Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ ៖ បក្សភ្លើងទៀន រៀប ចំសមាជ ជ្រើសរើសថ្នាក់ដឹកនាំ គឺជាការត្រៀមខ្លួន របស់ក្រុម សម រង្ស៊ី និយម

បានផុស

នៅ

អ្នកវិភាគបញ្ហានយោបាយ បានលើកឡើងថា ការរៀបចំសមាជ របស់គណបក្សភ្លើងទៀន ដែលជាអតីត​គណ​បក្ស​សម រង្ស៊ី ហើយមានលោក ទាវ វ​ណ្ណុល ជាប្រធាន​គណបក្ស ដើម្បីជ្រើសរើស​ថ្នាក់ដឹកនាំ​អាណត្តិ​ថ្មីនោះ គឺជាការ​ត្រៀម​ខ្លួនរបស់ក្រុម​ សម រង្ស៊ី និយម សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ ការលើកឡើងនេះ គ្រាដែលគណបក្ស​ភ្លើងទៀន គ្រោង​រៀបចំ​សមាជ​វិសាមញ្ញ​របស់​ខ្លួន នៅ​ថ្ងៃអាទិត្យ ទី​២២ ខែសីហា ឆ្នាំ​២០២១ខាងមុខនេះ ដើម្បី​ធ្វើ​វិសោធនកម្ម​ប្រការ​មួយចំនួន ​នៃ​លក្ខន្តិកៈ និង​ជ្រើសរើស​ថ្នាក់ដឹកនាំ​អាណត្តិ​ថ្មី។ ក្នុង​នោះ ក៏មាន​ការកំណត់​យុទ្ធ​សាស្ត្រ​នយោបាយ ​របស់​គណបក្ស​ផងដែរ​។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនង​អន្តរជាតិ ​នៃរាជបណ្ឌិត្យសភាកម្ពុជា​ និងជាអ្នកវិភាគបញ្ហា​ន​យោ​​បាយ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី៦ ខែសីហានេះថា ការរៀបចំ​សមាជ​រប​ស់គណបក្សភ្លើងទៀន ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ គណបក្សអាណត្តិថ្មីនោះ គឺ​បានបង្ហាញ ថា ជាការត្រៀមខ្លួន​របស់ក្រុម សម រង្ស៊ី និយម។ លោកថា ក្រុមអតីតគណបក្សសង្រ្គោះជាតិ ដែលរួមគ្នាបង្កើតឡើងដោយ​គណបក្ស​សម រង្ស៊ី (បច្ចុប្បន្នគណបក្សភ្លើងទៀន) និងគណបក្សសិទ្ធិមនុស្សនោះ គឺបានបែកបាក់គ្នាអស់ហើយ គ្រាន់តែ​ភាគី​ម្ខាងៗ មិនហ៊ានប្រកាសថា ចែកផ្លូវគ្នា រវាងក្រុមសម រង្ស៊ី និងកឹម សុខា និយមប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គិន ភា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំយល់ថា វាជាការត្រៀមជើងការណ៍ នៃក្រុមដែលគេហៅថា ក្រុម​សម រង្ស៊ី និយម ឬក៏ក្រុមនិន្នាការនយោបាយ ពីអតីតបក្សភ្លើងទៀនហ្នឹង​ គឺគាត់ត្រៀមជើងការណ៍ ដើម្បីរៀបចំគេ​ហៅថា បក្សនយោបាយផ្ទាល់ខ្លួន ពីព្រោះយើងដឹងថា អតីតសង្រ្គោះជាតិ​ហ្នឹង អ្នកនយោបាយ របស់គាត់ហ្នឹង បែក​ខ្ញែកគ្នាអស់ហើយ ប៉ុន្តែគ្រាន់តែថា ម្នាក់ៗមិនហ៊ានប្រកាសថា បែកគ្នា រវាងក្រុមសម រង្ស៊ី និយម ក្រុមកឹម សុខា និយ​ម មែនទែនបែកបាក់ខ្ទេចខ្ទីហើយ អស់មានអីរួបរួមទេ ហើយអញ្ចឹងទេបានជា គាត់ត្រូវតែត្រៀមជើងការណ៍ សម្រាប់វិលចូលប្រឡុកហ្នឹងឡើងវិញ ហើយតាមពិតម្នាក់គ្រាន់តែមានការ មើលគ្នា តើអ្នកណាប្រកាសដើរចេញមុន អ្នកណាតែប៉ុណ្ណឹង ហើយធាតុពិតហ្នឹង គឺគាត់បែកខ្ញែកគ្នាហើយ គាត់អត់មានភាពត្រូវរ៉ូវគ្នាទេ»។

អ្នកវិភាគបញ្ហានយោបាយរូបនេះ បានលើកឡើងទៀតថា «ហើយពាក្យថា កឹម សុខា ឬសម រង្ស៊ី ជាមនុស្សតែ​មួយ​ហ្នឹង វាគ្រាន់តែជាពាក្យពេចន៍មួយ បិទបាំងការបែកបាក់របស់ពួកគាត់ប៉ុណ្ណឹងទេ»។

ទាក់ទង​ នឹងការរៀបចំសមាជ របស់គណបក្សភ្លើងទៀននេះដែរ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បានលើកឡើងថា គណបក្ស​ភ្លើងទៀន មិនទាន់​មាន​បញ្ហា​អ្វី ​ជាមួយ​ក្រសួងមហាផ្ទៃ​ទេ ហើយ​គណបក្ស ​នៅ​តែ​មាន​រូបភាព​ដដែល គ្រាន់តែ​ថា គណបក្ស​នេះ ដំបូង​ជា​គណបក្ស សម រង្ស៊ី ហើយ​បាន​រួបរួម​គ្នា​ ជាមួយ​គណបក្ស​សិទ្ធិមនុស្ស បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ តែ​គណបក្ស​សង្គ្រោះ​ជាតិ​ រលាយ​បាត់​ទៅ​ហើយ។ ដូច្នេះ​គណបក្ស​នេះ​ នៅ​ដដែល ​មិនបាន​រលាយ​ទេ (A+B=C តែ C រលាយ​ហើយ នៅសល់តែ A និង B) ហើយ​គណបក្ស​នេះ មាន​សិទ្ធ​ធ្វើ​សកម្មភាព​ តាមច្បាប់​ដែលមាន​ចែង​ ស្តីពី ​គណបក្សនយោបាយ​។

យ៉ាងណាក៏ដោយលោក ខៀវ សុភ័គ បានបញ្ជាក់ថា ការ​ធ្វើ​សមាជ ឬ​ការ​ជួបប្រជុំ ដែលមាន​មនុស្ស​ច្រើន ​ត្រូវតែ​សុំច្បាប់​ទៅ​អាជ្ញាធរ ហើយការធ្វើ​បាន ឬ​មិនបាន អាស្រ័យទៅលើ​អាជ្ញាធរ​មូលដ្ឋាន ដែល​ស្នាក់ការ​របស់ គណបក្សភ្លើងទៀន តាំង​នៅ​។

គួររំលឹកថា គណបក្ស​ភ្លើងទៀន ជា​អតីត​គណបក្សសម រង្ស៊ី ហើយ​គណបក្ស​នេះ បាន​ប្ដូរ​ឈ្មោះ​ជា​គណបក្ស​ភ្លើងទៀន​វិញ នៅ​ឆ្នាំ​២០១៧ គឺ​ដើម្បី​ឲ្យ​ស្រប​នឹង​មាត្រា​ថ្មី នៃ​ច្បាប់ ​ស្តីពី​ គណបក្សនយោបាយ ដែល​មាត្រា​ថ្មី​ ក្នុង​ច្បាប់ ​ស្តីពី​ គណបក្សនយោបាយ បាន​កំណត់ថា គណបក្សនយោបាយ មិនអាច​យកឈ្មោះ​របស់​បុគ្គល ទៅធ្វើជា​ឈ្មោះ​គណបក្ស​នោះទេ ហើយក៏​មិនអាច​យក​រូប​រប​ស់បុ​គ្គល ទៅធ្វើជា​សញ្ញា​សម្គាល់​គណ​បក្ស​ដែរ​៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម