ព័ត៌មានជាតិ
មកដឹង! មូលហេតុធំៗ ដែលសាលាឯកជនមួយចំនួន មិនអាចឈរជើងបាន និងត្រូវប្រកាសក្ស័យធន
យ៉ាងហោចណាស់! មានសាលារៀនឯកជន៥០ភាគរយ ក្នុងចំណោម១០០សាលា ស្ថិតក្នុងសហព័ន្ធសេវាអប់រំនៅកម្ពុជា បានបិទទ្វារផ្អាកដំណើរការបណ្ដោះអាសន្ន ដោយសារសារតែការអូសបន្លាយ នៃវិបត្តិជំងឺកូវីដ-១៩។ ក្នុងនោះដែរ មានបុគ្គលិកអប់រំ នៅសាលារៀនឯកជន ប្រមាណ១០០០នាក់ ក៏បានរងផលប៉ះពាល់ការងារ ដោយសារតែការផ្អាកដំណើរការសាលារៀននេះ។ ពាក់ព័ន្ធនឹងបញ្ហានេះ មានមតិមានចំនួនឆ្ងល់ថា មូលហេតុអ្វីបានជា សាលារៀនឯកជនផ្អាកដំណើរការ ព្រោះការបង្រៀននៅតែបន្តធ្វើ គ្រាន់តែបង្រៀនតាមអនឡាញ ហើយឪពុក-ម្ដាយ និងអាណាព្យាបាល នៅតែបង់ប្រាក់ជូន ដដែលនោះ?
លោកឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អីធ្យូ ខេសិនគ្រុប (Westline Education Group) បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា មូលហេតុដែលនាំឲ្យ សាលារៀនឯកជនមួយចំនួនទប់ទល់លែងរួច បិទទ្វារផ្អាកដំណើរការនោះ មានកត្តាមួយចំនួនដូចជា៖
ទី១. លែងមានចំណូល ឬក៏ចំណូលតិចតួចពេក។ ត្រង់ចំណុចនេះ លោកឧកញ៉ា ប៉ិច ប៉ូឡែន បានបញ្ជាក់ថា សាលារៀនឯកជនភាគច្រើន គឺបានខិតខំណាស់ ដើម្បីទប់ទល់នឹងស្ថានភាព នៃវិបត្តិជំងឺកូវីដ-១៩ ពិសេសការបង្រៀនតាមប្រព័ន្ធអនឡាញ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា តែសាលារៀនមួយចំនួន នៅតែមិនអាចទប់ទល់បាន។
លោកថា ក្នុងកាលៈទេសៈនេះឪពុក-ម្ដាយ និងអាណាព្យាបាលសិស្សមួយចំនួន ពួកគាត់មានការលំបាកនៅក្នុងរកចំណូល ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះបើកូនរបស់ពួកគាត់នៅតូច ហើយរៀនក្នុងសាលាកម្រិតមធ្យមចុះក្រោមនោះ ពួកគាត់អាចពិចារណាឲ្យកូនផ្អាករៀនសិន ហើយនៅពេលសិស្សមួយចំនួនផ្អាករៀន ក៏ធ្វើឲ្យប៉ះពាល់ដល់សាលារៀនឯកជន ដែលខ្លះផ្អាកបណ្ដោះអាសន្ន និងខ្លះទៀតបិទទ្វារតែម្ដង ជាពិសេសសាលាសម្រាប់បង្រៀនកុមារតូចៗ និងសាលារៀនភាសាបរទេស។ យ៉ាងណាក៏ដោយលោកឧកញ៉ា ប៉ិច ប៉ូឡែន បានបញ្ជាក់ថា សម្រាប់សាលារៀនឯកជន ដែលមានការបង្រៀនតាមកម្មវិធីជាតិ ឬអន្តរជាតិនោះ គឺមាតា-បិតា និងអាណាព្យាបាល មិនហ៊ានឲ្យកូនរបស់ពួកគាត់ឈប់រៀននោះទេ ដោយពួកគាត់យល់ថា ខ្លាចកូនខាតឆ្នាំសិក្សា។
ទី២. មិនអាចរកប្រាក់គ្រប់គ្រាន់ បង់ថ្លៃជួលអគារ ឬផ្ទះ ប្រាក់ខែគ្រូបង្រៀន និងបុគ្គលិក។ ជាការពិត! មិនមែនរាល់ម្ចាស់សាលារៀនឯកជនសុទ្ធតែមានអគារ ឬផ្ទះផ្ទាល់ខ្លួន ដើម្បីបង្កើតសាលារៀននោះទេ។ ពួកគេមួយចំនួន បានជួលអគារ ឬផ្ទះរបស់អ្នកដទៃ ដើម្បីបង្កើតសាលារៀន ហើយដែលត្រូវបង់លុយឲ្យគេប្រចាំខែ ហើយប្រសិនបើឪពុក-ម្ដាយ និងអាណាព្យាបាលសិស្សមួយចំនួន ឲ្យរបស់កូនរបស់ពួកគាត់ផ្អាករៀននោះ នឹងធ្វើឲ្យប៉ះពាល់ដល់សាលារៀនឯកជនមិនខានឡើយ។ ដូច្នេះសាលារៀននោះ មិនអាចរកប្រាក់គ្រប់គ្រាន់ សម្រាប់បង់ថ្លៃជួលអគារ ឬផ្ទះឡើយ។ កន្លងទៅលោកឧកញ៉ា ប៉ិច ប៉ូឡែន ធ្លាប់បានឲ្យដឹងថា ក្នុងសាលារៀនឯកជនមួយ យ៉ាងហោចណាស់ ក៏មានមន្ត្រីបុគ្គលិកពី២០ ទៅ៣០នាក់ដែរ។ ដូច្នេះប្រសិនបើសាលារៀននោះ ពុំមានចំណូលគ្រប់គ្រាន់ ក៏ពិបាកនៅក្នុងបើកប្រាក់ខែជូនពួកគេដែរ ដែលនាំឲ្យសាលារៀនមួយចំនួន បង្ខំចិត្តផ្អាកដំណើរការ ឬក៏បិទទ្វារតែម្ដង។
ទី៣. សាលារៀនឯកជន មានប្រភពចំណូលផ្សេងទៀត ក្រៅពីការបង់ប្រាក់របស់សិស្ស តែប្រសិនបើរៀនតាមអនឡាញ ប្រភពចំណូលនោះ មិនអាចទទួលបានឡើយ។ លោកឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានថ្លែងថា សាលារៀនឯកជន ទទួលបានចំណូលប្រមាណជា២០ ទៅ៣០ភាគរយ ពីប្រភពផ្សេងៗ ដូចជា៖ ការលក់សម្ភារៈសិក្សា និងឯកសណ្ឋាន, ថ្លៃឈ្នួលរថយន្តដឹកសិស្ស, និងថ្លៃជួលកន្លែងលក់ម្ហូបអាហារ និងភេសជ្ជៈជាដើម។ ដូច្នេះប្រសិនបើសាលារៀនឯកជន រៀបចំការបង្រៀនពីចង្ងាយ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩នោះ ចំណូលទាំងនេះ ក៏លែងទទួលបានទៀតដែរ។ ចំណុចនេះ ក៏បានធ្វើឲ្យសាលារៀនឯកជនមួយចំនួន បង្ខំចិត្តផ្អាកដំណើរការ ឬបិទតែម្ដង។
យ៉ាងណាក៏ដោយលោកឧកញ៉ា ប៉ិច ប៉ូឡែន បានបញ្ជាក់ថា សហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមានលោកជាប្រធាន តែងតែជួយជ្រោមជ្រែង សមាជិកក្នុងសហព័ន្ធរបស់លោក ដោយបច្ចុប្បន្នកំពុងផ្តោតសំខាន់ ទៅលើការបណ្ដុះបណ្ដាលជូនគណៈគ្រប់គ្រងសាលា ដើម្បីឲ្យពួកគាត់មានមូលដ្ឋាន ក្នុងរៀបចំបើកដំណើរការសាលារៀនឡើងវិញ នៅពេលវិបត្តិកូវីដ-១៩ថមថយចុះ និងការផ្ដល់ប្រឹក្សាយោបល់ ទៅលើផ្នែកជាច្រើន ថែមទៀត។ ម្យ៉ាងទៀតសហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏បានជួយសម្របសម្រួលជូនសាលារៀនឯកជន ទៅលើការចាក់វ៉ាក់សាំងជូនគ្រូបង្រៀន និងបុគ្គលិកអប់រំ ព្រមទាំងសម្របសម្រួលក្នុងការបញ្ជាទិញ ឧបករណ៍តេស្ដរហ័សរកកូវីដ-១៩ ផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


