ១៧គម្រោងផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលអនុវត្ត។ គម្រោងទាំងអស់នេះ សុទ្ធតែស្របតាមអាទិភាពអភិវឌ្ឍន៍ដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីៗទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា ដែលផ្តោតលើការផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


