Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនដល់កម្មករជាផ្លូវការ

បានផុស

នៅ

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានឲ្យដឹង​ថា រដ្ឋា​ភិបាលគ្រោង​​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការរបបសន្តិសុខ សង្គមផ្នែកប្រាក់សោធនដល់ កម្មករ និយោជិត នៅពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែមុននឹងដាក់ប្រើប្រាស់ជាផ្លូវការទាមទារឲ្យមន្រ្តី បុគ្គលិកជំនាញ គ្រប់ការិយាល័យ នៃស្នាក់ការបេឡាជាតិសន្តិសុខសង្គម( ប.ស.ស)ត្រូវមានចំណេះដឹងពីរបបសន្តិសុខ សង្គមផ្នែកប្រាក់សោធននេះ ឲ្យបានច្បាស់លាស់ងាយស្រួលក្នុងការបំពេញការងារ។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល “របបសន្តិសុខសង្គមផ្នែកប្រាក់សោធន” របស់បេឡាជាតិសន្ដិសុខ សង្គម ជូនដល់ មន្ត្រី បុគ្គលិកជំនាញ គ្រប់ការិយាល័យ នៃស្នាក់ការ​កណ្ដាល ប.ស.ស. នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ លោក  អ៊ុក សមវិទ្យា បានមានប្រសាសន៍ថា របបសន្ដិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា បង្កើតឡើងក្នុងគោលដៅធានាឱ្យមានសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើក​កម្ពស់​សុខុមាលភាព និង​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទាក់ទងទៅនឹងតាវកាលិកផ្នែកប្រាក់សោធន រួមមានសោធន​ជរា​ភាព សោធនទុព្វលភាព និងសោធនឧត្តរជីវី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ ជាសមិទ្ធផលថ្មី ក្នុងសម័យ​សន្ដិភាព ដូចនេះ មន្រ្តី បុគ្គលិកជំនាញគ្រប់ការិយាល័យទាំងអស់ នៃ ប.ស.ស. ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និង​យល់​ដឹងឱ្យបានច្បាស់ ក្នុងការអនុវត្តតួនាទីរបស់ខ្លួន និងដើម្បីជាមធ្យោបាយក្នុងការផ្សព្វផ្សាយ​ទៅកាន់​សមាជិក ក៏ដូចជាសហគ្រាស គ្រឹះស្ថាន និងអង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ឱ្យយល់ដឹងពីអត្ថ​ប្រយោជន៍​ដែល​ពួកគាត់ត្រូវទទួលបាន។

លោកអគ្គនាយក បានបន្ដទៀតថា«ដោយមានការយកចិត្តទុកដាក់គិតគូរពីសុខុមាលភាព និងជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នឹងដាក់ដំណើរ​ការ នាពេលឆាប់ៗខាងមុខនេះ ហើយបុគ្គលដែលត្រូវគាំពារផ្នែកប្រាក់សោធនមានដូចជាៈ បុគ្គលដែល​ស្ថិត​នៅក្នុងវិស័យសាធារណៈ បុគ្គលទាំង​ឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយ​រួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវា​​សមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យ​និយោជន៍ផងដែរ»៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម