Connect with us

ព័ត៌មានជាតិ

អ្នកវិចនំខ្មែរបោះដុំលក់ នៅខេត្តកំពង់ធំ អាចរកចំណូលបានគួរ សម!

បានផុស

នៅ

(កំពង់ធំ)៖ ជាការពិតណាស់! ការចាប់មុខរបរ ជាអ្នកវិចនំខ្មែរលក់សម្រាប់អ្នកស្រុករស់នៅខេត្តកំពង់ធំ មានការនឿយហត់ និងសាំយ៉ាំច្រើនបន្តិច តែអាចរកចំណូលបានគួរសម ដោយអាចដោះស្រាយការហូបចុកប្រចាំថ្ងៃ និងការសងត្រឡប់ទៅធានាគារជាដើម។

ស្ត្រីឈ្មោះ ដួង រឿន អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិប្រម៉ាត់ដី សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឲ្យដឹង​នៅថ្ងៃទី១៤ ខែកក្កដាថា ខ្លួនបានប្រកបមុខរបរ ជាអ្នកវិចនំលក់តាំងពីបងស្រីរបស់គាត់រៀបការមកម្លេះ ដោយចំណេះវិជ្ជាវិចនំនេះគឺបានម្តាយបង្រៀប ហើយរហូតមកដល់ពេលនេះ គឺជាង១៥ឆ្នាំមកហើយ។ អ្នកស្រីថា បើទោះបីជាការធ្វើនំមានការពិបាកបន្តិច តែជាការពេញនិយមរបស់បងប្អូនប្រជាជនខ្មែរ ដែលចូលចិត្តពិសារនំខ្មែរ ហើយក៏លក់អស់មិនដែលសល់នោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីឈ្មោះ ដួង រឿន បានឲ្យដឹងបន្តថា សម្រាប់នំដែលបោះឲ្យម៉ូយជាងរៀងរាល់ថ្ងៃ មាននំអន្សមជ្រូក នំអន្សមចេក អន្សមដូង នំអន្សមត្នោត នំអាកោត្នោតជាដើម។ នំទាំងនេះ មានតម្រូវការនៅតាមទីផ្សាររហូត ដោយមានអតិថិជនបានទិញយកទៅពិសារ ឬយកទៅប្រារព្វពិធីផ្សេងៗ ហើយបើទោះបីស្ថិតក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ ក៏ចំនួននៃការបញ្ជាទិញមានការកើនឡើង និងអាចរកចំណូលចាប់ពី១៥ ទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយផាត់ថ្លៃអង្ករ ដូង ស្ករស ស្លឹកចេក និងសម្ភារៈវិចខ្ចប់ឯទៀត។

អ្នកស្រី ដួង រឿន បានរំលឹកថា ការវិចនំនេះ គឺត្រូវបានធ្វើឡើងដោយវត្ថុធម្មជាតិពិតៗ ពុំមានការប្រើប្រាស់សារធាតុគីមី និងសារធាតុហាមឃាត់នោះឡើយ ហើយការផលិតនំនេះ ត្រូវបានចាប់ផ្តើមតាំងពីម៉ោង៧ព្រឹក រហូតដល់រសៀលម៉ោង៣ ទើបអាចទំនេរពីការងារ ដោយប្រើប្រាស់កម្លាំងចូលរួមផលិតនំខ្មែរនេះ មានចំនួន៦នាក់ គឺកូនស្រីនិងកូនប្រសារ ដែលបានរៀបចំតាមតួនាទីរៀងៗខ្លួន។ ក្នុងនោះអ្នកវិចនំ៤នាក់ អ្នករៀបស្លឹក និងអ្នកស្ងោរ២នាក់ ទើបអាចផលិត តាមតម្រូវការរបស់ម៉ូយបានទាន់ពេលវេលា៕ (ដោយ)៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម