ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ កង្វល់របស់អ្នករាយការណ៍ពិសេស មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែង និងទិដ្ឋភាពច្បាប់នៅកម្ពុជាឡើយ
មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការសម្ដែងក្ដីកង្វល់ អ្នករាយការណ៍ពិសេស ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចំពោះការបន្តឃុំខ្លួនបណ្តោះអាសន្ន ទៅលើក្រុមយុវជន៧នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ នឹងករណីញុះញង់នោះ គឺគ្រាន់តែជាការទទួលរបាយការណ៍ ពីក្រុមដែលមាននិន្នាការប្រឆាំង និងផ្អែកទៅលើរូបភាពពីខាងក្រៅប៉ុណ្ណោះ ហើយមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែង និងទិដ្ឋភាពច្បាប់ នៅកម្ពុជានោះឡើយ។
ការចាត់ទុកយ៉ាងដូច្នេះ បន្ទាប់ពីលោក វីធីត ម៉ាន់ត្រាផន អ្នករាយការណ៍ពិសេស ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងអ្នកជំនាញសិទ្ធិមនុស្សមួយចំនួនទៀត បានសម្តែងកង្វល់ទាក់ទង នឹងការបន្តឃុំខ្លួនបណ្តោះអាសន្ន ទៅលើយុវជនទាំង៧នាក់នោះ ដែលរួមមាន៖ កញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក កើត សារ៉ាយ, លោក ថា ឡាវី, កញ្ញា អេង ម៉ាឡៃ, លោក លោក មួង សុភ័ក្រ្ត និង លោក មាន ព្រហ្មមុនី។ ពួកគេទាំង៧នាក់នេះ គឺជាយុវជនក្រុមខ្មែរថាវរៈ និងក្រុមយុវជន នៃសមាគមនិស្សិតបញ្ញវន្តខ្មែរ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១០ ខែសីហានេះថា ការសម្ដែងក្ដីកង្វល់ ពីសំណាក់អ្នករាយការណ៍ពិសេស ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងអ្នកជំនាញសិទ្ធិមនុស្សមួយចំនួនទៀតនោះ គឺគ្រាន់តែផ្អែកទៅលើរូបភាពពីខាងក្រៅ ហើយទទួលរបាយការណ៍ ពីក្រុមដែលមាននិន្នាការប្រឆាំងតែប៉ុណ្ណោះ។ ម្យ៉ាងទៀត វាមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែង និងទិដ្ឋភាពច្បាប់ ដែលមាននៅក្នុងប្រទេសកម្ពុជានោះឡើយ។
លោក ជិន ម៉ាលីន បានថ្លែងថា «បានន័យថា គេអត់ធ្វើការពិចារណា ហើយយើងឃើញថា សេចក្ដីថ្លែងការណ៍ អត់មានមូលដ្ឋានរឹងមាំ ផ្នែកច្បាប់ទាល់តែសោះ គេអត់មានធ្វើការពិចារណា វិភាគ ថាតើសកម្មភាពទាំងអស់នោះ វាជាសកម្មភាពបំពានច្បាប់ដែរ ឬក៏អត់? ហើយវាបង្កើតបានជាបទល្មើស ដែរឬក៏អត់ ទៅតាមបញ្ញត្តិច្បាប់ របស់កម្ពុជា ក្រៅតែពីសន្និដ្ឋាន ដោយគ្មានមូលដ្ឋាន ហើយផ្អែកតែលើរូបភាព…រូបភាពហ្នឹងបានន័យថា ដោយសារយើងអនុវត្តច្បាប់ លើសកម្មជន គេចោទថា អាហ្នឹងជាការរំលោភសិទ្ធិ»។

បើតាមមន្ត្រីជាន់ខ្ពស់ ក្រសួងយុត្តិធម៌រូបនេះ គឺសមត្ថកិច្ចមានមូលដ្ឋាន មានភស្ដុតាង និងសក្ខីកម្មច្បាស់លាស់ ចេញពីការស៊ើបអង្កេត ដោយបានបញ្ជាក់ថា សកម្មភាពរបស់យុវជនទាំង៧នាក់ខាងលើនេះ ជាសកម្មភាពល្មើសច្បាប់ ហើយបានធ្វើការចោទប្រកាន់ និងដំណើរការនីតិវិធី តាមផ្លូវច្បាប់។ ដូច្នេះមធ្យោបាយតាមផ្លូវច្បាប់ ដើម្បីការពារជនជាប់ចោទទាំងនេះ គឺមានតែការស្វែងរកមូលដ្ឋាន ភស្ដុតាង សក្ខីកម្ម ឲ្យបានរឹងមាំតាមផ្លូវច្បាប់ ក្នុងការដោះបន្ទុកទេ ហើយចូលរួមក្នុងដំណើរការនីតិវិធី របស់តុលាការ ទើបអាចជួយបាន។ នេះជាការបញ្ជាក់ របស់លោក ជិន ម៉ាលីន។
អនុប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានគូសបញ្ជាក់ជាចុងក្រោយថា ការចេញសេចក្ដីថ្លែងការណ៍ ឬធ្វើរបាយការណ៍ ដែលមិនមានមូលដ្ឋានរឹងមាំផ្នែកច្បាប់ ក្រៅតែពីការចោទប្រកាន់ គឺមិនមានឥទ្ធិពលផ្នែកច្បាប់នោះទេ នៅក្នុងសង្គមប្រជាធិបតេយ្យ ខណៈដែលសមត្ថកិច្ច មានមូលដ្ឋានភស្ដុតាង និងសក្ខីកម្មច្បាស់លាស់ ផ្អែកតាមទិដ្ឋភាពច្បាប់ របស់កម្ពុជា។
សូមជម្រាបថា យុវជនក្រុមខ្មែរថាវរៈ និងក្រុមយុវជន នៃសមាគមនិស្សិតបញ្ញវន្តខ្មែរ ចំនួន៧នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីអំឡុងខែសីហា និងខែកញ្ញាឆ្នាំ២០២០ ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំង នឹងការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន ដោយសារប្រព្រឹត្តបទល្មើសជាក់ស្តែង និងបានប្រព្រឹត្តបទល្មើសញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ រីឯក្រុមយុវជនទាំង៧នាក់ ដែលចេញមុខតវ៉ានោះ ត្រូវបានតុលាការ ចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


