Connect with us

ព័ត៌មានជាតិ

ឥណ្ឌាប្រកាសត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ

បានផុស

នៅ

ឥណ្ឌាបានប្រកាសពីការត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា ដោយសន្យាថា នឹងជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា តាមរយៈការផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញ និងការគាំទ្រផ្នែកបច្ចេកវិទ្យាការពារជាតិ។ ការសន្យាបែបនេះ បានធ្វើឡើងដោយលោកវរសេនីយ៍ឯក Adhishek Arora នាយការិយាល័យអនុព័ន្ធយោធាថ្មីរបស់ឥណ្ឌាប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក Adhishek Arora បានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពកម្ពុជា និងឥណ្ឌា។ លោកអនុព័ន្ធយោធា គូសបញ្ជាក់ថា ឥណ្ឌាស្វាគមន៍ និងត្រៀមខ្លួនបន្តគាំទ្ររាល់សំណើរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពកងទ័ព ស្របតាមតម្រូវការជាក់ស្តែង។

ឥណ្ឌាដែលមានភាពជឿនលឿនក្នុងឧស្សាហកម្មការពារជាតិ ក៏មានលទ្ធភាពគាំទ្រលើបច្ចេកវិទ្យា និងឧបករណ៍ទំនើប ដូចជា ឧបករណ៍ដោះមីន និងដ្រូនស៊ើបការណ៍ផងដែរ។ លោកអនុព័ន្ធយោធាឥណ្ឌា លើកឡើងបន្ថែមដូច្នេះ។

ការលើកឡើងរបស់ភាគីឥណ្ឌាដូច្នេះ ជាការឆ្លើយតបទៅនឹងសំណើរបស់អគ្គមេបញ្ជាការកងទ័ពកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន។ លោក វង្ស ពិសេន បានស្នើឱ្យភាគីឥណ្ឌា បន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព ការដោះមីន កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព ការធ្វើសមយុទ្ធរួម និងការចូលចតនាវា។

លោកអគ្គមេបញ្ជាការ បានអរគុណដល់ភាគីឥណ្ឌាចំពោះការគាំទ្រកម្ពុជាជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសមត្ថភាពកងទ័ពកម្ពុជា តាមរយៈការបង្កើនវគ្គសិក្សាជាច្រើនជំនាញ ព្រមទាំងជោគជ័យនៃសមយុទ្ធទ្វេភាគីកម្ពុជា-ឥណ្ឌា លើកទី២ ក្នុងឆ្នាំ២០២៦កន្លងទៅ ដែលបានរួមចំណែកពង្រឹងនូវសមត្ថភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

គួរឱ្យដឹងថា កាលពីដើមខែឧសភា កងទ័ពជើងគោកកម្ពុជាបានធ្វើសមយុទ្ធយោធារួមគ្នា CINBAX II ជាមួយកងទ័ពជើងគោកឥណ្ឌា រយៈពេល១៥ថ្ងៃ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សមយុទ្ធនេះ បានអនុវត្តសកម្មភាពហ្វឹកហ្វឺនរួមគ្នាជាច្រើន ទាំងនៅក្នុងទីបញ្ជាការ និងលើទីលានអនុវត្តជាក់ស្តែង ផ្តោតទៅលើការពង្រឹងអន្តរប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធវិជ្ជាជីវៈ និងការកសាងទំនុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម