Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា ៖ «អ្វីដែលយើង គួរគប្បីធ្វើ គឺនិន្នាការកម្ពុជានិយម»

បានផុស

នៅ

រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ បានរៀបចំកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធានបទ «​កម្ពុជានៅចន្លោះមហាអំណាចចិន និងសហរដ្ឋអាមេរិក» ដែលបានធ្វើឡើង តាមប្រព័ន្ធវីដេអូអនឡាញ។ លោកបណ្ឌិត គិន ភា ប្រ​ធា​នវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាវាគ្មិនមួយរូប ក្នុងចំណោ​ម​​វាគ្មិន៤រូប បា​ន​ថ្លែងថា ប្រធានបទនេះ សម្រាប់កិច្ចពិភាក្សានៅថ្ងៃនេះ ជាប្រធានមួយដ៏មានសារៈសំខាន់ ហើយ​អាចនិយាយបានថា ប្រធានបទក្ដៅសម្រាប់បច្ចុប្បន្នភាព ដោយមានការលើកឡើងជជែកគ្នាច្រើន។

លោកបណ្ឌិត គិន ភា បានកត់សម្គាល់ថា និន្នាការនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន កំពុងមានការប្រទាញប្រទុងគ្នាខ្លាំង ទៅលើនិន្នាការអ្នកអាមេរិកនិយម ​និងអ្នកចិននិយម។ លោកថា តួអង្គនៃមហាអំណាចចាស់ ថ្មី ក្នុងសណ្ដាប់​ធ្នា​ប់​នៃពិភពលោក គឺអាមេរិក និងចិន កំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង នៅក្នុងសង្វៀនភូមិសាស្ត្រនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា តួនាទីរបស់កម្ពុជា នៅក្នុងកិច្ចការអន្តរជាតិ កិច្ចការតំបន់ ជាពិសេសសមាជិកភាព របស់កម្ពុជានៅក្នុងអាស៊ាន ក៏ប្រហែលអាចជាចំណែកមួយ នៃការប្រទាញប្រទុង ដែល​ធ្វើ​ឲ្យយើង ស្ថិតក្នុងចំណុចកណ្ដាលមួយ រវាងមហាអំណាចពិភពលោកទាំងពីរ ពោលគឺអាចក្លាយជាតួអង្គមួយ ដែល​ទទួលបានការចាប់អារម្មណ៍ ទាំងសហរដ្ឋអាមេរិក និងចិន។

និន្នាការនេះ កំពុងមានការជជែកវែកញែកគ្នាច្រើន នៅក្នុងសង្គមកម្ពុជា ថាតើកម្ពុជា គួរជ្រើសរើសយកចិន ឬគួរ​ជ្រើ​សរើសយកសហរដ្ឋអាមេរិក? សម្រាប់លោកបណ្ឌិត គិន ភា ប្រទេសកម្ពុជាបច្ចុប្បន្ន មិន​មា​ន​និន្នាការចិននិយម ឬសហរដ្ឋអាមេរិកឡើយ ហើយលោកផ្ដល់អនុសាសន៍ថា អ្វីដែលយើងគួរធ្វើ គឺនិន្នាការកម្ពុជានិយម។

លោកបានថ្លែងយ៉ាងដូច្នេះថា «ហើយនិន្នាការនេះ កំពុងមានការជជែកគ្នាច្រើន ថាតើកម្ពុជា​គួរជ្រើសរើសចិន ឬ​ក៏គួរជ្រើសរើស យកសហរដ្ឋអាមេរិក? នេះគឺជាសំណួរ ដែលជជែកដេញដោលគ្នាច្រើនមែនទែន ប៉ុន្តែអ្វីដែល​ខ្ញុំអាចនិយាយបានថា កម្ពុជាបច្ចុប្បន្ន គឺយើងមិនមាននិន្នាការចិននិយម ឬសហរដ្ឋអាមេរិកនិយមទេ អ្វីដែលយើង គួរគប្បីធ្វើ គឺនិន្នាការកម្ពុជានិយម និន្នាការដែលផ្ដល់ផលប្រយោជន៍ សម្រាប់កម្ពុជាយូរអង្វែងសម្រាប់ ប្រជាជាតិ​កម្ពុជា សម្រាប់ប្រជាជនកម្ពុជា»។

លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់បន្ថែមថា «យើងគួរតែចងចាំថា យើងអត់អាចពឹងបរទេសណាមួយ ជាខ្នង​បង្អែក ដោយភ្លេចពង្រឹងខ្លួនឯងនោះទេ»។ ជាមួយគ្នានេះលោកបណ្ឌិត គិន ភា បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ជា​ពិ​សេសយុវជនកម្ពុជាថា ត្រូវចង់ចាំថា ពួកមហាអំណាចមួយចំនួន ឬក៏ថាស្ទើរតែប្រទេសទាំងអស់ នៅលើពិភព​លោ​ក ​ពួ​ក​គេ​ធ្វើនយោបាយ ដើម្បីផលចំណេញ របស់ប្រទេសគេប៉ុណ្ណោះ ដោយប្រទេសទាំងនោះ មិនមែនគេគិតអំពី លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ ឬក៏យុត្តិធម៌ សម្រាប់ប្រជាជាតិយើងនោះឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម