ព័ត៌មានជាតិ
បំណែកគណបក្ស “សង្គ្រោះជាតិ” មួយក្រុមទៀត ចេញបង្កើតគណបក្សថ្មី
អតីតថ្នាក់ដឹកនាំ និងសកម្មជន នៃអតីតគណបក្សសសង្រ្គោះជាតិមួយក្រុមទៀត បានចេញទៅបង្កើតគណបក្សមួយទៀត ដែលមានឈ្មោះថា “គណបក្សកម្ពុជានិយម” ហើយគណបក្សនេះ ត្រូវបានក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបង្កើតរួចហើយ តែនៅមានបែបបទ និងលក្ខខណ្ឌមួយចំនួនទៀត ដែលត្រូវបំពេញ។

ក្រសួងមហាផ្ទៃ តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែលផ្ញើជូនលោក អូក អ៊ី តំណាងស្ថាបនិកគណក្សកម្ពុជានិយមថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សកម្ពុជានិយម” ដើម្បីចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាមុខ។
គណបក្សកម្ពុជានិយម សរសេរជាអក្សរកាត់ “ប.ក” និងមានអាសយដ្ឋាននៅបុរីពិភពថ្មី កួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លិខិតរបស់សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ដើម្បីអាចធ្វើសកម្មភាពនយោបាយបានដោយស្របច្បាប់ ក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សនេះត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របទៅតាមមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ទាក់ទងការបង្កើតគណបក្សថ្មីនេះ “កម្ពុជាថ្មី” នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីលោក អូក អ៊ី ដែលជាតំណាងស្ថាបនិកគណក្សកម្ពុជានិយមបាននៅឡើយទេ ប៉ុន្តែយោងតាមប្រភពមួយចំនួនបានអះអាងថា ស្ថាបនិកគណក្សកម្ពុជានិយមឈ្មោះ អូក អ៊ី គឺជាអតីតយុវជន និងជាសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ហើយជាក្រុមមនុស្សរបស់លោក យ៉ែម បុញ្ញប្ញទ្ធិ តំណាងរាស្រ្តមណ្ឌលព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអតីតមន្ត្រីជាន់ខ្ពស់ ក៏ដូចជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៤នាក់ហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញ ក្រោយពីអ្នកទាំងនោះ ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយអតីតគណបក្សសង្គ្រោះជាតិ។
រហូតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៦ហើយ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន “គណបក្សឆន្ទៈខ្មែរ” របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ “គណបក្សខ្មែរអភិរក្ស” របស់លោក រៀល ខេមរិន្ទ “គណបក្សខ្មែរស្រឡាញ់ជាតិ” របស់លោក ជីវ កត្តា “គណបក្សកំណែទម្រង់កម្ពុជា” របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន “គណបក្សបេះដូងជាតិ” ដែលត្រូវបានគេអះអាងថា ជារបស់លោក ថាច់ សេដ្ឋា និង “គណបក្សកម្ពុជានិយម” នេះ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


