Connect with us

ព័ត៌មានជាតិ

ក្រុមអ្នកលេងល្បែងស៊ីសង ១៤ នាក់ ដែលល្មើសវិធានការ ត្រូវបញ្ជូនទៅតុលាការ នាព្រឹកនេះ

បានផុស

នៅ

​មនុស្ស១៤នាក់ ដែលជួបជុំគ្នាលេងល្បែងស៊ី ល្មើសនឹងវិធានការ​សុខា​ភិ​បាល និងសេចក្ដីណែនាំរបស់អាជ្ញា​ធរ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នឹងត្រូវបញ្ជូនខ្លួន ទៅតុលាការដើម្បី​ចា​ត់ការ​បន្តតាមច្បាប់ នៅព្រឹកថ្ងៃច័ន្ទនេះ​។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនសង្ស័យចំនួន​១៤នាក់​ ក្នុងករណីល្មើស នឹងវិធានការរបស់ក្រសួងសុខាភិបាល នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ និ​ង​ការបើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់មាន់ តាមអនឡាញ, ភ្នាល់ឡូតូតាម អនឡាញ, និងលេងអាប៉ោង) បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។ លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែង​បញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាន នគរបាល​ខណ្ឌ​ដូនពេញ នឹងបញ្ជូនខ្លួនជនសង្ស័យ​ទាំង១៤​នាក់នេះ ទៅតុលាការនៅព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការ​នគរ​បាលរាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ កម្លាំងនៃអធិការដ្ឋាន នគរ​បាលខណ្ឌដូនពេញ​ ដឹកនាំដោយគណបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ​ និងលោកវរសេនីយ៍ឯក ទៀង ចន្ទសារ អធិការនៃអធិការដ្ឋាន​ រួមទាំងកម្លាំងចម្រុះខណ្ឌប៉ុស្តិ៍​ បានធ្វើការចុះបង្រ្កាបជាក់ស្ដែង ករណីលបលួចបើកល្បែងស៊ីសងខុសច្បាប់ ខុសនឹងវិធានការដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅដីឡូត៍លេខ០៥ ផ្លូវលេខ៩៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបើកល្បែងជល់មាន់តាមអនឡាញ និងចាក់ល្បែងអាប៉ោង។

ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ បានធ្វើការឃាត់ខ្លួនជាក់ស្ដែង មនុស្សសរុប ចំនួន៣១នាក់។ ក្នុងនោះស្រី ២នាក់​ និងដកហូតបាន វត្ថុតាងយកមករក្សាទុករួមមាន​ :

– ម៉ូតូចំនួន ចំនួន១៤គឿង

– ម៉ូតូកង់បីចំនួន ១គឿង

– កង់ចំនួន ១គ្រឿង

– ទូរទស្សន៍ ចំនួន៤គ្រឿង និងលុយមួយចំនួនផងដែរ។ ​

បន្ទាប់មកនៅថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជា របស់​លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ​ និងមានការអនុញ្ញាតពីលោក​ សេង ហៀង ជាព្រះរាជអាជ្ញារង សាលាដំបូង​រាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ធ្វើការកសាងនីតិវិធី បញ្ជូនជនសង្ស័យ ចំនួន១៤នាក់ ទៅតុលាការ ដើម្បីចាត់ការបន្ត។

ពួកគេទាំង១៤នាក់នោះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដែលរួមមាន៖

-អ្នកបើកភ្នាល់ឡូតូអនឡាញ ចំនួន២នាក់

-អ្នកបើកភ្នាល់ជល់មាន់ អនឡាញតាមទូរទស្សន៍ ម្នាក់  

-អ្នកបាញ់អាប៉ោង ម្នាក់

-រួមទាំងមនុស្ស ចំនួន១០នាក់ទៀត ដែលលេងល្បែងស៊ីសង។

ចំណែកមនុស្ស ចំនួន១៧នាក់ផ្សេងទៀត ដែលជាអ្នកឈរមើលហែរហម នៅក្នុងទីតាំងលេងល្បែងខាងលើ ត្រូវបានធ្វើការអប់រំ និងផាកពិន័យតាមអន្តរកាល នៃមាត្រា១៩ នៃច្បាប់ប្រយុទ្ធប្រឆាំងនិងកូវីដ និងមានការធ្វើលិខិតធានាពីឪពុក-ម្តាយ និងអាណាព្យាបាល ឲ្យត្រឡប់ទៅផ្ទះវិញ៕ (ដោយ)៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម