ព័ត៌មានជាតិ
សមាគម៣រួមគ្នា លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការយល់ដឹងលើការ ទទួលបានហិរញ្ញប្បទាន របស់សហគ្រិនជាស្រ្តី
សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សមាគមសហគ្រិនស្រ្តីកម្ពុជា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ បានចុះហត្ថលេខា លើអនុស្សារណៈ នៃកិច្ចព្រមព្រៀង ស្តីពី ការលើកកម្ពស់ បរិយាបន្នផ្នែកហិរញ្ញវត្ថុ (Financial Inclusion) និងការយល់ដឹង លើការទទួលបានហិរញ្ញប្បទាន របស់សហគ្រិនជាស្រ្តី។
អនុស្សរណៈ នៃកិច្ចព្រមព្រៀងរវាងសមាគមទាំង៣នេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចូលរួមចំណែកគាំទ្រ ដល់ផែនការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឆ្លើយតប ទៅនឹងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ លើកកម្ពស់ផលិតផលឥណទាន ប្រកបដោយនវានុវត្តន៍ តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោម សហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងក្នុងពិធីនេះថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ នឹងបង្ហាញពីសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែង រវាងសមាគមទាំង៣ ក្នុងការលើកកម្ពស់ និងបញ្ជ្រា បការយល់ដឹង ផ្នែកហិរញ្ញវត្ថុទៅវិញទៅមក និងការសហការគ្នា លើការបណ្តុះបណ្តាល អភិវឌ្ឍទៅគ្រប់ទិដ្ឋភាព នៃវិស័យធនាគារ ជូនដល់សមាជិក ដែលជាសហគ្រិនស្រ្តី លើកកម្ពស់ការយល់ដឹងជាសាធារ ណៈ ទៅលើផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងផលិតផលធនាគារ និងហិរញ្ញវត្ថុ និងលើកកម្ពស់ ការយល់ដឹងលើការ ទទួលបានហិរញ្ញប្បទាន របស់សហគ្រិនស្រ្តី និងសហគ្រាសធុនតូច និងមធ្យម ពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោកបណ្ឌិតបន្តថា «ក្រោមកិច្ចសហប្រតិបត្តិការនេះ សមាគមទាំង៣ នឹងជួយចូលរួមផ្សព្វផ្សាយ និងការលើកកម្ពស់សមភាពយេនឌ័រ (Gender Equality) ហិរញ្ញប្បទានបៃតង (Green Loan) ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) និងទំនួលខុសត្រូវសង្គម (Social Responsibility) តាមរយៈការលើកកម្ពស់ការយល់ដឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព»។
ចំណែកលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលស្តីទី នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងដែរថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំង៣ នឹងក្លាយជាចលករជំរុញបន្ថែម ដល់ការអភិវឌ្ឍ អាជីវកម្ម ដែលគ្រប់គ្រងដោយសហគ្រិនជាស្ត្រី ដើម្បីចូលរួមពង្រឹងសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។
លោកបន្តថា គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទានដល់ អតិថិជនជិត២លាននាក់ ក្នុងទំហំឥណទានសរុប ជាង៧ ៧៣០លានដុល្លារ។ លោកក៏បានគូសបញ្ជាក់ដែរថា ភាគច្រើនលើសលុប នៃអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គឺជាស្ត្រី ដែលស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទាំងនៅទីក្រុង និងជនបទ។

នៅក្នុងឱកាសនោះដែរលោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ រវាងសមាគមទាំង៣ នឹងជួយពង្រឹងសមត្ថភាពសហគ្រិនស្រ្តី ដើម្បីពង្រីកអាជីវកម្ម ឲ្យបានកាន់តែធំជាងមុន។ លោកស្រី ក៏បានលើកឡើងដែរថា ចំណេះដឹងសហគ្រិនស្រ្តីមួយចំនួននៅមានកម្រិត ជាពិសេសទាក់ទង នឹងការធ្វើបញ្ជីគណនេយ្យមួយ ដែលមានភាពជាក់លាក់ និងត្រឹមត្រូវ ព្រមទាំងបញ្ហាផ្សេងៗទៀត ដែលកត្តាទាំងអស់នេះ ធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុពិបាក ក្នុងការផ្តល់កម្ចីដល់សហគ្រិនជាស្រ្តី ឲ្យបានតាមតម្រូវការ។

លោកស្រី បានបន្តទៀតថា ក្រោមកិច្ចសហការនេះ សមាគមហិរញ្ញវត្ថុទាំង២ នឹងជួយពង្រឹងសមត្ថភាពដល់ស្រ្តី តាមរយៈការបណ្តុះបណ្តាល ឲ្យយល់ដឹងស៊ីជម្រៅលើបញ្ជីគណនេយ្យជាក់លាក់ របាយការណ៍ហិរញ្ញវត្ថុ ការកត់ត្រាចំណូលចំណាយ ឲ្យបានត្រឹមត្រូវ ព្រមទាំងស្នើសុំដល់ សមាគមហិរញ្ញវត្ថុទាំង២ ជួយកែសម្រួលបែបបទ ក្នុងការផ្តល់ឥណទាន ដល់សហគ្រិនជាស្រ្តី ឲ្យបានកាន់តែធំទូលាយ មានភាពងាយស្រួលជាងមុន និងអត្រាការប្រាក់សមរម្យ។ លោកស្រី ក៏បានជំរុញលើកទឹកចិត្ត ដល់សហគ្រិនស្រ្តី ចុះបញ្ជីឲ្យបានត្រឹមត្រូវ និងស្របច្បាប់ ដើម្បីទទួលបានឥណទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុ និងដើម្បីកសាងទំនុកចិត្ត ពីគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

សូមជម្រាបថា អនុស្សារណៈ ស្តីពី ការលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ បានចុះហត្ថលេខា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ និងមានសុពលភាព រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ អនុស្សារណៈនៃកិច្ចព្រមព្រៀងនេះ មាន៣ច្បាប់ដើម ដោយភាគីនីមួយៗ រក្សាទុក១ច្បាប់ដើម។ សមាគមទាំង៣ រួមជាមួយ នឹងសមា ជិករបស់ខ្លួន នឹងប្តេជ្ញាអនុវត្ត និងចែករំលែករួមគ្នា ក្នុងលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឲ្យអនុ ស្សារណៈនេះ ទទួលបានលទ្ធផល ដែលឆ្លុះបញ្ចាំងឲ្យបានល្អបំផុត ពីបំណងពិត និង គោលការណ៍ដើម រវាងសមាគមទាំង៣នេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


